មុខមាត់ពិតរបស់ខ្ញុំ

ការ​មាន​អារម្មណ៍​ថា​ ខ្លួន​មិន​ស័ក្តិ​សម និង​អាម៉ាស់ ចំពោះ​អតីត​កាល ដែល​ខ្វះ​ការ​គោរព​ប្រតិ​បត្តិ ចំពោះ​ព្រះ​ជា​ម្ចាស់ បាន​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន មក​លើ​ផ្នែក​នីមួយ​ៗ​នៃ​ជីវិត​ខ្ញុំ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ តើ​ខ្ញុំ​ត្រូវ​គិត​យ៉ាង​ណា បើ​សិន​ជា​អ្នក​ដទៃ​បាន​ដឹង អំពី​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ដែល​ខ្ញុំ​ធ្លាប់​មាន​កាល​ពី​មុន? ទោះ​ព្រះ​ទ្រង់​បាន​ជួយ​ខ្ញុំ ឲ្យ​មាន​សេចក្តី​ក្លាហាន នៅ​ក្នុង​ការ​អញ្ជើញ​អ្នក​ដឹក​នាំ​ពួក​ជំនុំ ឲ្យ​មក​ញាំ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ព្យាយាម ​ធ្វើ​ខ្លួន ឲ្យ​ហាក់​ដូច​ជា​ល្អ​ឥត​ខ្ចោះ។ ខ្ញុំ​បាន​បោស​សម្អាត​ផ្ទះ​ខ្ញុំ កុំ​ឲ្យ​ឃើញ​មាន​កន្លែង​ប្រឡាក់ និង​រៀប​ចំ​អាហារ​ដែល​មាន​បី​ដំណាក់​កាល ហើយ​ក៏​បាន​ស្លៀក​ខោ​ខៅប៊យ និង​អាវ​ដែល​ល្អ​បំផុត។

ខ្ញុំ​បាន​ប្រញាប់​រត់​ទៅ​បិទ​ទឹក​ស្រោច​ស្មៅ​នៅ​ទីធ្លា​មុខ​ផ្ទះ។ ខ្ញុំ​បាន​ព្យាយាម​មួល​ក្បាល​ទុយោរ​ដែល​បាន​លិច ហើយ​ខ្ញុំ​ក៏បាន​ស្រែក​ឡើង ពេល​ដែល​ទឹក​បាញ់​មក​លើ​ខ្ញុំ ធ្វើ​ឲ្យ​ទទឹក​ខ្លួន​ជោគ។ ខ្ញុំ​ក៏​បាន​យក​កន្សែង​ពោះ​គោ​មក​ជូត​សក់ និង​ជូត​ម្សៅ​នៅ​លើ​មុខ។ ខ្ញុំ​ក៏​បាន​ផ្លាស់​ខោ​អាវ ដោយ​ស្លៀកខោ​ផ្សេង និង​ពាក់​អាវយឺត​វិញ … ពេល​នោះ កណ្តឹង​ទ្វារ​ផ្ទះ​ក៏បាន​បន្លឺ​ឡើង។  ដោយសារ​អារម្មណ៍​នឿយ​ណាយ ខ្ញុំ​ក៏​បាន​សារភាព​ប្រាប់​អ្នក​ដឹក​នាំ​ដែល​ជា​ភ្ញៀវ​នៅ​ថ្ងៃ​នោះ អំពី​រឿង​ដ៏​គួរ​ឲ្យ​អស់​សំណើច​ដែល​បាន​កើត​ឡើង​កាល​ពី​ព្រឹក​មិញ និង​អំពី​បំណង​ចិត្ត​របស់​ខ្ញុំ ដែល​ចង់​ធ្វើ​ឲ្យ​បាន​ល្អ។ តែ​មិត្ត​ភក្តិ​ថ្មី​ម្នាក់​នេះ ក៏​បាន​ចែក​រំលែក​អំពី​ការ​ដែល​នាង​ធ្លាប់​តយុទ្ធ​នឹង​ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ទំនុក​ចិត្ត ដោយ​សារ​កំហុស​ពី​អតីត​កាល។ បន្ទាប់​ពី​យើង​បាន​អធិស្ឋាន​ហើយ នាង​ក៏​បាន​អញ្ជើញ​ខ្ញុំ ឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​របស់​នាង ដែល​មាន​សុទ្ធ​តែ​អ្នក​បម្រើ​ដែល​មិន​ល្អ​ឥត​ខ្ចោះ របស់​ព្រះ​ជា​ម្ចាស់។

សាវ័ក​ប៉ុល​បាន​ទទួល​យក​ជីវិត​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ ដោយ​មិន​បាន​បណ្តោយ​ឲ្យ​អតីត​កាល រារាំង​គាត់​មិន​ឲ្យ​បម្រើ​ព្រះ​អម្ចាស់​ឡើយ​(១ធីម៉ូថេ ១:១២-១៤)។ ដោយ​សារ​សាវ័ក​ប៉ុល​ដឹង​ថា ព្រះ​រាជ​កិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​លើ​ឈើ​ឆ្កាង បាន​ជួយ​សង្រ្គោះ និង​កែ​ប្រែ​គាត់ ដែល​ជា​អ្នក​មាន​បាប​ដែល​អាក្រក់​បំផុត គាត់​ក៏​បាន​សរសើរ​ដំកើង​ទ្រង់ ហើយ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ឲ្យ​ថ្វាយ​ព្រះ​កិត្តិ​នាម និង​ស្តាប់​បង្គាប់​ទ្រង់(ខ.១៥-១៧)។

ពេល​ដែល​យើង​ទទួល​ព្រះ​គុណ និង​ការ​អត់​ទោស​បាប​របស់​ព្រះ​ជា​ម្ចាស់ យើង​បាន​ទទួល​សេរីភាព​រួច​ពី​អតីត​កាល​របស់​យើង។ យើង​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ តែ​ព្រះ​ទ្រង់​បាន​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង បាន​ជា​យើង​គ្មាន​ហេតុ​ផល​អ្វី ដែល​ត្រូវ​ខ្មាស់ នៅ​ក្នុង​ការ​បង្ហាញ​មុខ​មាត់​ពិត​របស់​យើង ខណៈ​ពេល​ដែល​យើង​បម្រើ​អ្នក​ដទៃ ដោយ​អំណោយ​ទានដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​នោះ​ឡើយ។—XOCHITL DIXON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles