មានបុរសម្នាក់បានប្តឹងស្រ្តីម្នាក់ ដោយអះអាងថា សត្វឆ្កែដែលនៅជាមួយស្រ្តីនោះ គឺជាឆ្កែរបស់គាត់។ នៅក្នុងតុលាការ ស្រ្តីនោះក៏បាននិយាយថា សត្វឆ្កែនោះមិនមែនជារបស់បុរសនោះទេ ព្រោះខ្លួនបានទិញឆ្កែនោះ។ គេក៏បានស្គាល់អត្តសញ្ញាណរបស់ម្ចាស់ឆ្កែពិតប្រាកដ ពេលដែលចៅក្រមព្រលែងសត្វឆ្កែនោះនៅកន្លែងកាត់ក្តី។ សត្វឆ្កែនោះក៏បានបក់កន្ទុយវិចៗ ហើយភ្លាមៗនោះ វាក៏បានរត់ទៅរកបុរសនោះ!
ស្តេចសាឡូម៉ូន គឺជាចៅក្រម នៅក្នុងនគរអ៊ីសា្រអែលកាលពីសម័យបុរាណ។ មានពេលមួយ ទ្រង់ត្រូវកាត់ក្តី ឲ្យបញ្ហាទំនាស់ដែលស្រដៀងនឹងរឿងខាងលើ។ មានស្រ្តីពីរនាក់សុទ្ធតែអះអាងដូចគ្នាថា ខ្លួនជាម្តាយរបស់ទារកម្នាក់។ បន្ទាប់ពីទ្រង់ពិចារណាអំពីទំនាស់នោះហើយ ទ្រង់ក៏បានឲ្យគេយកដាវមកកាត់ក្មេងនោះជាពីរកំណាត់ស្មើគ្នា។ ស្រ្តីដែលជាម្តាយពិតប្រាកដរបស់ក្មេងនោះ ក៏បានអង្វរទ្រង់ ឲ្យប្រទានក្មេងនោះទៅស្រ្តីម្នាក់ទៀតចុះ ដើម្បីជួយសង្រ្គោះជីវិតកូនប្រុសរបស់នាង បើសិនជានាងមិនអាចយកកូននោះមកវិញ(១ពង្សាវតាក្សត្រ ៣:២៦)។ ស្តេចសាឡូម៉ូនក៏បានកាត់ក្តី ឲ្យកូនតូចនោះ បានទៅនាងវិញ។
យើងត្រូវការប្រាជ្ញា ដើម្បីកាត់សេចក្តី រកយុត្តិធម៌ រកខុសត្រូវ។ បើយើងពិតជាឲ្យតម្លៃ ចំពោះប្រាជ្ញាមែន នោះយើងអាចទូលសូមព្រះជាម្ចាស់ ឲ្យជួយយើង ឲ្យមានចិត្តដែលប្រកបដោយប្រាជ្ញា ដូចដែលស្តេចសាឡូម៉ូនបានអធិស្ឋានទូលសូមផងដែរ(ខ.៩)។ ព្រះទ្រង់អាចឆ្លើយតបការទូលសូមរបស់យើង ដោយជួយយើងឲ្យចេះថ្លឹងថ្លែងតម្រូវការ និងសេចក្តីប៉ងប្រាថ្នារបស់យើង ឲ្យមានតុល្យភាពជាមួយនឹងប្រយោជន៍របស់អ្នកដទៃ។ ទ្រង់ក៏អាចជួយយើង ឲ្យចេះថ្លឹងថ្លែង អំពីផលប្រយោជន៍ដែលមានរយៈពេលខ្លី ជាមួយផលប្រយោជន៍ដែលមានរយៈពេលវែង(ជួនកាល ផលប្រយោជន៍ដ៏អស់កល្បជានិច្ច) ដើម្បីឲ្យយើងអាចថ្វាយព្រះកិត្តិនាមដល់ទ្រង់ តាមរយៈការរស់នៅរបស់យើង។
ព្រះនៃយើង មិនគ្រាន់តែជាចៅក្រមដែលមានប្រាជ្ញាឥតខ្ចោះប៉ុណ្ណោះទេ តែទ្រង់ក៏ជាអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួន ដែលស្ម័គ្រព្រះទ័យប្រទានប្រាជ្ញា ដែលមកពីទ្រង់ ជាបរិបូរ(យ៉ាកុប ១:៥)។—JENNIFER BENSON SCHULDT