លោកធីម(Tim) គឺជាអ្នកជិតខាងរបស់ខ្ញុំ។ គាត់មានរូបតុក្កតាតូចមួយ នៅពីលើតាបឡូឡានរបស់គាត់។ វាជារូបតុក្កតា “សត្វចម្លែក” ដែលជាតួអង្គក្នុងសៀវភៅរឿងសម្រាប់កុមារ ដែលមានចំណងជើងថា កន្លែងរបស់សត្វចម្លែក។
កាលពីពេលកន្លងទៅ លោកធីមបានបើកឡានតាមពីក្រោយខ្ញុំ ក្នុងចរាចរណ៍ដ៏មមាញឹក ហើយក៏បានបើកឡានស្ទុះទៅមុខយ៉ាងលឿន ដើម្បីឲ្យទាន់ខ្ញុំ។ ពេលយើងទៅដល់ ខ្ញុំក៏បានសួរគាត់ថា “តើមុននេះ អ្នកបានឲ្យសត្វចម្លែកនោះបើកឡានរបស់អ្នកឬ?”
នៅថ្ងៃអាទិត្យបន្ទាប់ ខ្ញុំក៏បានភ្លេចយកក្រដាសអធិប្បាយព្រះបន្ទូលមកព្រះវិហារ។ ខ្ញុំក៏បានប្រញាប់បើកឡានលឿនដូចហោះ ចេញពីព្រះវិហារ ដើម្បីទៅយកក្រដាសនោះ ហើយក៏បានជ្រួសគ្នាជាមួយនឹងលោកធីម ដែលកំពុងតែបើកបរតាមផ្លូវនោះដែរ។ ក្រោយមក ពេលយើងជួបគ្នា គាត់ក៏បាននិយាយលេងថា “តើអ្នកបានឲ្យសត្វចម្លែកនោះ បើកឡានរបស់អ្នកឬ?” យើងក៏បានអស់សំណើច ប៉ុន្តែ គាត់បាននិយាយប៉ះពាល់ចិត្តខ្ញុំ។ តាមពិត ខ្ញុំគួរតែមានការប្រុងប្រយ័ត្ន នៅក្នុងការបើកបរឲ្យត្រូវល្បឿនកំណត់។
ពេលដែលព្រះគម្ពីរពិពណ៌នា អំពីអត្ថន័យនៃការរស់នៅ ដោយមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ គឺព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យ “ថ្វាយផ្នែកទាំងអស់នៃខ្លួនយើង” ដល់ទ្រង់(រ៉ូម ៦:១៣)។ ខ្ញុំក៏បានចាត់ទុកការឆ្លើយតបរបស់លោកធីមនៅថ្ងៃនោះ ជាការរំឭកដ៏ស្រទន់ មកពីព្រះជាម្ចាស់ ឲ្យថ្វាយ “ជើងរបស់ខ្ញុំដែលជាន់ឈ្នាន់ល្បឿនរបស់ឡាន” ដល់ទ្រង់ ព្រោះខ្ញុំត្រូវថ្វាយគ្រប់ទាំងអស់ ដល់ទ្រង់ ដោយសេចក្តីស្រឡាញ់។
មនុស្សគ្រប់គ្នាសុទ្ធតែអាចសួរខ្លួនឯងថា “តើនរណាជាអ្នកបើកបរ?” តើយើងបានអនុញ្ញាតឲ្យ “សត្វចម្លែក” ដែលជានិស្ស័យសាច់ឈាមនៃអំពើបាបចាស់ ដឹកនាំជីវិតយើង ដោយការព្រួយបារម្ភ ការភ័យខ្លាច ឬភាពអាត្មានិយម ឬយើងចុះចូលនឹងព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះ ដែលជួយយើងឲ្យមានការលូតលាស់ឬ?
ការថ្វាយដាច់ដល់ព្រះ គឺជាការល្អសម្រាប់យើង។ ព្រះគម្ពីរបានប្រាប់យើងថា ប្រាជ្ញារបស់ព្រះ ដឹកនាំយើង ទៅតាម “ផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្តីសុខដែរ”(សុភាសិត ៣:១៧)។ យកល្អ យើងត្រូវដើរតាមការដឹកនាំរបស់ទ្រង់។—JAMES BANKS