មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះឆាដ(Chad) បានធ្វើជាអ្នកគង្វាលចៀម អស់រយៈពេល១ឆ្នាំ ក្នុងរដ្ឋវាយអូមីង។ គាត់ប្រាប់ខ្ញុំថា “សត្វចៀមល្ងង់ខ្លាំងណាស់ ពួកវាស៊ីតែចំណីដែលនៅពីមុខវាប៉ុណ្ណោះ។ ពេលពួកវាបានស៊ីស្មៅដែលនៅពីមុខវាអស់ហើយ ពួកវាមិនបែរទៅរកស្មៅថ្មីៗ នៅកន្លែងផ្សេងទេ ហើយបែរជាស៊ីដី ដែលនៅមុខពួកវាទៅវិញ!”
យើងក៏បានអស់សំណើច ហើយខ្ញុំក៏បានគិតដល់ការបង្រៀនក្នុងព្រះគម្ពីរ ដែលបានប្រៀបធៀបមនុស្ស ជាមួយសត្វចៀមជាញឹកញាប់។ ហេតុនេះហើយបានជាយើងរាល់គ្នាត្រូវការអ្នកគង្វាលម្នាក់! ប៉ុន្តែ ដោយសារសត្វចៀមល្ងង់ខ្លាំង នោះមិនមែនអ្នកគង្វាលទាំងអស់សុទ្ធតែអាចថែទាំពួកវាបានឡើយ។ សត្វចៀមត្រូវការអ្នកគង្វាលម្នាក់ ដែលយកចិត្តទុកដាក់ចំពោះពួកវា។ ពេលដែលហោរាអេសេគាលសរសេរសំបុត្រផ្ញើទៅរាស្រ្តរបស់ព្រះ ដែលកំពុងស្ថិតក្នុងការនិរទេស ជាឈ្លើយសង្រ្គាម ក្នុងចក្រភពបាប៊ីឡូន គាត់បានប្រៀបប្រដូចពួកគេ ទៅនឹងសត្វចៀម ដែលពួកអ្នកគង្វាលអាក្រក់បានដឹកនាំ។ អ្នកដឹកនាំរបស់ប្រជាជនអ៊ីស្រាអែលមិនបានថែទាំហ្វូងចៀមទេ ផ្ទុយទៅវិញ បែរជាគេងប្រវ័ញ្ច យកផលចំណេញពីពួកគេ(ខ.៣) ហើយបន្ទាប់មក ក៏បានទុកពួកគេចោល ឲ្យសត្វព្រៃមកហែកស៊ីជាអាហារ(ខ.៥)។
ប៉ុន្តែ ពួកគេមិនមែនគ្មានសង្ឃឹមនោះឡើយ។ ព្រះដែលជាអ្នកគង្វាលល្អ បានសន្យាថា នឹងរំដោះពួកគេ ឲ្យរួចពីអ្នកដឹកនាំដែលគេងប្រវ័ញ្ចពួកគេ។ ព្រះអង្គបានសន្យាថា នឹងនាំពួកគេត្រឡប់ទៅស្រុកកំណើតវិញ នៅកន្លែងមានវាលស្មៅខៀវខ្ចី ហើយឲ្យពួកគេបានសម្រាក។ ព្រះអង្គនឹងប្រោសរបួសរបស់ពួកគេឲ្យជា ហើយតាមរកចៀមដែលបាត់បង់(ខ.១១-១៦)។ ទ្រង់នឹងដេញសត្វព្រៃចេញ ដើម្បីឲ្យហ្វូងចៀមទ្រង់មានភាពសុខសាន្ត(ខ.២៨)។
សមាជិកនៃហ្វូងចៀមរបស់ព្រះជាម្ចាស់ ត្រូវការការថែទាំ និងការដឹកនាំដ៏ស្រទន់។ យើងពិតជាមានពរណាស់ ដែលមានអ្នកគង្វាល ដែលតែងតែដឹកនាំយើង ទៅរកវាលស្មៅខៀវខ្ចីជានិច្ច!(ខ.១៤)។—AMY PETERSON