ការប្រកួតរត់ប្រណាំង ស្ទីវិន ថុមស៊ុន មែម៉ូរាល សែនធីភីត គឺជាការរត់ប្រណាំជាក្រុម ដែលមានការចូលរួម ពីកីឡាករមកពីគ្រប់ទិសទី នៅសហរដ្ឋអាមេរិក។ ក្នុងការប្រកួតនេះ សមាជិកនីមួយៗ ក្នុងក្រុមដែលមានគ្នា៧នាក់ត្រូវរត់ជាក្រុម ដោយកាន់ខ្សែតែមួយ ក្នុងចម្ងាយ៣គីឡូម៉ែត្រដំបូង នៃចម្ងាយសរុបប្រហែល៥គីឡូម៉ែត្រ។ ពេលក្រុមនីមួយៗរត់ដល់គំនូស៣គីឡូម៉ែត្រហើយ ពួកគេក៏បានទម្លាក់ខ្សែចោល ហើយរត់ប្រណាំងជាលក្ខណៈបុគ្គល ឲ្យទៅដល់ទីរៀងៗខ្លួន។ ដូចនេះ ពេលវេលាសរុបដែលកីឡាករម្នាក់ៗ ចំណាយក្នុងការប្រកួតនេះ គឺជាការបូកផ្សំនៃរយៈពេលដែលពួកគេរត់ជាក្រុម ជាមួយនឹងរយៈពេលដែលពួកគេរត់ជាលក្ខណៈបុគ្គល។
ឆ្នាំនេះ ក្រុមរបស់កូនស្រីខ្ញុំបានប្រើយុទ្ធសាស្រ្តមួយ ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ពួកគេបានដាក់អ្នករត់លឿនជាងគេ នៅខាងមុខ ហើយអ្នករត់យឺតជាងគេនៅពីក្រោយនាង។ នាងក៏បានពន្យល់ថា គោលដៅរបស់ពួកគេ គឺដើម្បីឲ្យអ្នកពូកែរត់ជាងគេស្ថិតនៅចម្ងាយជិតអ្នករត់យឺត ល្មមនឹងអាចនិយាយលើកទឹកចិត្តពួកគេ។
ផែនការរបស់ពួកគេ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរមួយ នៅក្នុងព្រះគម្ពីរហេព្រើរ។ ព្រះគម្ពីរហេព្រើរ បានជំរុញយើង ឲ្យ “កាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះ”(ហេព្រើរ ១០:២៣) ហើយ “ពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ខ.២៤)។ មានមធ្យោបាយជាច្រើន ដែលយើងអាចប្រើ ដើម្បីអនុវត្តតាមការបង្រៀននេះ ប៉ុន្តែ អ្នកនិពន្ធបាននិយាយសង្កត់ធ្ងន់ អំពីមធ្យោបាយមួយ គឺ“ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង”(ខ.២៥)។ ការជួបជុំជាមួយអ្នកជឿដទៃទៀត តាមដែលអាចធ្វើទៅបាន គឺជាផ្នែកដ៏សំខាន់នៃការរស់នៅ ដោយជំនឿ។
ការរត់ប្រណាំងនៃជីវិត អាចធ្វើឲ្យយើងមានអារម្មណ៍ថា ពិបាកលើសលទ្ធភាពដែលយើងអាចធ្វើបាន នៅពេលខ្លះ ហើយយើងប្រហែលជាត្រូវបានល្បួង ឲ្យទម្លាក់ខ្សែចោល ដោយការអស់សង្ឃឹម។ ខណៈពេលដែលយើងរត់ទៅជាមួយគ្នា ចូរយើងលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យរត់ទៅមុខ ដោយភាពរឹងមាំ។—KIRSTEN HOLMBERG