ក្នុងចំណោមពាក្យមនោសញ្ចេតនារាប់ពាន់ពាក្យ ដែលគេបានបោះពុម្ភផ្សាយ នៅលើកាតប៉ូស្តាល់ ប្រហែលជាមានពាក្យមួយឃ្លា ស្ថិតក្នុងចំណោមពាក្យដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត។ វាជាពាក្យ ដែលគេសរសេរថា “សូមអរគុណ ដែលអ្នកគឺជាអ្នក”។ បើអ្នកបានទទួលកាតនោះ អ្នកដឹងថា មានគេយកចិត្តទុកដាក់ចំពោះអ្នក មិនមែនដោយសារអ្នកបានធ្វើអ្វីដែលពិសេសសម្រាប់គាត់នោះទេ តែគឺដោយសារតែអ្នកមានតម្លៃសម្រាប់គាត់។
ខ្ញុំក៏បានឆ្ងល់ថា តើពាក្យមនោសញ្ចេតប្រភេទនេះ អាចស្ថិតក្នុងចំណោមពាក្យល្អបំផុត សម្រាប់ឲ្យយើងនិយាយ “អរព្រះគុណ” ដល់ព្រះជាម្ចាស់ឬទេ? ជាការពិតណាស់ មានពេលដែលព្រះទ្រង់បានធ្វើការក្នុងជីវិតយើង តាមរបៀបដែលយើងអាចមើលឃើញ ហើយយើងក៏និយាយថា “ព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអនុញ្ញាតឲ្យទូលបង្គំមានការងារនេះ”។ ប៉ុន្តែ ភាគច្រើនយើងអាចគ្រាន់តែនិយាយថា “ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលព្រះអង្គគឺជាព្រះ”។
ការអរព្រះគុណ ដូចនេះ គឺបានបង្កប់នៅពីក្រោយ បទគម្ពីរមួយចំនួន ដែលមានដូចជា ១របាក្សត្រ ១៦:៣៤ ជាដើម ដែលបានចែងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្តីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច”។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គជាព្រះ ដែលល្អ និងមានសេចក្តីស្រឡាញ់។ ហើយបទគម្ពីរទំនុកដំកើង ៧:១៧ បានថ្លែងថា “ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្តីសុចរិតទ្រង់”។ ហើយ “ចូរយើងចូលទៅចំពោះទ្រង់ ដោយអរព្រះគុណ
… ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ”(ទំនុកដំកើង ៩៥:២-៣)។ ទូលបង្គំ សូមអរព្រះគុណព្រះអង្គ ដ្បិតទ្រង់គឺជាព្រះ ដ៏មានចេស្តា ព្រះនៃចក្រវាល។
ដោយសារព្រះទ្រង់ជាព្រះ នោះយើងមានហេតុផល ដើម្បីនឹងផ្អាកអ្វីដែលយើងកំពុងតែធ្វើ ហើយសរសើរដំកើង និងអរព្រះគុណព្រះអង្គ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គគឺជាព្រះ។—DAVE BRANON