វេជ្ជបណ្ឌិត ប៉ុល ប្រ៊ែន(Paul Brand) គឺជាបេសកជនពេទ្យដំបូង ដែលបានទៅបំពេញបេសកកម្មនៅប្រទេសឥណ្ឌា នៅសតវត្សរ៍ទី២០។ គាត់បានឃើញស្លាកស្នាមនៃជម្ងឺឃ្លង់ ដោយផ្ទាល់ភ្នែក។ ក្នុងអំឡុងពេលនៃការណាត់ជួបអ្នកជម្ងឺ គាត់ក៏បានប៉ះអ្នកជម្ងឺ ដើម្បីពិនិត្យមើលលទ្ធភាពនៃការព្យាបាល។ បុរសដែលជាអ្នកជម្ងឺក៏បានចាប់ផ្តើមស្រក់ទឹកភ្នែក។ អ្នកជំនួយរបស់គាត់ ក៏បានពន្យល់វេជ្ជបណ្ឌិត ប្រ៊ែនថា “អ្នកបានប៉ះគាត់។មិនដែលមាននរណាប៉ះគាត់ អស់ជាច្រើនឆ្នាំហើយ។ ទឹកភ្នែកនោះ ជាទឹកភ្នែកនៃក្តីអំណរ”។
ក្នុងដំណាក់កាលដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ មានបុរសកើតឃ្លង់ម្នាក់បានចូលមកក្បែរទ្រង់ ដែលពីដើមគេប្រើពាក្យជម្ងឺឃ្លង់ សំដៅទៅលើប្រភេទជម្ងឺសើរស្បែក ដែលឆ្លង។ ដោយសារគាត់មានរោគឃ្លង់ នោះក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ បានតម្រូវឲ្យគាត់នៅក្រៅសហគមន៍របស់គាត់។ បើសិនជាអ្នកកើតឃ្លង់ ឃើញថា ខ្លួនឯងនៅជិតមនុស្សមានសុខភាពល្អ ដោយចៃដន្យ នោះគាត់ត្រូវស្រែកឡើងថា “ខ្ញុំស្មោកគ្រោកៗ” ដើម្បីឲ្យគេនៅឲ្យឆ្ងាយពីគាត់(លេវីវិន័យ ១៣:៤៥-៤៦)។ ហេតុនេះហើយ បុរសនោះប្រហែលជាបានរស់នៅជាច្រើនខែ ឬឆ្នាំ ដោយគ្មានការទំនាក់ទំនងជាមួយអ្នកដទៃ។
ព្រះយេស៊ូវមានពេញដោយព្រះទ័យអាណិតចំពោះគាត់ ហើយក៏បានលូកព្រះហស្តទៅពាល់គាត់។ ព្រះយេស៊ូវមានអំណាចចេស្តា ដែលអាចប្រោសជម្ងឺឲ្យគេជា ដោយគ្រាន់តែមានបន្ទូលមួយព្រះឱស(ម៉ាកុស ២:១១-១២)។ ប៉ុន្តែ ពេលដែលទ្រង់បានជួបបុរសម្នាក់នេះ ដែលមានភាពឯកកោ និងត្រូវគេបដិសេធន៍ ដោយសារជម្ងឺនៅលើរូបកាយគាត់ ទ្រង់ក៏បានប៉ះគាត់ ដើម្បីបញ្ជាក់ដល់គាត់ថា គាត់មិននៅតែម្នាក់ឯងទេ ហើយទ្រង់ក៏បានទទួលគាត់ផងដែរ។
ខណៈពេលដែលព្រះទ្រង់ប្រទានឲ្យយើងមានឱកាស យើងអាចចែកផ្សាយព្រះគុណ និងបង្ហាញសេចក្តីអាណិត ដោយការប៉ះដ៏ស្រទន់ ដែលបង្ហាញចេញនូវភាពថ្លៃថ្នូរ និងតម្លៃ។ អំណាចនៃការប្រោសឲ្យជាដ៏សាមញ្ញ នៃការប៉ះមកលើអ្នកដទៃ គឺជាការរំឭកអ្នកដែលកំពុងឈឺចាប់នោះថា យើងយកចិត្តទុកដាក់ និងខ្វល់អំពីគាត់។—LISA SAMRA