ការសន្ទនាដ៏ពិបាក

ថ្ងៃ​មួយ ខ្ញុំ​បាន​បើក​ឡាន ចម្ងាយ​ប្រហែល​៨០​គីឡ៉ូម៉ែត្រ ដើម្បី​ទៅ​ជួប​បុគ្គលិក​ដែល​ធ្វើ​ការ​ពី​ចម្ងាយ របស់​ក្រុម​ហ៊ុន​របស់​ខ្ញុំ។ ពេល​នោះ យើង​មាន​ការ​សន្ទនា​ដ៏​ពិបាក ជា​មួយ​គាត់ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ពី​បុគ្គលិក​ម្នាក់​ទៀត​ថា គាត់​បាន​ធ្វើ​ខុស​នឹង​គោល​ការណ៍​របស់​ក្រុម​ហ៊ុន​យើង ហើយ​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លាច​ខូច​ឈ្មោះ​ក្រុម​ហ៊ុន ដោយសារ​គាត់។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ ចង់​ផ្តល់​យោបល់​មួយ ដើម្បី​ឲ្យ​គាត់​ផ្លាស់​ប្តូរ​គំនិត។

ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល ២៥ មាន​មនុស្ស​មិន​សម​ទំនង​ម្នាក់ បាន​ហ៊ាន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ទៅ​ជួប​អនាគត​ស្តេច​របស់​អ៊ីស្រាអែល ដែល​ហៀប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត ដែល​នឹង​នាំ​មក​នូវ​ភាព​ហិន​វិនាស។ នាង​អ័ប៊ីកែល​បាន​រៀបការ​ជា​មួយណាបាល ដែល​មាន​អត្ត​ចរិត​មិន​ល្អ សម​នឹង​អត្ថន័យ​របស់​ឈ្មោះ​ខ្លួន (ដែល​មាន​ន័យ​ថា “មនុស្ស​ឡប់”) (ខ.៣,២៥)។ ណាបាល​បាន​បដិសេធ​មិន​ព្រម​បង់​ថ្លៃ​ឈ្នួល​ឲ្យ​ដាវីឌ និង​កង​ទ័ព​របស់​គាត់ តាម​ប្រពៃណី សម្រាប់​ការ​ការពារ​ហ្វូង​សត្វ​របស់​ខ្លួន(ខ.១០-១១)។ នាង​អ័ប៊ីកែល​ក៏​បាន​ដឹង​ថា ដាវីឌ​មាន​ផែន​ការ​សង​សឹង មក​លើ​គាត់ ហើយ​នាង​ក៏​ដឹង​ផង​ដែរ​ថា ប្តី​ដ៏​ល្ងីល្ងើ​របស់​នាង​មិន​ព្រម​ស្តាប់​នាង​ឡើង។ នាង​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ការ​ផ្សះ​ផ្សា ដោយ​ធ្វើ​ដំណើរ​ទៅ​ជួប​ដាវីឌ ហើយ​បញ្ចុះ​បញ្ចូល​គាត់ ឲ្យ​ផ្លាស់​ប្តូរ​គំនិត(ខ.១៨-៣១)។

តើ​នាង​អ័ប៊ីកែល​បាន​សម្រេច​ការ​នេះ​ដោយ​របៀប​ណា? បន្ទាប់​ពី​នាង​បាន​ឲ្យ​គេ​ដឹក​អាហារ​នឹង​សត្វ​លា យក​ទៅ​ឲ្យ​ដាវីឌ ​និង​ពួក​ប្រុស​ៗ​របស់​គាត់​ ហើយ​ដោះ​ស្រាយ​រឿង​បំណុល​នោះ​ហើយ នាង​ក៏​បាន​ប្រាប់​ការ​ពិត ដល់​ដាវីឌ។ នាង​បាន​ធ្វើ​ការរំឭក​ប្រកប​ដោយ​ប្រាជ្ញា ដល់​ដាវីឌ ដើម្បី​ឲ្យ​គាត់​នឹក​ចាំ​ថា ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​គាត់។ បើ​គាត់​នៅ​តែចចេស​ចង់​សង​សឹក នោះ​ពេល​ដែល​ព្រះជាម្ចាស់​ឲ្យ​គាត់​ឡើង​ធ្វើ​ស្តេច គាត់​នឹង “មាន​ការ​ស្តាយ​ក្រោយ ចំពោះ​ការ​កម្ចាយ​ឈាម ដែល​មិន​ចាំ​បាច់​នោះ”(ខ.៣១)។

អ្នក​ក៏​ប្រហែល​ជា​ដឹង​ថា មាន​នរណា​ម្នាក់​ហៀប​នឹង​ធ្វើ​កំហុស​ដ៏​គ្រោះ​ថ្នាក់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​ដទៃ​រង​គ្រោះ ហើយ​ប៉ះពាល់​ដល់​ការងារ ដែល​គាត់​បាន​សន្យា​ថា​នឹង​ធ្វើ​ថ្វាយ​ព្រះ​ នៅ​ពេល​អនាគត។ បើ​ដូច្នោះ​មែន នោះ​ព្រះ​ទ្រង់​ប្រហែល​ជាកំពុង​តែ​ត្រាស​ហៅ​អ្នក ឲ្យ​ទៅ​ជួប​និយាយ​ជា​មួយ​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស។ —ELISA MORGAN

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles