មានពេលមួយ ស្ពានសម្រាប់ឆ្លងទៅទីក្រុងតេឈិម៉ាន ប្រទេសហ្កាណា ក៏ត្រូវបានទឹកជំនន់កួចនាំយកទៅបាត់ ធ្វើឲ្យប្រជាជននៅតំបន់ក្រូបូថ្មី ដែលនៅត្រើយម្ខាងទៀត នៃទន្លេតាណូ មិនអាចទៅណារួច។ ការថ្វាយបង្គំព្រះនៅព្រះវិហាររបស់លោកគ្រូគង្វាល សាំយ៉ូអែល អាភីយ៉ា(Samuel Appiah) ក៏ជួបបញ្ហាផងដែរ ព្រោះសមាជិកពួកជំនុំជាច្រើនរបស់គាត់ កំពុងតែរស់នៅ ក្នុងតំបន់ក្រូបូថ្មី ដែលស្ថិតនៅត្រើយម្ខាងទន្លេ ពោលគឺពួកគេកំពុងនៅកន្លែងខុស។
ស្ថិតក្នុងពេលដែលមានវិបត្តិនោះ លោកគ្រូសាំយ៉ូអែលក៏បានព្យាយាម ពង្រីកកន្លែងស្នាក់នៅរបស់កុមារ ដើម្បីមើលថែក្មេងកំព្រាបន្ថែមទៀត។ គាត់ក៏បានអធិស្ឋាន។ បន្ទាប់មក ពួកជំនុំរបស់គាត់ក៏បានដាក់ដង្វាយ ដើម្បីបង្កើតកន្លែងថ្វាយបង្គំនៅក្រៅព្រះវិហារ នៅត្រើយម្ខាយទន្លេ ក្នុងតំបន់ក្រូបូថ្មីនោះ។ មិនយូរប៉ុន្មាន ពួកគេក៏បានធ្វើបុណ្យជ្រមុជឲ្យអ្នកជឿថ្មី ក្នុងព្រះនាមព្រះយេស៊ូវ។ ព្រះវិហារថ្មីមួយកន្លែងក៏បានចាក់ឫសនៅទីនោះ។ មិនតែប៉ុណ្ណោះ នៅតំបន់ក្រូបូថ្មី ពួកគេថែមទាំងមានកន្លែងសម្រាប់ក្មេងកំព្រា ដែលកំពុងរង់ចាំកន្លែងស្នាក់នៅ។ ដូចនេះ តាមរយៈពួកជំនុំនេះ ព្រះទ្រង់ក៏បានធ្វើព្រះរាជកិច្ចស្រោចស្រង់ នៅក្នុងពេលដែលមានវិបត្តិ។
ពេលដែលសាវ័កប៉ុលបានធ្លាក់ខ្លួនជាប់ច្រវ៉ាក់ គាត់មិនបានត្អូញត្អែរអំពីស្ថានភាពរបស់គាត់ទេ។ ក្នុងសំបុត្រដ៏មានអំណាច ដែលគាត់បានសរសើរផ្ញើពួកជំនុំ នៅក្រុងភីលីព គាត់បានសរសេរថា “បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ”(ភីលីព ១:១២)។ កាលនោះ សាវ័កប៉ុលបានកត់សំគាល់ឃើញថា ការជាប់ច្រវ៉ាក់របស់គាត់ គឺជាឱកាសនាំ “អ្នកយាមគុក” ឲ្យស្គាល់ព្រះគ្រីស្ទ(ខ.១៣)។ ហើយទន្ទឹមនឹងនោះ ការនេះបានលើកទឹកចិត្តអ្នកដទៃ ឲ្យមានចិត្តក្លាហាននៅក្នុងការផ្សាយដំណឹងល្អនៃព្រះយេស៊ូវផងដែរ(ខ.១៤)។
ទោះមានឧបសគ្គយ៉ាងណាក៏ដោយ ក៏លោកគ្រូគង្វាលសាំយ៉ូអែល និងសាវ័កប៉ុលបានដឹងថា ព្រះទ្រង់កំពុងតែបង្ហាញពួកគេ នូវមធ្យោបាយថ្មី សម្រាប់ធ្វើការ ក្នុងពេលដែលមានវិបត្តិនោះ។ តើព្រះទ្រង់កំពុងតែធ្វើការអ្វីខ្លះ ក្នុងស្ថានភាពដ៏ពិបាករបស់យើង សព្វថ្ងៃនេះ? —TIM GUSTAFSON