ការធ្វើបន្ទាល់ដោយភាពស្ងាត់ស្ងៀម

អេមី(Amy) រស់​នៅ​ក្នុង​ប្រទេស ដែល​ហាម​មិន​ឲ្យ​ផ្សាយ​ដំណឹង​ល្អ។ គាត់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល ជា​គិលានុបដ្ឋាយិការ។ គាត់​កំពុង​ធ្វើ​ការ​ក្នុង​មន្ទីរ​ពេទ្យ​ធំ​មួយ ដោយ​មាន​នាទី​ជា​អ្នក​ថែ​ទាំ​ទារក​ដែល​ទើប​កើត។ គាត់​មាន​ការ​ប្តូរ​ផ្តាច់​នៅ​ក្នុងអាជីព​របស់​គាត់​ណាស់ បាន​ជា​ការងារ​គាត់​មាន​ភាព​លេច​ធ្លោ ហើយ​ស្រ្តីជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​គាត់។ ពួក​គេ​ក៏បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ទៅ​សួរ​គាត់ ជា​លក្ខណៈ​ឯក​ជន​។ ចាប់​តាំង​ពី​ពេល​នោះ​មក អេមី​ក៏​បាន​ចែក​ចាយ​អំពី​ព្រះសង្រ្គោះ​របស់​គាត់ ដោយ​បើក​ចំហរ។

ដោយសារ​គាត់​ធ្វើ​ការងារ​បាន​ល្អ មិត្ត​រួម​ការងារ​ខ្លះ មាន​ការ​ច្រណែន​នឹង​គាត់ ហើយ​ក៏​បាន​ចោទ​គាត់​ថា បាន​លួច​ថ្នាំ​ពេទ្យ។ ថ្នាក់​លើ​របស់​គាត់​មិន​ជឿ​ពួក​គេ​ទេ ហើយ​ទី​បំផុត អាជ្ញាធរ​ក៏​បាន​រក​ឃើញ​អ្នក​បង្ករឿង។ រឿង​នេះ​ក៏​បាន​នាំ​ឲ្យ​ពេទ្យ​ដទៃ​ទៀត​ដែល​ធ្វើ​ការ​ជា​មួយ​គាត់ ចោទ​សួរ អំពី​សេចក្តី​ជំនឿ​របស់​គាត់។ គំរូ​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ​អំពី​ពាក្យ​របស់​សាវ័ក​ពេត្រុស ដែល​បាន​ចែង​ថា “ឱ​ពួក​ស្ងួនភ្ងា​អើយ … ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ពី​សេចក្តី​ប៉ងប្រាថ្នាខាង​សាច់​ឈាម ដែល​តយុទ្ធ​នឹង​ព្រលឹង​វិញ្ញាណ​ចេញ ទាំង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នៅ​ក្នុង​ពួក​សាសន៍​ដទៃ ដើម្បី​នៅ​កន្លែង​ណា ដែល​គេ​និយាយ​ដើម ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ នោះ​ឲ្យ​គេ​បាន​សរសើរ​ដល់​ព្រះ នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​មកប្រោស ដោយ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា​វិញ”(១ពេត្រុស ២:១១-១២)។

ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង នៅ​ផ្ទះ នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​សាលា​រៀន អាច​ជះ​ឥទ្ធិ​ពល​មក​លើ​អ្នក​ដទៃ ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង។ នៅ​ជុំវិញ​ខ្លួន​យើង គឺ​មាន​មនុស្ស ដែល​កំពុង​តែ​មើល​ការ​និយាយ​ស្តី និង​ប្រព្រឹត្ត​របស់​យើង​។ ចូរ​យើង​ពឹង​ផ្អែក​លើ​ព្រះ​ជា​ម្ចាស់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ដឹក​នាំ​ការ​ប្រព្រឹត្ត និង​ការ​គិត​របស់​យើង។  បន្ទាប់មក ចូរ​យើង​ជិះ​ឥទ្ធិ​ពល​មក​លើ​អ្នក​មិន​ជឿ ហើយ​នាំ​ពួក​គេ​ឲ្យ​ទទួល​ជឿ​ព្រះ​យេស៊ូវ​ផង​ដែរ។—KEILA OCHOA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles