កាលពីរដូវក្តៅឆ្នាំមុន ខ្ញុំ និងស្វាមីរបស់ខ្ញុំ បានទៅកម្សាន្តនៅផ្ទះទឹកធ្លាក់ ហ្វលលីង វតធ័រ ជាផ្ទះនៅទីជនបទ នៅរដ្ឋភែនស៊ីវែនា ដែលត្រូវបានរចនា ដោយស្ថាបត្យករឈ្មោះ ហ្វ្រែង លយ រ៉ាយ(Frank Lloyd Wright) ក្នុងឆ្នាំ ១៩៣៥។ ខ្ញុំមិនដែលឃើញផ្ទះដែលស្អាតប្លែកដូចនេះ ពីមុនមកទេ។ លោករ៉ាយចង់សង់ផ្ទះមួយខ្នង ដែលដុះចេញពីទេសភាពធម្មជាតិ ដូចជារុក្ខជាតិ ហើយគាត់ក៏បានសម្រេចគោលដៅរបស់គាត់។ គាត់បានសង់ផ្ទះនោះ នៅជាប់ទឹកធ្លាក់ដែលមានស្រាប់ ហើយរចនាបថរបស់វា ស៊ីនឹងរូបរាង្គរបស់ផ្ទាំងថ្ម ដែលលយចេញ នៅក្បែរនោះ។ មុគ្គុទេសកររបស់យើងក៏បានពន្យល់ថា សំណង់ផ្ទះនេះមានសុវត្ថិភាព ដោយសារស្នូលកណ្តាលរបស់វា បានសង់នៅលើផ្ទាំងថ្មធំៗ។
ពេលខ្ញុំបានឮគាត់និយាយដូចនេះ ខ្ញុំក៏បាននឹកចាំព្រះបន្ទូល ដែលព្រះយេស៊ូវថ្លែងទៅកាន់ពួកសិស្សរបស់ទ្រង់។ ក្នុងសេចក្តីអធិប្បាយនៅលើភ្នំ ព្រះយេស៊ូវបានប្រាប់ពួកគេថា អ្វីដែលទ្រង់កំពុងបង្រៀនពួកគេ គឺជាគ្រឹះដ៏រឹងមាំនៃជីវិតរបស់ពួកគេ។ បើសិនជាពួកគេបានស្តាប់ព្រះបន្ទូលទ្រង់ ហើយអនុវត្តតាម ពួកគេនឹងអាចឈរមាំ នៅក្នុងខ្យល់ព្យុះទាំងអស់។ ផ្ទុយទៅវិញ អ្នកដែលបានឮ ហើយមិនស្តាប់បង្គាប់ នឹងទទួលលទ្ធផល ដូចផ្ទះដែលសង់នៅលើដីខ្សាច់(ម៉ាថាយ ៧:២៤-២៧)។ ក្រោយមក សាវ័កប៉ុលក៏បានបង្រៀនផងដែរថា ព្រះគ្រីស្ទគឺជាគ្រឹះរបស់យើង ហើយអ្វីដែលយើងសង់នៅក្នុងទ្រង់ នឹងស្ថិតស្ថេរនៅ(១កូរិនថូស ៣:១១)។
ពេលយើងស្តាប់ព្រះបន្ទូលព្រះយេស៊ូវ ហើយស្តាប់បង្គាប់តាម គឺមានន័យថា យើងកំពុងតែសង់ជីវិតយើង នៅលើគ្រឹះដ៏រឹងមាំ ដែលមិនរង្គើរឡើយ។ សូមឲ្យជីវិតយើង មានលក្ខណៈដូចផ្ទះទឹកធ្លាក់ហ្វលលីង វតធ័រ ដែលមានភាពស្រស់ស្អាត ហើយមានភាពរឹងមាំ នៅលើថ្មដា។ —AMY PETERSON