កាលពីពេលកន្លងទៅ ខ្ញុំបានធ្វើការងារសំណង់ នៅផ្ទះរបស់កូនប្រុសខ្ញុំ ដែលត្រូវធ្វើដំណើរពីផ្ទះខ្ញុំទៅ ដោយចំណាយពេល៣ម៉ោង។ កិច្ចការនោះបានចំណាយពេលអស់ជាច្រើនថ្ងៃ លើសពីការរំពឹងទុក ហើយជារៀងរាល់ពេលព្រឹក ខ្ញុំបានអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានពរឲ្យយើងបញ្ចប់កិច្ចការ នៅពេលថ្ងៃលិច។ ប៉ុន្តែ រៀងរាល់ពេលល្ងាច យើងចេះតែមានការងារកាន់តែច្រើន ដែលត្រូវធ្វើ។
ខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំត្រូវចំណាយពេលច្រើនយ៉ាងនេះ? តើអាចមានមូលហេតុអ្វី ដែលបណ្តាលឲ្យមានការពន្យាពេល? ខ្ញុំក៏បានទទួលចម្លើយ នៅពេលព្រឹកបន្ទាប់។ ពេលខ្ញុំកំពុងរើសឧបករណ៍ជាងមួយឡើង ទូរស័ព្ទក៏បានរោទ៍ឡើង ហើយមានសម្លេងមនុស្សដែលខ្ញុំមិនស្គាល់បានបន្លឺឡើង ដោយភាពបន្ទាន់ថា “កូនស្រីរបស់អ្នកបានជួបគ្រោះថ្នាក់ ហើយក៏ត្រូវរបួស។ សូមមកទីនេះជាបន្ទាន់”។
កូនស្រីខ្ញុំ រស់នៅក្បែរកូនប្រុសខ្ញុំ ដូចនេះ ខ្ញុំត្រូវធ្វើដំណើរទៅរកគាត់ ដោយចំណាយពេលតែ១៤នាទីប៉ុណ្ណោះ។ បើសិនជាខ្ញុំនៅផ្ទះរបស់ខ្ញុំវិញ ខ្ញុំត្រូវចំណាយពេល៣ម៉ោង ក្នុងការធ្វើដំណើរទៅផ្ទះគាត់។ ខ្ញុំក៏បានបើកឡាន តាមពីក្រោយរថយន្តសង្រ្គោះបន្ទាន់ ហើយក៏បានកម្សាន្តចិត្តគាត់ មុនពេលគាត់ចូលវះកាត់។ ពេលខ្ញុំកំពុងអង្គុយកាន់ដៃគាត់ ខ្ញុំក៏បានដឹងថា បើសិនជាការងារសាងសង់របស់ខ្ញុំ មិនបានពន្យាពេលទេ នោះខ្ញុំមុខជាមិនបានទៅមើលកូនស្រីខ្ញុំទាន់ពេលឡើយ។
ពេលវេលារបស់យើងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ខ្ញុំសូមលើកយករឿងរបស់ស្រ្តីម្នាក់ ដែលព្រះទ្រង់បានប្រោសកូនប្រុសនាងឲ្យរស់ឡើងវិញ តាមរយៈហោរាអេលីសេ(២ពង្សាវតាក្សត្រ ៤:១៨-៣៧)។ នាងបានចេញពីស្រុកកំណើត ដោយសារគ្រោះអត់ឃ្លាន ហើយប៉ុន្មានឆ្នាំក្រោយមក នាងក៏បានវិលត្រឡប់មកវិញ ដើម្បីទូលអង្វរស្តេច ឲ្យប្រទានដីមកនាងវិញ។ នៅពេលនោះ ស្តេចកំពុងតែជជែកគ្នាជាមួយអ្នកបម្រើរបស់ហោរាអេលីសេ ឈ្មោះកេហាស៊ី។ កាលគាត់កំពុងតែថ្លែងទូលស្តេចពីរឿង ដែលលោកបានធ្វើឲ្យកូន ដែលស្លាប់បានរស់ឡើងវិញ ស្រ្តីនោះក៏បានដើរចូលមក(៨:៥)។ ស្តេចក៏បានបំពេញបំណងរបស់នាង។
យើងមិនដឹងថា នឹងមានអ្វីខ្លះកើតឡើង នៅវិនាទីបន្ទាប់ឡើយ ប៉ុន្តែ ព្រះទ្រង់អាចប្រើស្ថានភាពរបស់យើង ដើម្បីជាប្រយោជន៍ដល់យើង។ សូមព្រះជាម្ចាស់ប្រទានយើងនូវព្រះគុណ ដើម្បីឲ្យយើងដើរជាមួយទ្រង់ តាមការរៀបចំរបស់ទ្រង់ សម្រាប់យើង នៅថ្ងៃនេះ។ —JAMES BANKS