ចូរកុំខ្លាចឡើយ

នៅ​ក្នុង​ព្រះ​គម្ពីរ ស្ទើរ​តែ​គ្រប់​ពេល ដែល​ទេវតា​បង្ហាញ​ខ្លួន ឲ្យ​មនុស្ស​ឃើញ ពាក្យ​ទី​មួយ ដែល​ទេវតា​មាន​បន្ទូល​នោះ គឺ “ចូរ​កុំ​ខ្លាចឡើយ!” ពេល​ដែល​ទេវតា ឬ​ព្រះ​ជា​ម្ចាស់ យាង​ចុះ​មក​ទំនាក់​ទំនង​ជា​មួយ​មនុស្ស តាម​ធម្មតា អ្នក​ដែល​បាន​ឃើញព្រឹត្តិ​ការណ៍​នេះ ក៏​បាន​ក្រាប​នៅ​លើ​ដី ដោយ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ កណ្ឌ​គម្ពីរ​លូកា​បាន​ចែង​អំពី​សម័យ​មួយ ដែល​ព្រះ​ជា​ម្ចាស់​បានបង្ហាញ​ព្រះ​អង្គ​ទ្រង់ តាម​របៀប​ម្យ៉ាង ដែល​មិន​បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ័យ​ខ្លាច។ កាល​នោះ ព្រះ​ជា​ម្ចាស់​បាន​យាង​ចុះ​មក​រក​មនុស្ស ដោយ​យក​កំណើត​ជា​ទារក នៅ​ក្នុង​ក្រោល​សត្វ ហើយ​ក៏​បាន​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ ដោយ​មាន​ព្រះ​នាម​ថា យេស៊ូវ ដែល​តាម​រយៈមធ្យោបាយ​នេះ មនុស្ស​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​ទ្រង់​ឡើយ។  តើ​ទារក​មាន​ចំណុច​អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ដែរ​ឬ​ទេ​?

កាល​ព្រះ​យេស៊ូវ​កំពុង​មាន​ព្រះ​ជន្ម​នៅ​លើ​ផែនដី ទ្រង់​ជា​ព្រះ ហើយ​ក៏​ជា​មនុស្ស​ផង​ដែរ។ ក្នុង​នាម​ជា​ព្រះ ទ្រង់​អាច​ធ្វើ​ការ​អស្ចារ្យ ​អត់​ទោស​បាប ឈ្នះ​សេចក្តី​ស្លាប់​ ហើយ​ថ្លែង​ទំនាយ​អំពី​ពេល​អនាគត។ ប៉ុន្តែ សាសន៍​យូដា​ធ្លាប់​តែ​ដឹង​ថា ព្រះ​ជា​ម្ចាស់​បានបង្ហាញ​ព្រះ​អង្គ​ទ្រង់ ដោយ​ពពក​ដែល​ភ្លឺ​ចិញ្ចាច ឬ​សរសេរ​ភ្លើង ដូច​នេះ ព្រះ​វត្ត​មាន​របស់​ព្រះយេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័ន្ត​ច្រឡំ។ ពួក​គេ​ឆ្ងល់​ថា តើ​ទារក​ដែល​បាន​ប្រសូត្រ​នៅ​ភូមិ​បេថ្លេហិម និង​ជា​កូន​ប្រុស​របស់​ជាង​ឈើ ជា​អ្នក​ស្រុក​ណាសារ៉ែត អាច​ក្លាយ​ជា​ព្រះ​មែស៊ី​ដោយ​របៀប​ណា?

ហេតុ​អ្វី​បាន​ជា​ព្រះ​យក​កំណើត​ជា​មនុស្ស? មាន​ចម្លើយ​ជា​ច្រើន​សម្រាប់​សំណួរ​នេះ ដែល​ក្នុង​នោះ មាន​ចម្លើយ​មួយ ដែល​យើង​អាច​រក​បាន​នៅ​ក្នុង​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​កាល​ដែល​ព្រះ​យេស៊ូវ​ជជែក​ជា​មួយ​ពួក​គ្រូ​នៃ​សាសនា​យូដា នៅ​ក្នុង​ព្រះ​វិហារ ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​១២​ឆ្នាំ។ គឺ​ដូច​ដែល​ព្រះ​គម្ពីរ​លូកា​បាន​ចែង​ថា “ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​និង​ពាក្យ​ចំឡើយ​របស់​ទ្រង់”(២:៤៧)។ នោះ​ជា​លើក​ទី​មួយ​ ដែល​មនុស្ស​សាមញ្ញ​អាច​ជជែក​ជា​មួយ​ព្រះ ដែល​មាន​រូបកាយ​ជា​មនុស្ស ដែល​គេ​អាច​មើល​ឃើញ។

ព្រះយេស៊ូវ​អាច​ជជែក​ជា​មួយ​មនុស្ស​គ្រប់​គ្នា ដែល​រាប់​បញ្ចូល​ទាំង​ឪពុក​ម្តាយ​ទ្រង់ ពួក​គ្រូ​សាសនា​យូដា និង​ស្រ្តី​មេម៉ាយ​ជា​ដើម ដោយ​មិ​នចាំ​បាច់​ប្រកាសថា “ចូរ​កុំ​ខ្លាច​ឡើយ!” ព្រះ​យេស៊ូវ​ជា​ព្រះ​ដែល​បាន​យាង​មក​ជិត​មនុស្ស។—PHILIP YANCEY

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles