ពេលរដូវរងាមកដល់ ជារឿយៗ ខ្ញុំបានក្រោកពីដំណេក ដោយការភ្ញាក់ផ្អើល ចំពោះទិដ្ឋភាពដ៏ស្រស់ស្អាតនៃ ពិភពលោកដែលបានគ្របដណ្តប់ ដោយព្រឹលដ៏សុខសាន្ត និងស្ងាត់ស្ងៀម។ នៅពេលនោះ ព្រឹលបានធ្លាក់ចុះមក ដោយភាពស្រទន់ គឺខុសពីរដូវផ្ការីក ដែលមានសម្លេងផ្គរលាន់ដ៏កក្រើក ដែលបានប្រកាសអំពីវត្តមានរបស់ខ្លួននៅពេលយប់។
ក្នុងបទចម្រៀងដែលមានចំណងជើងថា “បទចម្រៀងនៃព្រឹលរដូវរងា” អ្នកស្រីអូដ្រេយ អាសាត(Audrey Assad) បានច្រៀងថា ព្រះយេស៊ូវអាចយាងចុះមកផែនដី ដោយអំណាចចេស្តា ដូចខ្យល់ព្យុះកំបុតត្បូង ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់បានយាងមកយ៉ាងស្ងាត់ស្ងៀម យ៉ាងសុភាព ដូចព្រឹលដែលធ្លាក់យ៉ាងស្រទន់ នៅរដូវរងា នៅពេលយប់ នៅក្រៅបង្អួចផ្ទះខ្ញុំ។
ការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដោយភាពស្ងប់ស្ងាត់។ ទ្រង់មិនបានប្រសូតនៅក្នុងរាជវាំងឡើង ផ្ទុយទៅវិញ ទ្រង់បានប្រសូតនៅក្នុងកន្លែងដែលមិនទំនង ដែលជាទីស្នាក់អាស្រ័យដ៏តូចទាប នៅភូមិបេថ្លេហិម។ ហើយទ្រង់បានផ្ទុំនៅក្នុងស្នូកសត្វ ដោយមិនមានគ្រែសមរម្យ(លូកា ២:៧)។ ទ្រង់ក៏មិនបានប្រសូតនៅលើគំនរទ្រព្យសម្បត្តិដែរ ។ ឪពុកម្តាយទ្រង់បានត្រឹមតែអាចយកសត្វព្រាបមួយគូ មកថ្វាយជាយញ្ញបូជា ពេលដែលអ្នកទាំងពីរថ្វាយទ្រង់ដល់ព្រះជាម្ចាស់ នៅព្រះវិហារ(ខ.២៤)។
ការយាងមករបស់ព្រះយេស៊ូវ ដោយការបន្ទាបព្រះកាយ ចូលក្នុងលោកិយនេះ ត្រូវបានហោរាអេសាយថ្លែងជាបទទំនាយ អំពីព្រះអង្គសង្រ្គោះ ដែលយាងមក ដោយមិនបានស្រែក ឬប្រកាសជាសាធារណៈឡើយ(អេសាយ ៤២:២) ហើយទ្រង់ក៏មិនបានយាងមកដោយអំណាចចេស្តា ដែលធ្វើឲ្យបាក់ដើមត្រែង ឬធ្វើឲ្យរលត់ភ្លើងប្រឆេះដែលខំឆេះនោះដែរ(ខ.៣)។ ផ្ទុយទៅវិញ ទ្រង់បានយាងមក ដោយភាពស្រទន់ ដើម្បីនាំយើងចូលទៅរកទ្រង់ ដោយផ្សះផ្សាទំនាក់ទំនងជាមួយនឹងព្រះ គឺការផ្សះផ្សាដែលមានសម្រាប់មនុស្សគ្រប់គ្នា ដែលបានជឿរឿងស្តីអំពីព្រះអង្គសង្រ្គោះប្រសូតនៅក្នុងក្រោលសត្វ ឬទទួលជឿទ្រង់ជាព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះ។ —LISA SAMRA