
អ្វីៗត្រឡប់ជាថ្មីឡើង
ដោយJames Banks
December 30, 2018
ខ្ញុំមានចំណាប់អារម្មណ៍ ចំពោះកន្លែងដែលគេយករថយន្តចាស់ៗទៅគរចោល។ ខ្ញុំចិត្តធ្វើការជួសជុលរថយន្ត ហេតុនេះហើយ ខ្ញុំក៏បានធ្វើដំណើរជាញឹកញាប់ ទៅកន្លែងប្រភេទនោះ ដែលនៅមិនឆ្ងាយពីផ្ទះខ្ញុំ។ វាជាកន្លែងដ៏ឯកោ ដែលមានសម្លេងខ្យល់ថ្ងួចថ្ងូរកាត់តាមចន្លោះដែកអេតចាយដែលគេបោះបង់ចោល ដែលពីមុន ពួកវាជារបស់ទ្រព្យដ៏មានតម្លៃរបស់នរណាម្នាក់។ ឡានខ្លះបានខូចទ្រង់ទ្រាយអស់ ខ្លះបាក់បែក ហើយចាស់ ហើយខ្លះទៀតក៏លែងមានប្រយោជន៍អ្វីតទៅទៀត។ ពេលខ្ញុំកំពុងតែដើរ នៅចន្លោះឡានទាំងនោះ ដែលគេបានតម្រៀបជាជួរ ជួនកាល មានឡានមួយធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ហើយខ្ញុំក៏បានឆ្ងល់ថា តើឡាននោះបានឆ្លងកាត់ដំណើរផ្សងព្រេងអ្វីខ្លះ ក្នុងមួយជីវិតរបស់វា។ មនុស្សម្នាក់ៗសុទ្ធតែមានរឿងផ្ទាល់ខ្លួន សម្រាប់ចែកចាយ ដូចជាកញ្ចក់ដែលឆ្លុះមើលអតីតកាល ដោយយើងម្នាក់ៗកាលពីមុន សុទ្ធតែប្រាថ្នាចង់បានអ្វីៗដែលទាន់សម័យ តែក្រោយមក ក៏បានហួសសម័យ ដោយជៀសមិនរួចពីដំណើរនៃពេលវេលា។ ប៉ុន្តែ ខ្ញុំមានចំណង់ចំណូលចិត្តជាពិសេស នៅក្នុងការយករបស់ចាស់ៗ ទៅកែឆ្នៃឲ្យមានជីវិតថ្មីឡើង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ដូចជាបានយកជ័យជម្នះដ៏តូចមួយ មកលើពេលវេលា និងភាពអន់ថយ ពេលណាខ្ញុំអាចយកគ្រឿងបន្លាស់ចាស់ៗដែលគេបោះចោល ហើយធ្វើឲ្យវាមានជីវិតថ្មីឡើង ឬមានប្រយោជន៍ នៅក្នុងការជួសជុលរថយន្តណាមួយ ឲ្យអាចប្រើប្រាស់ឡើងវិញបាន។ ជួនកាល រឿងនេះបានធ្វើឲ្យខ្ញុំនឹកគិត អំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានចែង នៅក្នុងចុងបញ្ចប់នៃព្រះគម្ពីរថា ព្រះអង្គកំពុងតែធ្វើឲ្យអ្វីៗទាំងអស់ថ្មីឡើង (វិវរណៈ ២១:៥)។ ព្រះបន្ទូលរបស់ទ្រង់ត្រង់ចំណុចនេះ និយាយសំដៅទៅលើការដែលព្រះជាម្ចាស់ស្តាឡើងវិញ នូវស្នាព្រះហស្តទ្រង់ ដែលរាប់បញ្ចូលទាំងអ្នកជឿទ្រង់ ដើម្បីធ្វើឲ្យពួកគេថ្មីឡើង។ ជាការពិតណាស់ អស់អ្នកដែលទទួលជឿ ឬនៅក្នុងព្រះយេស៊ូវ គឺឈ្មោះថា “បានកើតជាថ្មីហើយ”(២កូរិនថូស ៥:១៧)។ ហើយថ្ងៃណាមួយ យើងនឹងបានចូលទៅក្នុងភាពអស់កល្បជានិច្ចជាមួយទ្រង់ ដូចដែលទ្រង់បានសន្យា(យ៉ូហាន ១៤:៣)។ ពេលនោះ អាយុ និងជម្ងឺនឹងមិនមានអំណាចអ្វីមកលើយើងទៀតឡើយ ហើយយើងនឹងបន្តការធ្វើដំណើរ ក្នុងជីវិតដ៏អស់កល្ប។ យើងម្នាក់ៗមានរឿងមួយ ដែលត្រូវថ្លែងប្រាប់អ្នកដទៃ គឺរឿងស្តីអំពីសេចក្តីស្រឡាញ់របស់ព្រះសង្រ្គោះ ដែលបានប្រោសលោះ និងស្តីអំពីសេចក្តីស្មោះត្រង់ដ៏ស្ថិតស្ថេររបស់ទ្រង់។—JAMES BANKS
បទគម្ពីរប្រចាំថ្ងៃ
បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ។ ២កូរិនថូស ៥:១៧