ភាពងងឹតបានចុះមកគ្របដណ្តប់ពីលើភូមិរបស់ខ្ញុំ នៅពេលដែលយើងមិនឃើញព្រះចន្ទបញ្ចេញពន្លឺទៀត។ ផ្លេកបន្ទោរបានពុះជ្រែកផ្ទៃមេឃ ដែលបន្ទរដោយព្យុះភ្លៀង និងសូរផ្គរលាន់កក្រើកដី។ កាលខ្ញុំនៅក្មេង ស្ថិតនៅពេលបែបនេះ ខ្ញុំមានការភ័យខ្លាច ព្រោះខ្ញុំបានស្រមៃឃើញសត្វចម្លែកដែលគួរឲ្យខ្លាចគ្រប់ប្រភេទ ដែលហៀបនឹងសង្គ្រប់មកលើខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ពេលព្រឹកស្អែកមកដល់ សម្លេងទាំងនោះក៏បានរលាយបាត់អស់ ថ្ងៃក៏បានរះឡើង ហើយភាពស្ងប់ស្ងាត់ក៏បានត្រឡប់មកវិញ ខណៈពេលដែលសត្វបក្សីកំពុងតែអរសប្បាយនឹងពន្លឺថ្ងៃ។ ភាពខុសគ្នារវាងភាពងងឹតដែលគួរឲ្យខ្លាច នៅពេលយប់ និងក្តីអំណរនៅពេលថ្ងៃ គឺងាយឲ្យយើងកត់សំគាល់ទេ។
អ្នកនិពន្ធបទគម្ពីរហេព្រើរបានរំឭក អំពីបទពិសោធន៍របស់ជនជាតិអ៊ីស្រាអែល នៅភ្នំស៊ីណាយ ដែលមានភាពងងឹតយ៉ាងខ្លាំង បានជាពួកគេលាក់ខ្លួន ដោយការភ័យខ្លាច(និក្ខមនំ ២០:១៨-១៩)។ ពួកគេមានអារម្មណ៍ថា ងងឹត និងភ័យខ្លាច ចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលដែលទ្រង់ប្រទានក្រឹត្យវិន័យនៃក្តីស្រឡាញ់មកពួកគេ។ ពីព្រោះក្នុងនាមជាមនុស្សមានបាប ពួកអ៊ីស្រាអែលមិនបានរស់នៅ ឲ្យដល់កំរិតនៃខ្នាតគំរូរបស់ព្រះជាម្ចាស់ឡើយ។ អំពើបាបរបស់ពួកគេ បានបណ្តាលឲ្យពួកគេដើរក្នុងភាពងងឹត និងការភ័យខ្លាច(ហេព្រើរ ១២:១៨-២១)។
ប៉ុន្តែ ព្រះជាម្ចាស់ជាពន្លឺ ហើយនៅក្នុងទ្រង់ គ្មានភាពងងឹតសោះឡើយ(១យ៉ូហាន ១:៥)។ ក្នុងបទគម្ពីរហេព្រើរ ជំពូក១២ ភ្នំស៊ីណាយ ជានិមិត្តរូបតំណាងឲ្យសេចក្តីបរិសុទ្ធរបស់ព្រះជាម្ចាស់ និងជីវិតចាស់របស់យើង ដែលមិនស្តាប់បង្គាប់ទ្រង់ តែទន្ទឹមនឹងនោះ សម្រស់នៃភ្នំស៊ីយ៉ូន ជាតំណាងឲ្យព្រះគុណរបស់ព្រះ និងជីវិតថ្មីរបស់អ្នកដែលជឿព្រះយេស៊ូវ ដែលជា “អ្នកកណ្តាលនៃសេចក្តីសញ្ញាថ្មី”(ខ.២២-២៤)។
អ្នកណាដែលដើរតាមព្រះយេស៊ូវ នឹង “មិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។ តាមរយៈទ្រង់ នោះយើងអាចលះបង់ចោលភាពងងឹតនៃជីវិតចាស់របស់យើង ហើយទទួលយកក្តីអំណរនៃការដើរក្នុងពន្លឺ និងសម្រស់នៃនគរព្រះ។—LAWRENCE DARMANI