បានផ្លាស់ប្រែ និងកំពុងផ្លាស់ប្រែ

តានី(Tani) និង​ម៉ូឌូព(Modupe) បាន​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ប្រទេស​នីហ្សេរីយ៉ា ហើយ​ក៏​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ចក្រ​ភព​អង់​គ្លេស ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។ ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ​ដោយ​ផ្ទាល់​ៗ​ខ្លួន ដោយសារ​ព្រះ​គុណ​ព្រះ ប៉ុន្តែ ពួក​គេ​មិន​ដែល​នឹក​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ប្រើ​ប្រាស់​ពួក​គេ ឲ្យ​នាំ​ការ​ផ្លាស់​ប្រែ ដល់​សហគមន៍​មួយ ដែល​ស្ថិត​ក្នុងចំណោម​សហគមន៍​ក្រី​ក្រ​ជាង​គេ និង​ជួប​ការ​រើស​អើង​បំផុត នៅ​សង្កាត់​អានហ្វ៊ីល ទី​ក្រុង​លីវើភូល ប្រទេស​អង់​គ្លេស។ ខណៈ​ពេល​ដែល​បណ្ឌិត​តានី និង​ម៉ូឌូព អូមីដេយី បាន​ស្វែង​រក​ព្រះ​ជា​ម្ចាស់ និង​បម្រើ​សហគមន៍​របស់​ខ្លួន ដោយ​ភាព​ស្មោះ​ត្រង់ ព្រះ​អង្គ​ក៏​បាន​ប្រទាន​សេចក្តី​សង្ឃឹម​ដល់​មនុស្ស​ជា​ច្រើន។ ពួក​គេ​ក៏​បាន​ដឹក​នាំ​ពួក​ជំនុំ​ដ៏​រឹង​មាំ​មួយ​កន្លែង ហើយ​ក៏​បាន​បន្ត​អនុវត្ត​គម្រោង​សហគមន៍​ជា​ច្រើន ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​នៅ​ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​។

ស្តេច​ម៉ាន៉ាសេ​បាន​នាំ​ឲ្យ​ប្រទេស​ជាតិ​ទ្រង់​មាន​ការ​ផ្លាស់​ប្រែ ទៅ​រក​ការ​អាក្រក់ តែ​ក្រោយ​មក​ក៏​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្រែ​ទៅ​រក​ការ​ល្អ​វិញ។ កាល​ស្តេច​នៃ​នគរ​យូដា​អង្គ​នេះ​មាន​ព្រះ​ជន្ម​១២​ឆ្នាំ ទ្រង់​បាន​នាំ​រាស្រ្ត​ទ្រង់​ឲ្យ​វង្វេង​ចេញ​ពី​ព្រះ ​ហើយ​ពួក​គេ​ក៏​បាន​ធ្វើ​ការ​អាក្រក់​អស់​ជា​ច្រើន​ឆ្នាំ​(២របាក្សត្រ ៣៣:១-៩)។ ពួក​គេ​មិន​ខ្វល់ អំពី​ការ​ព្រមាន​របស់​ព្រះជា​ម្ចាស់​ឡើយ បាន​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​ស្តេច​ម៉ាន៉ាសេ​ធ្លាក់​ខ្លួន​ក្លាយ​ជា​អ្នក​ទោស នៅ​ចក្រ​ភព​បាប៊ីឡូន​(ខ.១០-១១)។

ស្តេច​អង្គ​នេះ​ក៏​បាន​បន្ទាប​ខ្លួន ស្រែក​រក​ព្រះ​ជាម្ចាស់ ដោយ​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ហើយ​ព្រះ​អង្គ​ក៏​បាន​ស្តាប់​ការ​ទូល​អង្វរ​របស់​ទ្រង់ ហើយ​ក៏​បាន​ឲ្យ​ទ្រង់​ដឹក​នាំ​នគរ​ទ្រង់​ឡើង​វិញ​(ខ.១២-១៣)។ ស្តេច​ដែល​បាន​ផ្លាស់​ប្រែ​នេះ ក៏​បាន​ជួស​ជុល​កំផែង​ទីក្រុង​ឡើង​វិញ ហើយ​ក៏​បាន​លប់​បំបាត់​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​របស់​សាសន៍​ដទៃ នៅ​ក្នុង​ទឹក​ដី​ទ្រង់​(ខ.១៤-១៥)។ “រួច​ទ្រង់​ស្អាង​អាសនា​ព្រះយេហូវ៉ា​ឡើង​វិញ … ក៏​បង្គាប់​ឲ្យ​ពួក​យូដា​គោរព​ប្រតិបត្តិ​តាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល”(ខ.១៦)។ ពេល​ដែល​ប្រជា​ជន​ទាំង​ឡាយ​បាន​សង្កេត​ឃើញ​ការ​ផ្លាស់​ប្រែ​ដ៏​ឆាប់​រហ័ស​របស់​ស្តេច​ម៉ាន៉ាសេ ពួក​គេ​ក៏​បាន​ផ្លាស់​ប្រែ​ផង​ដែរ​(ខ.១៧)។

ខណៈ​ពេល​ដែល​យើង​ស្វែង​រក​ព្រះ​ជា​ម្ចាស់ សូម​ទ្រង់​កែ​ប្រែ​យើង ហើយ​ជះ​ឥទ្ធិពល​មក​លើ​សហគមន៍​របស់​យើង តាម​រយៈ​យើង។—RUTH O’REILLY-SMITH

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles