ជម្រើសក្រៅពីការព្រួយបារម្ភ

មាន​បុរស​ដ៏​ស្មោះ​ត្រង់​ម្នាក់ ដែល​ជា​អ្នក​គោរព​ច្បាប់ បាន​ទទួល​សារ​ជា​សម្លេង​ពី​បុរស​ម្នាក់ ដែល​បាន​ថា ខ្លួន​ជា​មន្ត្រី​ប៉ូលីស ហើយ​បាន​ឲ្យ​បុរស​ម្នាក់​នោះទូរស័ព្ទ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​ខ្លួន។ ភ្លាម​ៗ​នោះ បុរស​ម្នាក់​នេះ​ក៏​បាន​ចាប់​ផ្តើម​ព្រួយ​បារម្ភ​ថា គាត់​ប្រហែល​ជា​បាន​ធ្វើ​អ្វី​ខុស​ហើយ។ គាត់​មិន​ហ៊ាន​ទូរស័ព្ទ​ទៅ​កាន់​លេខ​នោះ​ទេ ហើយ​ថែម​ទាំង​គេង​មិន​លក់ ដោយ​គិត​អំពី​រឿង​ដែល​អាច​កើត​ឡើង​ចំពោះ​គាត់។ មន្ត្រី​ប៉ូលីស​នោះ​មិន​ដែល​ទំនាក់​ទំនង​មក​គាត់​ម្តង​ទៀតឡើយ ប៉ុន្តែ សារ​ជា​សម្លេង​នោះ បាន​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍។

ព្រះយេស៊ូវ​បាន​ចោទ​សួរ នូវ​សំណួរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ អំពី​ការ​ព្រួយ​បារម្ភ​ថា “តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយសារ​សេចក្តី​ខ្វល់ខ្វាយ​បាន​ឬ​ទេ?”(ម៉ាថាយ ៦:២៧)។ សំណួរ​នេះ​អាច​ជួយ​ឲ្យ​យើង​គិត​ឡើង​វិញ អំពី​ការ​ព្រួយ​បារម្ភ ហើយ​ឈប់​ព្រួយ​បារម្ភ​តទៅ​ទៀត ព្រោះ​សំណួរ​នេះ​បាន​បញ្ជាក់​ថា ការ​ព្រួយ​បារម្ភ​មិនបាន​ជួយ​ដោះ​ស្រាយ​បញ្ហា ដែល​យើង​កំពុង​តែ​ព្រួយ​បារម្ភ​នោះ​ឡើយ។

ពេល​ដែល​បញ្ហា​កំពុង​តែ​បោះ​ពួយ​មក​រក​យើង​ពី​ចម្ងាយ យើង​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ទ្រង់​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ជៀស​វាង​បញ្ហា​នោះ។ ប៉ុន្តែ បើ​យើង​ដឹង​ថា យើង​មិន​អាច​ធ្វើ​អ្វី​មួយ ដើម្បី​ជៀស​វាង​បញ្ហា​នោះ​ទេ យើង​អាច​ទទួល​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​ជា​ម្ចាស់​មិន​ដែល​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​បញ្ហា តែ​ម្នាក់​ឯង​ឡើយ។ ទ្រង់​តែង​តែ​អាច​ជួយ​យើង​ជា​និច្ច។ យើង​ក៏​តែង​តែ​អាច​ថ្វាយ​បញ្ហា​យើង ទៅ​ទ្រង់ ដោយ​ជំនឿ​ និងការ​ទុក​ចិត្ត។

ពេល​ណា​យើង​មាន​ការ​ព្រួយ​បារម្ភ យើង​អាច​ស្តាប់​ព្រះ​បន្ទូល​លើក​ទឹក​ចិត្ត​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​ក៏​ធ្លាប់​មាន​ការ​ពិបាក និង​ការ​ព្រួយ​បារម្ភ​ផង​ដែរ។ ទ្រង់​មាន​បន្ទូល​ថា “ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ”(ទំនុកដំកើង ៥៥:២២)។ ការ​ថ្វាយ​បន្ទុក​ដល់​ព្រះ​ជា​ម្ចាស់ ជា​ជម្រើស​ដ៏​ល្អ ជំនួស​ឲ្យ​ការ​ព្រួយ​បារម្ភ! —DAVE BRANON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles