ព្រះអង្គសង្រ្គោះដែលយើងត្រូវការ

កាល​ពី​ឆ្នាំ​ទៅ ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​អធិស្ឋាន សូម​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ស្រ្តី​បី​នាក់ ដែល​កំពុង​តែ​តយុទ្ធ​នឹង​ជម្ងឺ​មហា​រីក។ យើង​ដឹង​ថា ព្រះ​ទ្រង់​មាន​អំណាច​ប្រោស​ពួក​គេ​ឲ្យ​ជា ហើយ​យើង​ក៏​បាន​ទូល​សូម​ឲ្យ​ទ្រង់​ប្រោស​ពួក​គេឲ្យ​ជា ជា​រៀង​រាល់​ថ្ងៃ។ យើង​បាន​ឃើញ​ទ្រង់​ប្រោស​គេ​ឲ្យ​ជា ដោយ​ការ​អស្ចារ្យ កាល​ពី​មុន ហើយ​យើង​ជឿ​ថា ទ្រង់​អាចធ្វើ​ការ​ប្រោស​ឲ្យ​ជា​នៅ​លើក​ក្រោយ​ៗ​ទៀត។ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​ម្នាក់​ៗ​កំពុង​តយុទ្ធ​នឹង​ជម្ងឺរ​នោះ នៅ​ថ្ងៃ​ខ្លះ យើង​បាន​ឃើញ​ការ​ប្រោស​ឲ្យ​ជា ហាក់​ដូច​ជា​បាន​កើត​ឡើង​មែន បាន​ជា​យើង​មាន​ការ​អរ​សប្បាយ។ ប៉ុន្តែ ពេល​រដូវ​ស្លឹក​ឈើ​ជ្រុះ​មក​ដល់ ពួក​គេ​ទាំង​បី​បាន​លា​ចាក​លោក។

អ្នក​ខ្លះ​និយាយ​ថា ការ​លាចាក​លោក​របស់​ពួក​គេ គឺ​ជា “ការ​ប្រោស​ឲ្យ​ជា​ ​ដ៏​ប្រសើរ​បំផុត”។ ប៉ុន្តែ ការ​បាត់​បង់​នេះ នៅតែ​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ យើង​ចង់​ឲ្យ​ព្រះ​អង្គ​ប្រោស​ពួក​គេ​ទាំង​បី​ឲ្យ​ជា នៅ​ពេល​នោះ ប៉ុន្តែ យើង​មិនយល់​ទេ​ថា ហេតុ​អ្វី​ទ្រង់​មិន​បាន​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ពួក​គេ​ជា​ពី​ជម្ងឺ​នោះ។

មនុស្ស​មួយ​ចំនួន​បាន​ដើរ​តាម​ព្រះ​យេស៊ូវ ដោយសារ​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ និង​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ​(យ៉ូហាន ៦:២,២៦)។ អ្នក​ខ្លះ​គ្រាន់​តែ​បាន​គិត​ថា ទ្រង់​ជា​កូន​ប្រុស​របស់​ជាង​ឈើ​ប៉ុណ្ណោះ​(ម៉ាថាយ ១៣:៥៥-៥៨) ហើយ​អ្នក​ដទៃ​ទៀត​រំពឹង​ថា ទ្រង់​នឹង​ធ្វើ​ជា​អ្នក​ដឹក​នាំ​នយោបាយ​របស់​ពួក​គេ​(លូកា ១៩:៣៧-៣៨)។ អ្នក​ខ្លះ​គិត​ថា ទ្រង់​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​(ម៉ាថាយ ៧:២៨-២៩) ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត បាន​ដើរ​តាម​ទ្រង់ ដោយសារ​ការ​បង្រៀន​របស់​ទ្រង់ ពិបាក​នឹង​ឲ្យ​ពួក​គេ​យល់​(យ៉ូហាន ៦:៦៦)។

ព្រះយេស៊ូវ​មិន​តែង​តែ​ធ្វើ​អ្វី ដែល​យើង​រំពឹង​ឲ្យ​ទ្រង់​ធ្វើ​នោះ​ឡើយ។ តែ​ទ្រង់​ល្អ​ហួស​ក្តី​ស្រមៃ​របស់​យើង។ ទ្រង់​ជា​អ្នក​ប្រទាន​ជីវិត​អស់​កល្ប​ជា​និច្ច(ខ.៤៧-៤៨)។ ទ្រង់​ល្អ និង​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ទ្រង់​ស្រឡាញ់ អត់​ទោស គង់​នៅ​ក្បែរ ហើយ​នាំ​មក​នូវ​ការ​កម្សាន្ត​ចិត្ត។ ចូរ​យើង​ស្វែង​រក​ការ​សម្រាក ក្នុង​ព្រះ​យេស៊ូវ ដោយ​ដឹង​ថា​ទ្រង់​ជា​នរណា ហើយ​បន្ត​ដើរ​តាម​ទ្រង់​ជា​និច្ច។—ANNE CETAS

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles