ខ្ញុំមានសត្វឆ្កែមួយក្បាល ឈ្មោះ “ប៊ែរ” ជាពូជសត្វឆ្កែប្រមាញ់ឡាប្រាដូ ដែលមានទម្ងន់ជាង៥០គីឡូក្រាម។ ខ្ញុំបានដាក់ទឹកឲ្យវាផឹក នៅក្នុងចានដែកដ៏ធំមួយ នៅកៀនជ្រុងជញ្ជាំងផ្ទះបាយ។ ពេលណាទឹកក្នុងចានរីងអស់ វាមិនបានព្រុស ឬយកជើងទៅកាយចានដែកនោះទេ។ ផ្ទុយទៅវិញ វាផ្តេកខ្លួន និងរង់ចាំយ៉ាងស្ងាត់ស្ងៀម នៅក្បែរចានដែកនោះ។ ជួនកាល វាត្រូវរង់ចាំជាច្រើននាទី ប៉ុន្តែ វាបានរៀនទុកចិត្តថា ខ្ញុំនឹងដើរចូលក្នុងផ្ទះបាយ ឃើញវានៅទីនោះ ហើយផ្តល់ឲ្យវានូវអ្វីដែលវាត្រូវការជាមិនខាន។ ជំនឿដ៏សាមញ្ញដែលវាមានចំពោះខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំថា ខ្ញុំត្រូវទុកចិត្តព្រះកាន់តែខ្លាំង។ នេះជាមេរៀនអំពីសេចក្តីជំនឿដ៏ប្រសើរ ដែលខ្ញុំអាចរកបាន ពីកន្លែងដែលខ្ញុំមិននឹកស្មានដល់។
ព្រះគម្ពីរបានចែងថា “សេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”(ហេព្រើរ ១១:១)។ ព្រះជាម្ចាស់ គឺជាគ្រឹះនៃការទុកចិត្ត និងការដឹងជាក់ ហើយទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកដែលស្វែងរកទ្រង់ អស់ពីចិត្ត(ខ.៦)។ ព្រះជាម្ចាស់ មានព្រះទ័យស្មោះត្រង់ ចំពោះព្រះបន្ទូលសន្យា ដែលទ្រង់ប្រទានដល់អ្នកដែលជឿ និងចូលមករកទ្រង់ តាមរយៈព្រះយេស៊ូវ។
ជួនកាល ការមានជំនឿ នៅក្នុង “ការអ្វី ដែលយើងមើលមិនឃើញ” គឺមិនមែនជាការងាយទេ។ ប៉ុន្តែ យើងអាចសម្រាក ដោយទុកចិត្តចំពោះសេចក្តីល្អ និងចរិយាសម្បត្តិដែលមានក្តីស្រឡាញ់របស់ទ្រង់ ដោយទុកចិត្តថា ប្រាជ្ញាទ្រង់ មានភាពល្អឥតខ្ចោះ ក្នុងគ្រប់ការទាំងអស់ សូម្បីតែនៅពេលដែលយើងត្រូវរង់ចាំទ្រង់ឆ្លើយតបក៏ដោយ។ ទ្រង់តែងតែស្មោះត្រង់ ចំពោះព្រះបន្ទូល ដែលទ្រង់បានសន្យាថា នឹងសង្រ្គោះវិញ្ញាណរបស់យើង ហើយបំពេញតម្រូវការដ៏ជ្រាលជ្រៅបំផុតរបស់យើង នៅពេលបច្ចុប្បន្ន និងអស់កល្បជានិច្ច។—JAMES BANKS