អ្វីដែលអ្នកមិនអាចបោះបង់ចោល?

ថ្ងៃ​មួយ ពិធី​ករ​វិទ្យុ​បាន​ចោទ​ជា​សំណួរ​ថា “តើ​មាន​របស់​អ្វី​មួយ ដែល​អ្នក​មិន​អាច​លះ​បង់?” ប្រិយ​មិត្ត​អ្នក​ស្តាប់ទាំង​ឡាយ ក៏​បាន​ទូរស័ព្ទ​ចូល​មក ដោយ​នាំ​មក​នូវ​ចម្លើយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។ អ្នក​ខ្លះ​និយាយ​ថា ពួក​គេ​មិន​អាច​លះ​បង់​គ្រួសារ ហើយ​ក្នុង​ចំណោម​នោះ មាន​បុរស​ជា​ស្វាមី​ម្នាក់​បាន​ចែក​រំលែក អំពី​បទ​ពិសោធន៍​នៃ​ការ​បាត់​បង់​ភរិយា​របស់​ខ្លួន ដែល​បាន​លា​ចាក​លោក​ទៅ។ អ្នក​ខ្លះ​ទៀត​បាន​ចែក​រំលែក​ថា ពួកគេ​មិន​អាច​លះ​បង់​ក្តី​ស្រមៃ​របស់​ខ្លួន ដែល​មាន​ដូច​ជា ការ​ស្រមៃ​ចង់​មាន​អាជីព​ជា​តន្ត្រីករ ឬ​ក្លាយ​ជា​ម្តាយ​គេ​ជា​ដើម។ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​អ្វី​មួយ ដែល​យើង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ដែល​មាន​ដូច​ជា មនុស្ស សេចក្តី​ប្រាថ្នា ឬ​របស់​ទ្រព្យ​អ្វី​មួយ ដែល​សុទ្ធ​តែ​ជា​អ្វី​ដែល​យើងមិន​អាច​លះ​បង់។

ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​យើង​ថា ទ្រង់​នឹង​មិន​បោះ​បង់​ប្រជា​ជន​អ៊ីស្រាអែល ដែល​ជា​រាស្រ្ត​ជ្រើស​តាំង និង​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​ទ្រង់​នោះ​ឡើយ។ ក្នុង​នាម​ទ្រង់​ជា​ស្វាមី​ដែល​មាន​ក្តី​ស្រឡាញ់​របស់​រាស្រ្ត​អ៊ីស្រាអែល ទ្រង់​បាន​ប្រទាន​ពួក​គេ នូវ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ ដែល​មាន​ដូច​ជា ទឹក​ដី អាហារ ទឹក សំលៀក​បំពាក់ និង​សេចក្តី​សុខ​សាន្ត​ជា​ដើម។ តែ​រាស្រ្ត​អ៊ីស្រាអែល​ចេះ​តែ​បដិសេធ​ទ្រង់ ហើយ​ស្វែង​រក​សុភ​មង្គល និង​សេចក្តី​សុខ​របស់​ខ្លួន ជា​មួយ​ព្រះ​ដទៃ ដូច​ជា​ប្រពន្ធ​ដែល​ផឹត​ក្បត់។ ពេល​ដែល​ព្រះ​អម្ចាស់​តាម​រក​ពួក​គេ​កាន់​តែ​ខ្លាំង នោះ​ពួក​គេ​ក៏​បាន​រសាត់​ទៅ​កាន់​តែ​ឆ្ងាយ​ពី​ទ្រង់​(ហូសេ ១១:២)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​នៅ​តែ​មិន​បោះ​បង់​ពួក​គេ​ចោល ទោះ​ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ​ទ័យ​ទ្រង់​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ​(ខ.៨)។ ទ្រង់​នឹង​បន្ត​វាយ​ផ្ចាល់​រាស្រ្ត​អ៊ីស្រាអែល ដើម្បី​ប្រោស​លោះ​ពួក​គេ ដ្បិត​ទ្រង់​នៅ​តែ​មាន​ព្រះ​ទ័យ​ចង់​ផ្សះ​ផ្សា​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ​ឡើង​វិញ​(ខ.១១)។

សព្វ​ថ្ងៃ​នេះ កូន​របស់​ព្រះ សុទ្ធ​តែ​អាច​មាន​ការ​ធានា​ថា សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង​ ជា​សេចក្តី​ស្រឡាញ់​ដែល​នឹង​មិន​ដែល​បោះ​បង់​យើង​ចោល​ឡើយ(រ៉ូម ៨:៣៧-៣៩)។ បើ​យើង​វង្វេង​ចេញ​ពី​ទ្រង់ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​វិល​ត្រឡប់​មក​ទ្រង់​វិញ។​ ពេលណា​ទ្រង់​វាយ​ផ្ចាល​យើង យើង​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ការវាយ​ផ្ចាល​នោះ​ជា​សញ្ញា​បញ្ជាក់​ថា ទ្រង់​កំពុង​តែ​តាម​រក​យើង គឺ​មិន​មែន​បដិសេធ​យើង​ឡើយ។ យើង​ជា​ទ្រព្យ​ដ៏​មានតម្លៃ​របស់​ទ្រង់ បាន​ជា​ទ្រង់​មិន​អាច​បោះ​បង់​យើង​ចោល​ឡើយ។—POH FANG CHIA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles