វាមិនមែនជារឿងចម្លែកទេ ដែលក្នុងអំឡុងពេលនៃការធ្វើដំណើរ មានអ្នកដំណើរណាម្នាក់ ចោទសួរថា “តើយើងទៅដល់ហើយឬនៅ?” ឬសួរថា “តើនៅយូរប៉ុណ្ណាទៀត ទើបទៅដល់?” តើនរណា ដែលមិនធ្លាប់ឮសំណួរដ៏សាមញ្ញនេះ ចេញពីបបូរមាត់ក្មេង ឬមនុស្សធំ ដែលអន្ទះសារចង់ឲ្យឆាប់ទៅដល់គោលដៅ? ប៉ុន្តែ មនុស្សគ្រប់វ័យសុទ្ធតែងាយនឹងសួរសំណួរដូចនេះដែរ ពេលដែលពួកគេជួបប្រទះបញ្ហា ដែលហាក់ដូចជាមិនចេះចប់មិនចេះហើយ។
ជាក់ស្តែងក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១៣ យើងឃើញថា ស្តេចដាវីឌ បានចោទនូវសំណួរដូចនេះ។ ក្នុងខគម្ពីរពីរខដំបូង ស្តេចដាវីឌមានអារម្មណ៍ថា ហាក់ដូចជាត្រូវបានគេបំភ្លេចចោល បោះបង់ចោល និងមានអារម្មណ៍ថា បរាជ័យ បានជាទ្រង់ពោលពាក្យទំនួញបួនដងថា “តើដល់កាលណាទៀត?” ក្នុងខ.២ ទ្រង់សួរថា “តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា?” បទគម្ពីរទំនុកដំកើង ដែលមានពោលទំនួញយ៉ាងដូចនេះ គឺបានប្រាប់យើងថា យើងអាចចូលទៅចំពោះព្រះអម្ចាស់ ដើម្បីថ្វាយបង្គំទ្រង់ ដោយទូលសួរទ្រង់ផងដែរ។ សរុបមក ក្នុងអំឡុងពេលដែលមានទុក្ខលំបាក និងការនឿយព្រួយដែលបានអូសបន្លាយពេលដ៏យូរ ព្រះជាម្ចាស់ជាបុគ្គលដ៏ល្អបំផុត ដែលយើងត្រូវថ្លែងប្រាប់គ្រប់រឿង ដែលយើងបានជួបប្រទះ។ យើងអាចទូលថ្វាយទ្រង់ អំពីទុក្ខលំបាក ដោយសារជម្ងឺ ការកាន់ទុក្ខ និងមនុស្សជាទីស្រឡាញ់ដែលបានដើរខុសគន្លង ហើយផ្ទេរបន្ទុកទាំងអស់នេះ ដាច់ដល់ទ្រង់។
ការថ្វាយបង្គំមិនត្រូវអាក់ខាន ដោយសារយើងមានសំណួរ ដែលត្រូវទូលថ្វាយព្រះជាម្ចាស់នោះឡើយ។ ព្រះនៃនគរស្ថានសួគ៌ដែលមានគ្រប់ព្រះចេស្តា តែងតែទទួលស្វាគមន៍ សំណួររបស់យើងដែលមានពេញដោយក្តីកង្វល់។ ហើយទន្ទឹមនឹងនោះ យើងអាចយកគំរូតាមស្តេចដាវីឌ ដោយធ្វើឲ្យសំណួររបស់យើងប្រែក្លាយជាការទូលអង្វរ និងការបង្ហាញចេញនូវទំនុកចិត្ត និងការសរសើរដំកើង ចំពោះព្រះអម្ចាស់(ខ.៣-៦)។—ARTHUR JACKSON