
រូបភាពមនុស្សដ៏ច្រើនឥតគណនា
ដោយDavid C. McCasland
January 25, 2019
ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់របស់ទូរទស្សន៍ អំពីពិធីចូលកាន់តំណែង របស់ប្រធានាធិបតីអាមេរិក ស្បែកខ្មៅទីមួយ កាំមីរ៉ាបានបង្ហាញរូបភាពមនុស្សជិត២លាននាក់ ដែលបានមកជួបជុំគ្នា ដើម្បីធ្វើជាសាក្សីនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ លោកបប់ ស្គីហ្វឺ(Bob Schieffer) ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានCBS បានធ្វើការកត់សំគាល់ថា “តួរឯកនៃកម្មវិធីនេះ គឺជាហ្វូងមនុស្សដ៏ច្រើនសណ្ឋឹក ដែលកាំមីរ៉ាពិបាកនឹងថតយករូបភាពដ៏វែងដាច់កន្ទុយភ្នែក”។ តើធ្វើដូចម្តេច ឲ្យគេអាចថតយករូបភាពរបស់មនុស្សដ៏ច្រើនយ៉ាងនេះឲ្យអស់ ដែលបានលាតសន្ធឹងពីវិមានរំឭកលោកលីនខិន ទៅដល់វិមានកាពីតូល? ព្រះគម្ពីរបានពិពណ៌នា អំពីទិដ្ឋភាពនៃព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនលើសនេះទៀត ដែលពួកគេបានរួបរួមគ្នា ដោយជំនឿលើព្រះយេស៊ូវគ្រីស្ទ។ បទគម្ពីរ ១ពេត្រុស ២:៩ បានចែងថា “អ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់”។ នេះមិនមែនជាទិដ្ឋភាពដែលមានមនុស្សពីរបីនាក់ដែលមានឯកសិទ្ធិ មកចូលរួមនោះទេ តែនៅពេលនោះ មានមនុស្សដែលបានទទួលការប្រោសលោះជាច្រើនឥតគណនា មកពី “គ្រប់ពូជអំបូរ ភាសា និងជាតិសាសន៍”(វិវរណៈ ៥:៩)។ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទកំពុងរស់នៅរាយប៉ាយ នៅទូទាំងពិភពលោក ដែលក្នុងនោះ មានមនុស្សជាច្រើនមានអារម្មណ៍ថានៅដាច់ពីគេ និងកំពុងតែរងទុក្ខ ដោយសារភាពស្មោះស្ម័គ្រដែលពួកគេមានចំពោះព្រះយេស៊ូវ។ ប៉ុន្តែ តាមរយៈការឆ្លុះបញ្ចាំងក្នុងព្រះបន្ទូលព្រះ យើងអាចឃើញមានអ្នកដែលចូលរួមព្រឹត្តិការណ៍នោះ ដែលជារូបភាពដ៏វែងដាច់កន្ទុយភ្នែក ដែលពួកគេជាបងប្អួនប្រុសស្រីរួមជំនឿរបស់យើង កំពុងតែឈរផ្តុំគ្នា ដើម្បីថ្វាយព្រះកិត្តិនាម ដល់ព្រះ ដែលបានប្រោសលោះយើង និងធ្វើឲ្យយើងក្លាយជារាស្រ្តរបស់ទ្រង់។ ចូរយើងរួមគ្នាសរសើរដំកើងព្រះមួយអង្គ ដែលបានលោះយើង ចេញពីភាពងងឹត ហើយនំាយើងចូលទៅក្នុងពន្លឺ។—DAVID C. MCCASLAND
បទគម្ពីរប្រចាំថ្ងៃ
អ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់។ ១ពេត្រុស ២:៩