ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់របស់ទូរទស្សន៍ អំពីពិធីចូលកាន់តំណែង របស់ប្រធានាធិបតីអាមេរិក ស្បែកខ្មៅទីមួយ កាំមីរ៉ាបានបង្ហាញរូបភាពមនុស្សជិត២លាននាក់ ដែលបានមកជួបជុំគ្នា ដើម្បីធ្វើជាសាក្សីនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ លោកបប់ ស្គីហ្វឺ(Bob Schieffer) ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានCBS បានធ្វើការកត់សំគាល់ថា “តួរឯកនៃកម្មវិធីនេះ គឺជាហ្វូងមនុស្សដ៏ច្រើនសណ្ឋឹក ដែលកាំមីរ៉ាពិបាកនឹងថតយករូបភាពដ៏វែងដាច់កន្ទុយភ្នែក”។ តើធ្វើដូចម្តេច ឲ្យគេអាចថតយករូបភាពរបស់មនុស្សដ៏ច្រើនយ៉ាងនេះឲ្យអស់ ដែលបានលាតសន្ធឹងពីវិមានរំឭកលោកលីនខិន ទៅដល់វិមានកាពីតូល?
ព្រះគម្ពីរបានពិពណ៌នា អំពីទិដ្ឋភាពនៃព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនលើសនេះទៀត ដែលពួកគេបានរួបរួមគ្នា ដោយជំនឿលើព្រះយេស៊ូវគ្រីស្ទ។ បទគម្ពីរ ១ពេត្រុស ២:៩ បានចែងថា “អ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់”។
នេះមិនមែនជាទិដ្ឋភាពដែលមានមនុស្សពីរបីនាក់ដែលមានឯកសិទ្ធិ មកចូលរួមនោះទេ តែនៅពេលនោះ មានមនុស្សដែលបានទទួលការប្រោសលោះជាច្រើនឥតគណនា មកពី “គ្រប់ពូជអំបូរ ភាសា និងជាតិសាសន៍”(វិវរណៈ ៥:៩)។ សព្វថ្ងៃនេះ គ្រីស្ទបរិស័ទកំពុងរស់នៅរាយប៉ាយ នៅទូទាំងពិភពលោក ដែលក្នុងនោះ មានមនុស្សជាច្រើនមានអារម្មណ៍ថានៅដាច់ពីគេ និងកំពុងតែរងទុក្ខ ដោយសារភាពស្មោះស្ម័គ្រដែលពួកគេមានចំពោះព្រះយេស៊ូវ។ ប៉ុន្តែ តាមរយៈការឆ្លុះបញ្ចាំងក្នុងព្រះបន្ទូលព្រះ យើងអាចឃើញមានអ្នកដែលចូលរួមព្រឹត្តិការណ៍នោះ ដែលជារូបភាពដ៏វែងដាច់កន្ទុយភ្នែក ដែលពួកគេជាបងប្អួនប្រុសស្រីរួមជំនឿរបស់យើង កំពុងតែឈរផ្តុំគ្នា ដើម្បីថ្វាយព្រះកិត្តិនាម ដល់ព្រះ ដែលបានប្រោសលោះយើង និងធ្វើឲ្យយើងក្លាយជារាស្រ្តរបស់ទ្រង់។
ចូរយើងរួមគ្នាសរសើរដំកើងព្រះមួយអង្គ ដែលបានលោះយើង ចេញពីភាពងងឹត ហើយនំាយើងចូលទៅក្នុងពន្លឺ។—DAVID C. MCCASLAND