ខណៈពេលដែលខ្ញុំកំពុងតែរង់ចាំ នៅស្ថានីយរថភ្លើង ដើម្បីធ្វើដំណើរប្រចាំសប្តាហ៍ គំនិតវិជ្ជមានជាច្រើន បានពពាក់ពពូនគ្នា នៅក្នុងគំនិតខ្ញុំ ដូចអ្នកដំណើរដែលកំពុងឈរតម្រង់ជួបបញ្ជ្រាតគ្នា ដើម្បីរង់ចំាឡើងរថភ្លើង។ ពេលនោះ ខ្ញុំមានភាពតានតឹងក្នុងចិត្ត ដោយសារការសង្ស័យ និងសម្តីដែលគេនិយាយមកខ្ញុំ ដោយគ្មានមេត្តា ហើយខ្ញុំក៏មានភាពអស់សង្ឃឹម ដោយសារភាពអយុត្តិធម៌ ដែលសមាជិកក្រុមគ្រួសាររបស់ខ្ញុំម្នាក់ បានទទួលរង កាលពីពេលថ្មីៗនេះ។ ដល់ពេលដែលរថភ្លើងមកដល់ ខ្ញុំមានអារម្មណ៍មិនល្អសោះ។
ពេលខ្ញុំឡើងជិះរថភ្លើង គំនិតមួយទៀតក៏បានលេចឡើង ដោយជំរុញឲ្យខ្ញុំសរសេរសេចក្តីអធិស្ឋាន សម្រាប់ទូលថ្វាយព្រះ នូវពាក្យទំនួញរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំក៏បានសរសេរពាក្យទំនួញរបស់ខ្ញុំចប់ ហើយខ្ញុំក៏បានដកទូរស័ព្ទរបស់ខ្ញុំចេញមក ដើម្បីស្តាប់បទចម្រៀងសរសើរដំកើង។ អារម្មណ៍អាក្រក់ដែលខ្ញុំមានមុននោះ ក៏បានផ្លាស់ប្តូរទាំងស្រុង ដោយមិនដឹងខ្លួន។
ខ្ញុំក៏បានដឹងថា តាមពិត ខ្ញុំកំពុងតែអនុវត្តតាមគំរូរបស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៩៤។ អ្នកនិពន្ធបទគម្ពីរនេះ បានពោលទំនួញរបស់ខ្លួនថា “ឱចៅក្រមនៃផែនដីអើយ សូមទ្រង់ក្រោកឡើង សូមសងដល់ពួកឆ្មើងឆ្មៃតាមសមគួរ … តើអ្នកណានឹងក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងពួកអ្នកដែលប្រព្រឹត្តការអាក្រក់ តើអ្នកណានឹងឈរឡើងជំនួសខ្ញុំ ដើម្បីទប់ទល់នឹងពួកដែលប្រព្រឹត្តការទុច្ចរិត?”(ទំនុកដំកើង ៩៤:២,១៦)។ ត្រង់ចំណុចនេះ គាត់មិនបានលាក់ទុកអ្វីដែលមានក្នុងចិត្តឡើង ពេលដែលគាត់ទូលថ្វាយព្រះ អំពីអំពើអយុត្តិធម៌ ដែលគេបានធ្វើមកលើស្ត្រីមេម៉ាយ និងក្មេងកំព្រា។ បន្ទាប់ពីគាត់បានទូលពាក្យទំនួញដល់ព្រះជាម្ចាស់ហើយ គាត់ក៏បានចូលទៅក្នុងការសរសើរដំកើងថា “ប៉ុន្តែព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន”(ខ.២២)។
ព្រះជាម្ចាស់អញ្ជើញយើង ឲ្យនាំពាក្យទំនួញរបស់យើង ថ្វាយទ្រង់។ ព្រះអង្គអាចកែប្រែការភ័យខ្លាច ទុក្ខព្រួយ និងភាពអស់សង្ឃឹម ឲ្យក្លាយជាការសរសើរដំកើង។ —LINDA WASHINGTON