លោកប៊ីលី ក្រហាំ(Billy Graham) ដែលជាអ្នកផ្សាយដំណឹងល្អអាមេរិកដ៏ល្បីល្បាញ ធ្លាប់បានរៀបរាប់ថា កាលពីមុន គាត់មានការពិបាក នៅក្នុងការទទួលស្គាល់ថា អ្វីៗដែលមានចែងក្នុងព្រះគម្ពីរប៊ីប សុទ្ធតែជាសេចក្តីពិត។ នៅយប់មួយនោះ គាត់បានដើរម្នាក់ឯង ក្រោមពន្លឺដួងច័ន្ទ នៅក្នុងមជ្ឈមណ្ឌលវិស្សមកាលមួយ ក្នុងតំបន់ភ្នំសាន បឺណាឌីណូ។ គាត់ក៏បានលត់ជង្គង់ចុះ ហើយក៏បានដាក់ព្រះគម្ពីរប៊ីបរបស់គាត់ នៅលើគល់ឈើមួយ ហើយពោលពាក្យអធិស្ឋានយ៉ាងខ្លីថា “ព្រះអង្គអើយ មានសេចក្តីជាច្រើនក្នុងសៀវភៅនេះ ដែលទូលបង្គំមើលមិនយល់”។
គាត់ក៏បានសារភាព អំពីការភាន់ច្រឡំរបស់គាត់ ហើយទីបំផុត ព្រះវិញ្ញាណបរិសុទ្ធក៏បានបណ្តាលចិត្តគាត់ឲ្យនិយាយថា “ព្រះវរបិតា ទូលបង្គំសូមទទួលស្គាល់ ដោយជំនឿថា ព្រះគម្ពីរប៊ីបជាព្រះបន្ទូលព្រះអង្គ!” ពេលដែលគាត់ក្រោកឈរឡើងវិញ គាត់នៅមានសំណួរ តែគាត់និយាយថា “ខ្ញុំបានដឹងថា ខ្ញុំបានតយុទ្ធនឹងសង្រ្គាមខាងវិញ្ញាណ ក្នុងព្រលឹងរបស់ខ្ញុំ ហើយខ្ញុំបានឈ្នះហើយ”។
ហោរាវ័យក្មេង ឈ្មោះយេរេមា ក៏បានតយុទ្ធនឹងសង្រ្គាមខាងវិញ្ញាណផងដែរ។ តែគាត់តែងតែស្វែងរកចម្លើយ នៅក្នុងព្រះគម្ពីរ។ គឺដូចដែលគាត់បានអធិស្ឋានថា “ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ”(យេរេមា ១៥:១៦)។ ហើយគាត់បានប្រកាសថា ព្រះបន្ទូលព្រះអម្ចាស់ នៅក្នុងចិត្តគាត់ ដូចជាភ្លើងឆេះ ដែលកប់ក្នុងឆ្អឹងរបស់គាត់(២០:៨-៩)។ លោកឆាល ស្ពើជិន(Charles Spurgeon) ដែលជាអ្នកផ្សាយដំណឹងល្អ នៅសតវត្សរ៍ទី១៩ បានសរសេរថា “លោកយេរេមាបាននាំយើងចូលទៅក្នុងសេចក្តីអាថ៌កំបាំងមួយ។ ការរស់នៅរបស់គាត់ និងជាពិសេសកិច្ចការដ៏ស្មោះត្រង់ ដែលគាត់ធ្វើបម្រើព្រះ គឺបានកើតចេញពីសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះព្រះបន្ទូលព្រះ ដែលគាត់បានចែកចាយដល់គេ”។
យើងក៏អាចរស់នៅ ដោយផ្អែកទៅលើប្រាជ្ញានៃព្រះគម្ពីរប៊ីប ទោះយើងជួបការលំបាកយ៉ាងណាក៏ដោយ។ យើងនៅតែអាចសិក្សាព្រះបន្ទូល ដោយជំនឿជានិច្ច។—Patricia Raybon