ចម្លងយើងកាត់ខ្យល់ព្យុះ

ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​លើក​ទី​មួយ របស់​បេសកជន​ស្កត់ឡង់ ឈ្មោះ អាឡេស៊ែនឌ័រ ដាហ្វ(Alexander Duff) ទៅ​កាន់​ប្រទាន​ឥណ្ឌា នៅ​ឆ្នាំ​១៨៣០ សំពៅ​គាត់​បាន​លិច ពេល​មាន​ខ្យល់​ព្យុះ​នៅ​ក្បែរ​តំបន់​ឆ្នេរ​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ គាត់ និង​អ្នក​រួម​ដំណើរ​ជា​មួយ​គាត់​បាន​ទៅ​ដល់​កោះ​តូច​មួយ ដែល​នៅ​ដាច់​ស្រយាល ហើយ​បន្តិច​ក្រោយ​មក ក្នុង​ចំណោម​ពួក​នាវិក មាន​ម្នាក់​បាន​រក​ឃើញ​ព្រះ​គម្ពីរ​ប៊ីប​របស់​លោក​ដាហ្វ ដែល​បាន​អណ្តែត​មក​ទើរ​លើ​ឆ្នេរ។ ពេល​ព្រះ​គម្ពីរ​នោះ​ស្ងួត លោក​ដាហ្វ​ក៏​បាន​អាន​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៧ ទៅ​កាន់​អ្នក​ដែល​បាន​រួច​ជីវិត​ជា​មួយ​គាត់ ហើយ​ពួក​គេ​ក៏​មាន​ចិត្ត​ក្លាហាន​ឡើង។ ទី​បំផុត បន្ទាប់​ពី​គេ​បាន​ជួយ​សង្រ្គោះ ហើយ​លោក​ដាហ្វ​បាន​លិច​សំពៅ​ម្តង​ទៀត គាត់​ក៏​បាន​មក​ដល់​ប្រទេស​ឥណ្ឌា​ដោយ​សុវត្ថិភាព។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៧ បាន​ចែង​អំពី​វិធី​ដែល​ព្រះ​ទ្រង់​ជួយ​រំដោះ​ប្រជាជន​អ៊ីស្រាអែល។ បទ​គម្ពីរ​នេះ​ពិត​ជា​ត្រូវ​នឹង​រឿង​របស់​លោក​ដាហ្វ និង​មិត្ត​រួម​នាវា​របស់​គាត់​បាន​ជួប​ប្រទះ បាន​ជា​ពួក​គេ​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​សារ​សេចក្តី​ដែល​បាន​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ”(ខ.២៩-៣០)។ ហើយ​ពួក​គេ​ក៏​បាន អរ​ព្រះគុណ​ព្រះ​អម្ចាស់ ដូច​ពួក​អ៊ីស្រាអែល “សម្រាប់​សេចក្តី​ស្រឡាញ់​ដែល​មិន​ប្រែ​ប្រួល​របស់​ព្រះ និង​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ប្រោស​ដល់​មនុស្ស​ជាតិ”(ខ.៣១)។

សេចក្តី​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១០៧:២៨-៣០ ក៏​ស្រប​នឹង​សេចក្តី​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​សញ្ញាថ្មី​ផង​ដែរ​(ម៉ាថាយ ៨:២៣-២៧ ម៉ាកុស ៤:៣៥-៤១)។ ខ្យល់​ព្យុះ​បាន​ចាប់​ផ្តើម​បក់​បោក​មក ពេល​ដែល​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​របស់​ព្រះ​អង្គ​កំពុង​គង់​នៅ​ក្នុង​ទូក។ ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្រែក​ឡើង ដោយ​ការ​ភ័យ​ខ្លាច ហើយ​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​ដែល​បាន​ប្រសូត​ជា​មនុស្ស ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់។ យើង​ក៏​អាច​មាន​ចិត្ត​ក្លាហាន​ឡើង​ផង​ដែរ! ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​ដ៏​មាន​អំណាច​ចេស្តា​នៃ​យើង ស្តាប់​ឮ និង​ឆ្លើយ​តប ពេល​យើង​ស្រែក​រក​ព្រះ​អង្គ ហើយ​កម្សាន្ត​ចិត្ត​យើង ក្នុង​ពេល​ដែល​មាន​ខ្យល់​ព្យុះ។​—Alyson Kieda

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles