មិនស្វែងរកការសងសឹក

កសិករ​ម្នាក់​បាន​ឡើង​ទៅ​លើ​ឡាន​របស់​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​ពិនិត្យ​មើល​ដំណាំ​របស់​គាត់។ ពេល​គាត់​ទៅ​ដល់​ចុង​ម្ខាង កំហឹង​របស់​គាត់​ក៏​បាន​ឆួល​ឡើង។ គេ​បាន​ប្រើ​ដី​ក្នុង​កសិដ្ឋាន​របស់​គាត់ ដើម្បី​ចាក់​សំរាម ដោយ​ខុស​ច្បាប់ ម្តង​ទៀត​ហើយ។

គាត់​ក៏​បាន​ប្រមូល​សំរាម​ដាក់​នៅ​លើ​ឡាន​គាត់ ដែល​មាន​ថង់​ច្រក​កំទេច​អាហារ​ជា​ច្រើន ហើយ​គាត់​ក៏​បាន​រក​ឃើញ​ស្រោម​សំបុត្រ​មួយ ក្នុង​សំរាម​នោះ។ នៅ​លើ​ស្រោម​សំបុត្រ​នោះ មាន​អាស័យ​ដ្ឋាន​របស់​ជន​ល្មើស​នោះ។ គាត់​មិន​អាច​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ​ឡើយ។ នៅ​យប់​នោះ គាត់​ក៏​បាន​បើក​ឡាន​ដឹក​សំរាម​ទៅ​ផ្ទះ​របស់​ជន​ល្មើស​នោះ ហើយ​ក៏​បាន​បំពេញ​ទីធ្លា​ផ្ទះ​នោះ ដោយ​សំរាម​របស់​ជន​នោះ ព្រម​ទាំង​សំរាម​របស់​គាត់​ផង​ដែរ។

អ្នក​ខ្លះ​ប្រហែល​ជា​ចង់​និយាយ​ថា គាត់​ពិត​ជា​សង​សឹក​បាន​ល្អ​ណាស់ តើ​មែន​ទេ? ក្នុង​បទ​គម្ពីរ ១សាំយ៉ូអែល ជំពូក​២៤ ស្តេច​ដាវីឌ និង​ពួក​ទ័ព​របស់​ទ្រង់ កំពុង​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​មួយ ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់​ស្តេច​សូល។ ពេល​ដែល​ស្តេច​សូល​បាន​វង្វេង​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ ដើម្បី​សម្រាក ពួក​ទ័ព​របស់​ស្តេច​ដាវីឌ​ក៏​បាន​មើល​ឃើញ​ឱកាស​ល្អ ដើម្បី​សង​សឹក ដែល​មិន​អាច​មើល​រំលង​(ខ.៣-៤)។

ប៉ុន្តែ ស្តេច​ដាវីឌ​បាន​ប្រឆាំង​នឹង​បំណង​ចិត្ត​ខ្លួន​ឯង ដែល​ចង់​សង​សឹក។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “សូម​ព្រះយេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដល់​ចៅហ្វាយ​របស់​ខ្ញុំ”(ខ.៦)។ ពេល​ស្តេច​សូល​បាន​ដឹង​ថា ​ដាវីឌ​បាន​ទុក​ជីវិត​ឲ្យ​ទ្រង់ ទ្រង់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ទ្រង់​ក៏​បាន​លាន់​មាត់​ថា “ឯង​សុចរិត​ជាង​អញ”(ខ.១៧-១៨)។

ពេល​ណា​យើង ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ជួប​រឿង​អយុត្តិធម៌ ឱកាស​សង​សឹក​អាច​មក​ដល់ នៅ​ពេល​ណា​មួយ។ តើ​យើង​នឹង​ធ្វើ​តាម​បំណង​របស់​យើង ដូច​កសិករ​នោះ ឬ​ប្រឆាំង​នឹង​បំណង​ខ្លួន​ឯង តាម​គំរូ​ស្តេច​ដាវីឌ? តើ​យើង​នឹង​ជ្រើស​រើស​យក​ភាព​សុចរិត ជា​ជាង​រើស​យក​ការ​សង​សឹក​ឬ​?—Sheridan Voysey

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles