ការស្តាប់តាមការដាស់តឿន

ពេល​ដែល​ចោរ​លូក​ហោប៉ៅ​បាន​ព្យាយាម​លួច​កាបូប​លុយ​របស់​ខ្ញុំ ខណៈ​ពេល​ដែល​​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស ខ្ញុំ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ ខ្ញុំ​បាន​អាន​អំពី​ការ​ដាស់​តឿន អំពី​គ្រោះថ្នាក់​នៃ​ចោរ​ក្រោម​ដី ដូច​នេះ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ការពារ​កាបូប​លុយ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​រំពឹង​ថា វា​នឹង​កើត​ឡើង​នោះ​ទេ។

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ កាល​យុវជន​ដែល​បាន​លូក​យក​កាបូប​លុយ​របស់​ខ្ញុំ មាន​ដៃ​រអិល ធ្វើឲ្យ​កាបូប​លុយ​ខ្ញុំ​ធ្លាក់​ទៅ​លើ​ដី ហើយ​ខ្ញុំ​ក៏​បាន​រើស​មក​វិញ។ ប៉ុន្តែ​ រឿង​ហេតុ​នេះ​បាន​ក្រើន​រំឭក​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ស្តាប់​តាម​ការ​ដាស់​តឿន អំពី​អំពើ​ចោរ​កម្ម។

យើង​មិន​ចូល​ចិត្ត​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ដាស់​តឿន​គ្រប់​ពេល​វេលា​នោះ​ឡើយ ព្រោះ​យើង​គិត​ថា ការ​ប្រុង​ប្រយ័ត្ន និង​គិត​អំពី​គ្រោះ​ថ្នាក់​គ្រប់​ពេល ធ្វើ​ឲ្យ​យើង​មិន​អាច​អរ​សប្បាយ​នឹង​ជីវិត ប៉ុន្តែ ​ការ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ដាស់​តឿន ជា​ការ​ចាំ​បាច់។ ឧទាហរណ៍ ព្រះយេស៊ូវ​បាន​ប្រទាន​នូវ​ការ​ដាស់​តឿន​ដ៏​ច្បាស់​លាស់ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ចាត់​ពួក​សិស្ស​ទ្រង់ ឲ្យ​ទៅ​ប្រកាស អំពី​នគរ​ព្រះ​(ម៉ាថាយ ១០:៧)។ ព្រះអង្គ​មាន​បន្ទូល​ថា “អស់​អ្នក​ណា​ដែល​ទទួល​ថ្លែង​ប្រាប់​ពី​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​ខ្ញុំ​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ តែ​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក​ទេ នោះ​ខ្ញុំ​ក៏​មិន​ព្រម​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះវរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​ដែរ”(ខ.៣២-៣៣)។

យើង​មាន​ជម្រើស។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​អង្គ​សង្រ្គោះ​មួយ​អង្គ ដោយ​ក្តី​ស្រឡាញ់ ហើយ​មាន​ផែនការ សម្រាប់​ឲ្យ​យើង​បាន​នៅ​ក្នុង​ព្រះ​វត្ត​មាន​ទ្រង់​អស់​កល្ប​ជានិច្ច។ ប៉ុន្តែ បើ​យើង​ងាក​បែរ​ចេញ​ពី​ព្រះ យើង​សម្រេច​ចិត្ត​បដិសេធ​ព្រះ​បន្ទូល អំពី​សេចក្តី​សង្រ្គោះ និង​ជីវិត​ពិត ដែល​ព្រះ​អង្គ​ប្រទាន​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត នោះ​យើង​បាត់​បង់​ឱកាស​ទៅ​នៅ​ជា​មួយ​ព្រះ​អង្គ។​

ចូរ​យើង​ទុក​ចិត្ត​ព្រះ​យេស៊ូវ ជា​ព្រះ​ដែល​បាន​សម្រេច​ព្រះ​ទ័យ​សង្រ្គោះ​យើង ឲ្យ​រួច​ផុត​ពី​ការ​ដាច់​ចេញ​អស់​កល្ប​ជានិច្ច ពី​ព្រះ​ដែល​ស្រឡាញ់ និង​បង្កើត​យើង។​—Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles