ចុងបញ្ចប់ដ៏អស្ចារ្យ

ស្វាមី​ខ្ញុំ និង​កូន​ប្រុស​ខ្ញុំ​បាន​បើក​ទូរទស្សន៍ ចេញ​ពី​ប៉ុស្តិ៍​មួយ​ចូល​ប៉ុស្តិ៍​មួយ​ទៀត ដើម្បី​រក​មើល​ខ្សែ​ភាព​យន្ត​មួយ ហើយ​ក៏​បាន​ឃើញ​គេ​កំពុង​តែ​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ដែល​ពួក​គេ​ចូល​ចិត្ត។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​អរសប្បាយ​នឹង​ការ​ទស្សនា​ឈុត​ចុង​ក្រោយ ការ​ស្វែង​រក​ខ្សែ​ភាព​យន្ត​ក៏​បាន​ក្លាយ​ជា​ល្បែង​កម្សាន្ត។ ពួក​គេ​ក៏​រក​បាន​ខ្សែ​ភាព​យន្ត​៨​រឿង ដែល​ពួកគេ​ចូល​ចិត្ត។ ដោយ​មាន​ការ​នឿយ​ណាយ ខ្ញុំ​ក៏​បាន​សួរ​ពួក​គេ​ថា ហេតុ​អ្វី​ពួក​គេ​មិន​សម្រេច​ចិត្ត​មើល​ខ្សែ​ភាព​យន្ត​ពី​ដើម​ដល់​ចប់។ ស្វាមី​ខ្ញុំ​ក៏​បាន​និយាយ​ទាំង​អស់​សំណើច​ថា “តើ​នរណា​មិន​ចូល​ចិត្ត​ចុង​បញ្ចប់​ដ៏​អស្ចារ្យ”។​

ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​ថា ខ្ញុំ​ក៏​ទន្ទឹង​រង់​ចាំ​មើល​ចុង​បញ្ចប់​នៃ​សៀវភៅ ឬ​ខ្សែ​ភាព​យន្ត​ដែល​ខ្ញុំ​ចូល​ចិត្ត​ផង​ដែរ។ ខ្ញុំ​បាន​បើក​មើល​ព្រះ​គម្ពីរ​ប៊ីប​ត្រួស​ៗ ហើយ​ផ្តោត​ទៅ​លើ​តែ​ផ្នែក ឬ​រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ដែល​ហាក់​ដូច​ជា​ងាយ​ទទួល និង​ងាយ​យល់​ជាង​គេ។ ប៉ុន្តែ ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ប្រើ​ព្រះ​បន្ទូល​ទំាង​អស់​របស់​ព្រះ ដែល​អាច​ពឹង​ផ្អែក និង​អនុវត្ត​តាម​បាន ដើម្បី​កែ​ប្រែ​យើង ហើយ​បញ្ជាក់​ថា រឿង​របស់​ព្រះ​អង្គ​នឹង​បញ្ចប់​បាន​ល្អ សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ។

ព្រះ​គ្រីស្ទ​បាន​ប្រកាស​ថា ព្រះ​អង្គ​ជា “អាល់ហ្វា និង​អូមេហ្គា ជា​ដើម និង​ជា​ចុង”(វិវរណៈ ២២:១៣)។ ព្រះ​អង្គ​ប្រកាស​ថា រាស្រ្ត​ព្រះ​អង្គ និង​ទទួល​ជីវិត​អស់​កល្ប​ជា​មរតក​(ខ.១៤) ហើយ​បាន​ព្រមាន​អ្នក​ដែល​ហ៊ាន​បន្ថែម ឬ​បន្ថយ​សេចក្តី​ទំនាយ ក្នុង​ព្រះ​គម្ពីរ(ខ.១៨-១៩)។

យើង​ប្រហែល​មិន​ស្គាល់ ឬ​យល់​អ្វី​ៗ​ទំាង​អស់ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ឡើយ តែ​យើង​ពិត​ជា​ដឹង​ថា ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​ម្តង​ទៀត។ ព្រះ​អង្គ​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ។ ព្រះ​អង្គ​នឹង​បំផ្លាញ​បាប ធ្វើ​ឲ្យ​អ្វី​ៗ​ប្រែ​ជា​ត្រឹម​ត្រូវ និង​ថ្មី​ឡើង​វិញ ហើយ​គ្រង​រាជ្យ​ជា​ក្សត្រ​ដែល​មាន​ក្តី​ស្រឡាញ់​អស់​កល្ប​ជា​និច្ច។ នេះ​ជា​ចុង​បញ្ចប់​ដ៏​អស្ចារ្យ ដែល​នាំ​ទៅ​រក​ការ​ចាប់​ផ្តើម​ជា​ថ្មី​របស់​យើង!—Xochitl Dixon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles