សេចក្តីមេត្តា និងព្រះគុណ

មាន​ដើម​ផ្កា​ឈូករតន៍​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ​ដើម បាន​ឈរ​ដោយ​ខ្លួន​ឯង នៅ​ចំ​កណ្តាល​ផ្លូវជាតិ​ដ៏​ឯកោ​មួយ ដែល​មាន​ចម្ងាយ​ប្រហែល​១​ម៉ែត្រ ពី​ចំណែក​ផ្លូវ​សម្រាប់​បើក​លឿន។ ពេល​ខ្ញុំ​បើក​កាត់​តាម​នោះ អស់​ជា​ច្រើន​គីឡូ​ម៉ែត្រ មិន​ឃើញ​មាន​ដើម​ផ្កា​ឈូករតន៍​ដទៃ​ទៀត​សោះ ដូច​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​វា​បាន​លូត​លាស់​តែ​ឯង​យ៉ាង​ដូច​ម្តេច? មាន​តែ​ព្រះ​ទេ​ដែល​អាច​បង្កើត​រុក្ខ​ជាតិ ដ៏​រឹង​មាំ​យ៉ាង​នេះ ដែល​អាច​លូត​លាស់ ក្នុង​ថ្ម​ប្រផេះ​នៅ​កណ្តាល​ថ្នល់ ជិត​ចំណែក​ផ្លូវ​ដែល​មាន​ចរាចរណ៍​ទៅ​មក។ នៅ​ទីនោះ​វា​បាន​លូត​លាស់​បាន​ល្អ ដោយ​យោល​ខ្លួន​តិច​ៗ តាម​ចរន្ត​ខ្យល់​បក់ ហើយ​បាន​ស្វាគមន៍​អ្នក​ដំណើរ​យ៉ាង​រីក​រាយ ខណៈ​ពេល​ដែល​ពួក​គេ​បើក​កាត់​តាម​នោះ។

កណ្ឌ​គម្ពីរ​សញ្ញាចាស់​បាន​ចែង​អំពី​ប្រវត្តិ​របស់​ស្តេច​យូដា ដ៏​ស្មោះ​ត្រង់​មួយ​អង្គ ដែល​បាន​ធ្វើ​នូវ​រឿង​ដែល​គេ​មិន​នឹក​ស្មាន​ដល់។ ព្រះ​បិតា និង​ឰយុកោ​ទ្រង់​បាន​បម្រើ​ព្រះ​ដទៃ ដោយ​ចិត្ត​ក្លៀវក្លា តែ បន្ទាប់​ពី​ស្តេច​យ៉ូសៀស​បាន​សោយ​រាជ​បាន​៨​ឆ្នាំ “កាល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ នោះ​ទ្រង់​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ ជា​ឰយុកោ​ទ្រង់”(១របាក្សត្រ ៣៤:៣)។ ទ្រង់​បាន​ចាត់​ពួក​ជាង​ឲ្យ​ទៅ “ជួស​ជុល​ព្រះ​វិហារ​ព្រះ​អម្ចាស់”(ខ.៨) ហើយ​គេ​ក៏​បាន​រក​ឃើញ​គម្ពីរ​ក្រឹត្យ​វិន័យ​(កណ្ឌ​៥​ដំបូង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ខ.១៤)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​បណ្តាល​ចិត្ត​ស្តេច​យ៉ូសៀស ឲ្យ​ដឹកនាំ​នគរ​យូដា​ទំាង​មូល ឲ្យ​វិល​ត្រឡប់​មក​រក​ជំនឿ នៃ​បុព្វបុរស​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​ក៏​បាន​បម្រើ​ព្រះ​អម្ចាស់ “ដរាប​ណា​ស្តេច​យ៉ូសៀស​នៅ​មាន​ព្រះ​ជន្ម”(ខ.៣៣)។

ព្រះ​នៃ​យើង​ជាម្ចាស់​នៃ​សេចក្តី​មេត្តា​ករុណា ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់។ ព្រះ​អង្គ​អាច​នាំ​ឲ្យ​ការ​ល្អ​ដ៏​អស្ចារ្យ កើត​មាន ​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ចេញ​ពី​ថ្ម​ដ៏​រឹង​នៃ​កាលៈទេសៈ​នៃ​ជីវិត ដែល​មិន​អំណោយ​ផល។ ចូរ​យើង​មើល​ទៅ​ព្រះអង្គ​ឲ្យ​បាន​ច្បាស់។ ព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង​ម្តង​ទៀត នៅ​ថ្ងៃ​នេះ។​—James Banks

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles