ថ្ងៃសុក្រ ជាថ្ងៃដើរផ្សា នៅក្នុងក្រុងដាច់ស្រយ៉ាលមួយ ក្នុងប្រទេសហ្កាណា ជាកន្លែងដែលខ្ញុំបានចម្រើនវ័យធំឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំនៅតែនឹកចាំអ្នកលក់ដូរតាមចិញ្ចើមផ្លូវម្នាក់។ ម្រាមដៃ និងម្រាមជើងគាត់ត្រូវមេរោគហង្សិន(ជំងឺឃ្លង់) ស៊ី បានជាគាត់តែងលត់ជង្គង់នៅលើកន្ទេល ហើយក៏បានដួសបន្លែផ្លែឈើរបស់គាត់នឹងវែកធ្វើពីផ្លែឃ្លោក រួចហុចឲ្យអ្នកទិញ។ អ្នកខ្លះបានដើរជៀសគាត់។ ម្តាយរបស់ខ្ញុំបានតាំងចិត្តថា នឹងទិញពីគាត់ឲ្យបានទៀងទាត់។ ខ្ញុំឃើញគាត់តែនៅថ្ងៃសុក្រប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏បានចេញទៅក្រៅក្រុងបាត់។
ក្នុងទឹកដីអ៊ីស្រាអែល នៅសម័យបុរាណ អ្នកកើតឃ្លង់ត្រូវរស់នៅក្រៅទីដំឡើងត្រសាល។ បានសេចក្តីថា ពួកគេក៏បានជួបភាពឯកោយ៉ាងកម្សត់ ។ ក្រឹត្យវិន័យរបស់ពួកអ៊ីស្រាអែលបានចែងថា “ពួកគេត្រូវរស់នៅម្នាក់ឯង”(លេវីវិន័យ ១៣:៤៦)។ នៅក្រៅទីដំឡើងត្រសាល ក៏ជាកន្លែងដែលគេយកតួខ្លួនគោសម្រាប់ថ្វាយយញ្ញបូជា មកដុតផងដែរ(៤:១២)។ នៅក្រៅទីដំឡើងត្រសាល មិនមែនជាកន្លែងដែលអ្នកចង់រស់នៅឡើយ។
ការពិតដ៏កំសត់នេះ បានជួយឲ្យយើងយល់អត្ថន័យ នៃបទគម្ពីរហេព្រើរ ជំពូក១៣ ដែលបានចែងអំពីព្រះយេស៊ូវថា “ហេតុនោះបានជាត្រូវឲ្យយើងរាល់គ្នាចេញទៅឯទ្រង់ នៅខាងក្រៅទីដំឡើងត្រសាលដែរ ទាំងផ្ទុកសេចក្តីដំនៀលរបស់ទ្រង់ចុះ”(ខ.១៣)។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង នៅក្រៅទីក្រុងយេរូសាឡិម ជាចំណុចដ៏សំខាន់ នៅពេលដែលយើងសិក្សា អំពីប្រព័ន្ធនៃការថ្វាយយញ្ញបូជារបស់សាសន៍ហេព្រើរ។
យើងចង់មានប្រជាប្រិយភាព ចង់បានការគោរព ចង់រស់នៅក្នុងជីវិតដែលស្រណុកស្រួល។ ប៉ុន្តែ ព្រះទ្រង់ត្រាស់ហៅយើង ឲ្យចេញទៅខាងក្រៅទីដំឡើងត្រសាល ជាកន្លែងនៃភាពអាប់ឱន។ ជាកន្លែងដែលអ្នកនឹងជួបអ្នកលក់ដូរតាមចិញ្ចើមថ្នល់ ដូចអ្នកជំងឺហង្សិន ដែលខ្ញុំធ្លាប់បានជួបជាដើម។ គឺនៅកន្លែងនោះហើយ ដែលយើងនឹងរកឃើញមនុស្ស ដែលលោកិយមិនរាប់រក។ តែក៏ជាកន្លែងដែលយើងនឹងរកឃើញព្រះយេស៊ូវផងដែរ។—Tim Gustafson