ភ្ញៀវមកស្នាក់នៅ ដែលគេមិននឹកស្មានដល់

លោក​សាខេ គឺ​ជា​មនុស្ស​ឯកោ។ ពេល​ដែល​គាត់​ដើរ​តាម​ផ្លូវ​ទីក្រុង គាត់​អាច​មាន​អារម្មណ៍​ដឹង​ថា គេ​កំពុង​តែ​សម្លក់​សម្លឹង​គាត់ ដោយ​ការ​ស្អប់​ខ្ពើម។ ប៉ុន្តែ ក្រោយ​មក ជីវិត​គាត់​មាន​ការ​ផ្លាស់​ប្តូរ។ លោក​ខ្លេមិន នៃ​ទីក្រុង​អ័ឡេចក្សានឌ្រា(Clement of Alexandria) ស្ថិត​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​ពួក​ជំនុំ​ដំបូង បាន​មាន​ប្រសាសន៍​ថា លោក​សាខេ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​គ្រីស្ទ​បរិស័ទ​ដែល​លេច​ធ្លោ​ខ្លាំង និង​ជា​គ្រូ​គង្វាល​នៃ​ពួក​ជំនុំ នៅ​ទីក្រុង​សេសារា។ ជា​ការ​ពិត​ណាស់ យើង​កំពុង​តែ​និយាយ អំពី​លោក​សាខេ ដែល​ជា​អ្នក​យក​ពន្ធ​ម្នាក់ ដែល​បាន​ឡើង​ដើម​ឈើ​ដើម្បី​មើល​ព្រះ​យេស៊ូវ​(លូកា ១៩:១-១០)។

តើ​មាន​អ្វី​ជំរុញ​ចិត្ត​គាត់ ឲ្យ​ឡើង​ដើម​ឈើ នៅ​ថ្ងៃ​នោះ? គេ​បាន​ចាត់​ទុក​ពួក​អ្នក​យក​ពន្ធ​ជា​ជន​ក្បត់​ជាតិ ព្រោះ​ពួកគេ​បាន​យក​ពន្ធ​ប្រជាជន​ខ្លួន​ឯង ច្រើន​ហួស​ហេតុ ដើម្បី​បម្រើ​ប្រយោជន៍​ចក្រ​ភព​រ៉ូម៉ាំង។ តែ​គេ​បាន​ឮ​ល្បី​ថា ព្រះយេស៊ូវ​បាន​រាប់​រក​ពួក​គេ។ លោក​សាខេ​ប្រហែល​ជា​ឆ្ងល់​ថា ព្រះ​យេស៊ូវ​នឹង​រាប់​រក​គាត់​ផង​ដែរ​ឬ​យ៉ាង​ណា​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ជា​មនុស្ស​មាន​កម្ពស់​ទាប មិន​អាច​មើល​ព្រះ​យេស៊ូវ​ឃើញ ក្នុង​ហ្វូង​មនុស្ស​បាន​ទេ(ខ.៣) បាន​ជា​គាត់​ឡើង​ដើម​ឈើ ដើម្បី​រក​មើល​ព្រះ​អង្គ។​

ហើយ​ព្រះយេស៊ូវ​ក៏​បាន​ស្វែង​រក​លោក​សាខេ​ផង​ដែរ។ ពេល​ដែល​ព្រះ​គ្រីស្ទ​បាន​យាង​ទៅ​ដល់​ដើម​ឈើ ដែល​គាត់​បាន​ឡើង​នោះ ទ្រង់​ងើប​ព្រះនេត្រ​ឡើង​ឃើញ ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក(លូកា ១៩:៥)។ ព្រះ​យេស៊ូវ​បាន​ចាត់​ទុក​ការ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មនុស្ស​ដែល​គេ​ស្អប់​ខ្ពើម ជា​រឿង​ដ៏​ចាំ​បាច់។ សូម​យើង​ស្រមៃ​អំពី​ព្រះ​អង្គ​សង្រ្គោះ​នៃ​ពិភព​លោក ដែល​សព្វ​ព្រះ​ទ័យ​នឹង​ចំណាយ​ពេល ជា​មួយ​មនុស្ស​ដែល​សង្គម​មិន​រាប់​រក។

ចិត្ត ទំនាក់ទំនង ឬ​ជីវិត​យើង​ប្រហែល​កំពុង​តែ​ត្រូវ​ការ​ការ​ជួស​ជុល ប៉ុន្តែ យើង​អាច​មាន​សេចក្តី​សង្ឃឹម ដូច​លោក​សាខេ​ផង​ដែរ។ ព្រះយេស៊ូវ​មិន​ដែល​បដិសេធ​យើង ពេល​ណា​យើង​ងាក​បែរ​មក​រក​ព្រះ​អង្គ។ ព្រះ​អង្គ​អាច​ស្អាង​ឡើង​វិញ នូវ​អ្វី​ដែល​បាន​បាត់​បង់ ឬ​បាក់​បែក ហើយ​ផ្តល់​ឲ្យ​ជីវិត​យើង នូវ​អត្ថ​ន័យ និង​គោល​បំណង​ថ្មី។—Poh Fang Chia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles