សិរីល្អបានវិលត្រឡប់មកវិញ

ក្នុង​សៀវភៅ​រឿង ទី​លំហ​ដ៏​ងោក​ងុយ ដែល​លោក​វ៉ាស៊ីនតុន អាយវីង(Washington Irving)បាន​និពន្ធ បាន​ដំណាល​អំពី​តួអង្គ​ឈ្មោះ អ៊ីកាបូឌ ក្រេន(Ichabod Crane) ជា​គ្រូ​បង្រៀន​ម្នាក់ ដែល​ព្យាយាម​ចែ​ចង់​ស្រ្តី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ កាទ្រីណា(Katrina) ដើម្បី​រៀប​ការ​ជា​មួយ​នាង។ សាច់​រឿង​ជា​គន្លឹះ​ក្នុង​រឿង​នេះ និយាយ​អំពី​ខ្មោច​កំបុត​ក្បាល​ជិះ​សេះ ដែល​បាន​លង​បន្លាច​មនុស្ស នៅ​ទី​ជន​បទ នៅ​សម័យ​អាណានិគម ក្នុង​ទឹក​ដី​អាមេរិក។ នៅ​យប់​មួយ លោក​អ៊ីកាបូឌ​ក៏​ជួប​ខ្មោច​កំបុត​ក្បាល​ជិះ​សេះ​នោះ ហើយ​ក៏​បាន​រត់​ចោល​ស្រុក ដោយ​ភាព​តក់​ស្លត់។ ចុង​បញ្ចប់​អ្នក​និពន្ធ​ក៏​បាន​បង្ហាញ​ដល់​ប្រិយមិត្ត​អ្នក​អាន​ឲ្យ​បាន​ដឹង​ច្បាស់​ថា តាម​ពិត “ខ្មោច​ជិះ​សេះ​នោះ” គឺ​ជា​គូ​ប្រជែង​របស់​លោក​អ៊ីកាបូឌ នៅ​ក្នុង​ការ​ចែ​ចង់​កញ្ញា​កាទ្រីណា ហើយ​បន្ទាប់​មក​ក៏​បាន​រៀបការ​ជា​មួយ​នាង។

អ៊ីកាបូឌ គឺ​ជា​ឈ្មោះ ដែល​គេ​បាន​ឃើញ​មាន ដំបូង​បំផុត ក្នុង​ព្រះ​គម្ពីរ​ប៊ីប ហើយ​ក៏​មាន​ប្រវត្តិ​ដ៏​ងងឹត​ផង​ដែរ។ ពេល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​មាន​សង្រ្គាម​ជា​មួយ​សាសន៍​ភីលីស្ទីន ពួក​គេ​ក៏​បាន​ដឹក​ហឹប​សញ្ញា​ចូល​ក្នុង​សមរភូមិ។ នេះ​ជា​ជម្រើស​ដ៏​អាក្រក់។ កង​ទ័ព​អ៊ីស្រាអែល​ក៏​បាន​រត់​គេច​ពី​សត្រូវ ហើយ​ពួក​ភីលីស្ទីន​ក៏​ដណ្តើម​បាន​ហឹប​សញ្ញា​ពី​ពួក​គេ។ លោក​ហុបនី និង​លោក​ភីនេហាស ជា​កូន​របស់​សម្តេច​សង្ឃ​អេលី ក៏​ត្រូវ​គេ​សម្លាប់​(១សាំយ៉ូអែល ៤:១៧)។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ លោក​អេលី​ក៏​បាន​ធ្លាក់​ចុះ​ពី​ជើងម៉ា​ស្លាប់​ភ្លាម​ៗ​ផង​ដែរ (ខ.១៨)។ ពេល​ដែល​ប្រពន្ធ​របស់​លោក​ភីនេហាស ដែល​ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ បាន​ទទួល​ដំណឹង​នេះ “នោះ​ស្រាប់​តែ​នាង​ចាប់​ឈឺ​ពោះ ហើយ​ឱន​ខ្លួន​សំរាល​កូន​មក​ភ្លាម”(ខ.១៩)។ មុន​នាង​ផុត​ដង្ហើម នាង​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​នោះ​ថា អ៊ីកាបូឌ(មាន​ន័យ​ត្រង់​ថា “គ្មាន​សិរីល្អ”)។ នាង​និយាយ​ថា “សិរីល្អ​បាន​ចេញ​ពី​ពួក​អ៊ីស្រាអែល​បាត់​ហើយ ពី​ព្រោះ​គេ​បាន​ចាប់​យក​ហិប​នៃ​ព្រះ​ទៅ”(ខ.២២)។

តែ​អរ​ព្រះ​គុណ​ព្រះ ដែល​បាន​បើក​បង្ហាញ​រឿង​ដែល​ធំ​ជាង​នេះ​ទៀត។ សិរីល្អ​របស់​ព្រះ​អង្គ ក៏​បាន​បើក​បង្ហាញ​ឡើង ក្នុង​អង្គ​ព្រះ​យេស៊ូវ។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ឯ​សិរីល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ”(យ៉ូហាន ១៧:២២)។

សព្វ​ថ្ងៃ​នេះ គ្មាន​នរណា​ដឹង​ថា ហឹប​សញ្ញា​នោះ​នៅ​ទីកន្លែង​ណា​ទេ ប៉ុន្តែ នេះ​មិន​មែន​ជា​បញ្ហា​នោះ​ទេ។ សិរីល្អ​របស់​ព្រះ​បាន​វិល​ត្រឡប់​មក​វិញ​ហើយ។ តាម​រយៈ​ព្រះ​យេស៊ូវ នោះ​ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​សិរីល្អ​របស់​ទ្រង់។​—Tim Gustafson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles