ដោយសារខ្ញុំឈឺក្បាលខ្លាំង ខ្ញុំក៏បានខកខានមិនបានចូលរួមកម្មវិធីថ្វាយបង្គំព្រះ ជាមួយគ្រួសារពួកជំនុំក្នុងតំបន់របស់ខ្ញុំ ជាថ្មីម្តងទៀត។ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការខកខានមិនបានថ្វាយបង្គំជាសហគមន៍ ដូចនេះ ខ្ញុំក៏បានមើលការអធិប្បាយព្រះបន្ទូលតាមអនឡាញ។ ពីដំបូង ការត្អូញត្អែរក្នុងចិត្តខ្ញុំ ធ្វើឲ្យបទពិសោធន៍ខ្ញុំមានភាពជូរចត់។ សម្លេង និងរូបភាពវីដេអូមិនច្បាស់នាំឲ្យមានការរំខានដល់ការមើលការអធិប្បាយតាមអនឡាញ។ ប៉ុន្តែ មានសម្លេងមួយក្នុងវីដេអូ ដែលបានធ្វើឲ្យខ្ញុំនឹកចំាអំពីបទទំនុកសកល ដែលខ្ញុំធ្លាប់ស្គាល់។ ទឹកភ្នែកខ្ញុំក៏បានហូរចុះមក ខណៈពេលដែលខ្ញុំច្រៀងថា “សូមទ្រង់បើកភ្នែកទូលបង្គំ ឱព្រះអម្ចាស់នៃចិត្តទូលបង្គំ។ គ្មានអ្វីសំខាន់ជាងព្រះអង្គ។ សូមឲ្យទូលបង្គំ បានគិតអំពីព្រះអង្គ ទាំងថ្ងៃយប់។ ទាំងពេលដើរ ឬពេលគេង សូមព្រះវត្តមានព្រះអង្គធ្វើជាពន្លឺទូលបង្គំ”។
ខ្ញុំក៏បានថ្វាយបង្គំព្រះអង្គ ខណៈពេលខ្ញុំកំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ ដោយផ្តោតទៅលើអំណាចនៃព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះអង្គ។
ព្រះគម្ពីរប៊ីបបាននិយាយបញ្ជាក់ អំពីសារៈសំខាន់នៃការថ្វាយបង្គំជុំគ្នា(ហេព្រើរ ១០:២៥) ប៉ុន្តែ យើងថ្វាយបង្គំព្រះអង្គ មិនមែនតែនៅក្នុងអគារព្រះវិហារប៉ុណ្ណោះឡើយ។ ក្នុងអំឡុងពេលព្រះយេស៊ូវសន្ទនាជាមួយស្រ្តីសាសន៍សាម៉ារី នៅក្បែរអណ្តូង ព្រះអង្គបានធ្វើឲ្យនាងឈប់មានការយល់ច្រឡំ អំពីព្រះមែស៊ី(យ៉ូហាន ៤:៩)។ ព្រះអង្គមិនបានថ្កោលទោសនាងនោះទេ តែផ្ទុយទៅវិញ ព្រះអង្គមានបន្ទូលនូវសេចក្តីពិត និងបង្ហាញក្តីស្រឡាញ់ដល់នាង ខណៈពេលដែលនាងកំពុងឈរនៅមាត់អណ្តូង(ខ.១០)។ ព្រះអង្គបានបើកបង្ហាញថា ព្រះអង្គស្គាល់កូនទ្រង់ ដោយភាពជិតស្និទ្ធ(ខ.១៧-១៨)។ ព្រះអង្គក៏បានប្រកាស អំពីភាពជាព្រះរបស់ព្រះអង្គ ហើយប្រកាសថា ព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្តរាស្រ្តទ្រង់ឲ្យមានការថ្វាយបង្គំដ៏ពិត គឺមិនមែនឲ្យថ្វាយបង្គំព្រះអង្គ តែមួយកន្លែងនោះទេ(ខ.២៣-២៤)។
ពេលណាយើងផ្តោតទៅលើសេចក្តីពិតដែលថា ព្រះទ្រង់ជានរណា បានធ្វើអ្វី និងសន្យាអ្វីខ្លះ នោះយើងអាចអរសប្បាយនឹងព្រះវត្តមានដ៏ស្ថិតស្ថេររបស់ទ្រង់ ខណៈពេលដែលយើងថ្វាយបង្គំព្រះអង្គ ជាមួយអ្នកជឿដទៃទៀត ក្នុងបន្ទប់ទទួលភ្ញៀវ …និងគ្រប់ទីកន្លែង!—Xochitl Dixon