បន្ទាប់ពីម្តាយរបស់ខ្ញុំបានបាត់បង់ជីវិតភ្លាមៗ ខ្ញុំក៏មានចិត្តចង់ចែកចាយអត្ថបទប្លុកតាមអ៊ីនធឺណិត។ ខ្ញុំចង់សរសេរអត្ថបទ ដែលលើកទឹកចិត្តអ្នកអាន ឲ្យប្រើប្រាស់ពេលវេលា ដែលខ្លួននៅសល់ នៅលើផែនដីនេះ ដើម្បីធ្វើរឿងសំខាន់ៗ ក្នុងជីវិត។ ដូចនេះ ខ្ញុំក៏បានបើកមើលមេរៀនណែនាំ អំពីរបៀបចាប់ផ្តើមសរសេរអត្ថបទបង្ហោះប្លុកតាមអ៊ីនធឺណិត។ ខ្ញុំក៏បានរៀនអំពីប្រភេទវិបសាយដែលត្រូវប្រើ របៀបជ្រើសរើសចំណងជើង និងរបៀបសរសេរអត្ថបទដែលជំរុញចិត្ត។ ហើយនៅឆ្នាំ២០១៦ អត្ថបទប្លុកទីមួយរបស់ខ្ញុំ ក៏បានចាប់កំណើត។
រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការណែនាំរបស់សាវ័កប៉ុល ដើម្បីទទួលបានជីវិតអស់កល្ប។ ក្នុងបទគម្ពីរ រ៉ូម ៦:១៦-១៨ គាត់បាននិយាយអំពីការពិតដែលថា យើងបានបះបោរទាស់នឹងព្រះ តាំងពីកំណើត(ជាមនុស្សមានបាប) ហើយក៏បានប្រៀបធៀបការពិតនេះ នឹងការពិតដែលថា ព្រះយេស៊ូវអាច “ជួយរំដោះយើងឲ្យរួចពីបាប”(ខ.១៨)។ សាវ័កប៉ុលបានពិពណ៌នា អំពីភាពខុសគ្នា រវាងការរស់នៅជាទាសករនៃអំពើបាប និងការរស់នៅជាបាវបម្រើរបស់ព្រះ និងផ្លូវរបស់ទ្រង់ ដែលនាំទៅរកជីវិត(ខ.១៩-២០)។ គាត់ក៏បាននិយាយទៀតថា “ឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច”(ខ.២៣)។ ត្រង់ចំណុចនេះ សេចក្តីស្លាប់គឺមានន័យថា យើងដាច់ចេញពីព្រះជារៀងរហូត។ នេះជាលទ្ធផលនៃសេចក្តីហិនវិនាស ដែលយើងនឹងជួប ពេលយើងបដិសេធព្រះគ្រីស្ទ។ ប៉ុន្តែ ព្រះទ្រង់ប្រទានអំណោយមួយ ក្នុងព្រះយេស៊ូវ គឺជីវិតថ្មី។ គឺជីវិតដែលចាប់ផ្តើមមាននៅលើផែនដី ហើយបន្តជារៀងរហូត នៅនគរស្ថានសួគ៌ ជាមួយព្រះអង្គ។
ការបង្រៀនរបស់សាវ័កប៉ុល អំពីរបៀបចាប់ផ្តើមជីវិតអស់កល្បជានិច្ច បានផ្តល់នូវជម្រើសពីរ។ តើយើងនឹងជ្រើសរើសយកអំពើបាប ដែលនាំទៅរកសេចក្តីស្លាប់ ឬរើសយកអំណោយរបស់ព្រះយេស៊ូវ ដែលនាំទៅរកជីវិតអស់កល្ប។ ចូរអ្នកទទួលអំណោយនៃជីវិតពីព្រះអង្គ ហើយបើអ្នកបានទទួលព្រះគ្រីស្ទហើយ អ្នកអាចចែករំលែកអំណោយនេះ ដល់អ្នកដទៃ នៅថ្ងៃនេះ។—Marvin Williams