នៅប្រទេសកូរ៉េខាងត្បូង គេបានបង្កើតកម្មវិធីបុណ្យសពសម្រាប់មនុស្សរស់ ដោយឥតគិតថ្លៃ។ ចាប់តាំងពីពេលដែលគេបានបើកកម្មវិធីនេះ នៅឆ្នាំ២០១២មក មានមនុស្សជាង២ម៉ឺន៥ពាន់នាក់ រាប់ចាប់តាំងពីក្មេងជំទង់ ដល់អ្នកដែលស្ថិតក្នុងវ័យចូលនិវត្តន៍បានរួមក្នុងពិធីបុណ្យសពសម្រាប់មនុស្សរស់ជាច្រើននាក់ ពួកគេបានចូលដេកក្នុងក្តារមឈូស ក្នុងពេលតែមួយ ដោយសង្ឃឹមថា នឹងធ្វើឲ្យជីវិតពួកគេមានភាពល្អប្រសើរឡើង តាមរយៈការពិចារណា អំពីការស្លាប់របស់ខ្លួន។ បុគ្គលិកដែលធ្វើការក្នុងកម្មវិធីនេះ និយាយថា “ពិធីបុណ្យសពក្លែងក្លាយនេះ ត្រូវបានគេប្រារព្ធឡើង ដើម្បីជួយអ្នកចូលរួម ឲ្យគិតអំពីភាពពិតនៃជីវិតរបស់ខ្លួន និងបណ្តាលចិត្តពួកគេឲ្យមានការដឹងគុណ ហើយជួយឲ្យមានការអត់ឱនទោស និងការផ្សះផ្សា ជាមួយសាច់ញាតិ និងមិត្តភក្តិរបស់ខ្លួន”។
ពាក្យសម្តីនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យនៃប្រាជ្ញា ដែលគ្រូបង្រៀនម្នាក់ បានចែងក្នុងកណ្ឌគម្ពីរសាស្តាថា “ដ្បិតមរណភាពជាចុងបំផុតរបស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់ នឹងយកចិត្តទុកដាក់ចំពោះសេចក្តីនោះ”(សាស្តា ៧:២)។ សេចក្តីស្លាប់បានរំឭកយើង អំពីភាពរួញខ្លីនៃជីវិតយើង ហើយរំឭកយើងថា ពេលវេលារបស់យើងមានកំណត់ សម្រាប់រស់នៅ និងស្រឡាញ់ឲ្យបានល្អ។ ការគិតអំពីសេចក្តីស្លាប់ ធ្វើឲ្យយើងបន្ធូរបន្ថយការក្តោបទុកនូវអំណោយល្អៗមកពីព្រះ ដែលមានដូចជា លុយកាក់ ទំនាក់ទំនង និងការសប្បាយ ហើយរំដោះយើងឲ្យមានអំណរ ក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលយើង “ប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង”(ម៉ាថាយ ៦:២០)។
កាលណាយើងនឹកចំាថា សេចក្តីស្លាប់អាចចូលមកគោះទ្វារជីវិតយើងនៅពេលណាក៏បាន នោះវាក៏បានជំរុញចិត្តយើង កុំឲ្យពន្យារពេល ក្នុងការទៅសួរសុខទុក្ខឪពុកម្តាយ ពន្យារពេលក្នុងការសម្រេចចិត្តបម្រើព្រះ តាមរបៀបណាមួយ ឬចំណាយពេលកាន់តែច្រើនជាមួយកូនៗ ដោយមិនផ្តោតទៅលើការងារច្រើនពេក។ ដោយជំនួយមកពីព្រះ នោះយើងអាចរៀនរស់នៅ ដោយប្រាជ្ញា។—Poh Fang Chia