
ការល្បងល ដើម្បីឲ្យលូតលាស់
ដោយWinn Collier
October 25, 2021
មានពេលមួយ ខ្ញុំបាននាំកូនប្រុសទាំងពីរនាក់របស់ខ្ញុំឡើងភ្នំខូឡូរ៉ាដូ ហ្វូធីនន័រ ដែលមានកម្ពស់ ៤៧៦២ម៉ែត្រ។ ពេលនោះ ពួកគេអារម្មណ៍ថា ខ្វះទំនុកចិត្ត។ តើពួកគេអាចឡើងទៅដល់កំពូលភ្នំទេ? តើពួកគេអាចជម្នះបញ្ហាប្រឈមនៅក្នុងការឡើងភ្នំទេ? កូនពៅគេបានឈប់នៅតាមផ្លូវឡើង ដើម្បីសម្រាកឲ្យបាត់ហត់។ គាត់ប្រាប់ខ្ញុំម្តងហើយម្តងទៀតថា គាត់មិនអាចបន្តដំណើរទៅមុខទៀតបានទេ។ តែខ្ញុំជឿថា ការសាកល្បងនេះមានប្រយោជន៍ចំពោះពួកគេ ហើយខ្ញុំចង់ឲ្យពួកគេទុកចិត្តខ្ញុំ។ នៅសល់ចម្ងាយប្រហែល១គីឡូម៉ែត្រកន្លះទៀត ដល់កំពូលភ្នំហើយ តែកូនប្រុសខ្ញុំដែលត្អូញត្អែរថា មិនអាចឡើងទៅលើទៀតបាន ក៏មានកម្លាំងឡើងវិញ ហើយក៏បានឡើងទៅលើកំពូលភ្នំមុនយើង។ គាត់សប្បាយចិត្តណាស់ ដែលគាត់អាចទុកចិត្តខ្ញុំ សូម្បីតែក្នុងពេលដែលគាត់មានការភ័យខ្លាច។ ខ្ញុំមានការស្ញប់ស្ញែង ចំពោះទំនុកចិត្តដែលលោកអ៊ីសាក់មាន ចំពោះឪពុករបស់គាត់ ខណៈពេលដែលពួកគេឡើងភ្នំជាមួយគ្នា។ ជាងនេះទៅទៀត ខ្ញុំក៏មានការស្ងើចសរសើរ ចំពោះសេចក្តីជំនឿ ដែលលោកអ័ប្រាហាំមានចំពោះព្រះ ខណៈពេលដែលគាត់លើកកាំបិត ហៀបនឹងសម្លាប់កូនប្រុសគាត់ (លោកុប្បត្តិ ២២:១០)។ លោកអ័ប្រាហាំនៅតែស្តាប់បង្គាប់តាមព្រះ ទោះគាត់មានការភ័ន្តភាំង និងពិបាកចិត្តយ៉ាងណាក៏ដោយ។ ដោយសេចក្តីមេត្តាមកពីព្រះ ទេវតាមួយអង្គក៏បានឃាត់គាត់ថា “កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ”(ខ.១២)។ ត្រង់ចំណុចនេះ គឺបានបង្ហាញថា ព្រះទ្រង់មិនដែលសព្វព្រះទ័យឲ្យលោកអ័ប្រាហាំសម្លាប់លោកអ៊ីសាក់ឡើយ។ ខណៈពេលដែលយើងប្រៀបធៀបរឿងនេះ ជាមួយនឹងរឿងរបស់យើង ដោយការប្រុងប្រយ័ត្ន នោះយើងចាំបាច់ត្រូវកត់សំគាល់ដើមខ ដែលបានចែងថា “ព្រះទ្រង់ល្បងអ័ប្រាហាំ”(ខ.១)។ តាមរយៈការល្បងលនេះ លោកអ័ប្រាហាំក៏បានដឹងថា ខ្លួនគាត់បានទុកចិត្តព្រះច្រើនប៉ុណ្ណា។ គាត់ក៏បានរកឃើញព្រះទ័យទ្រង់ ដែលពេញដោយក្តីស្រឡាញ់ និងការផ្គត់ផ្គង់ដ៏អស្ចារ្យ។ ស្ថិតក្នុងពេលដែលមានការភ័ន្តភាំង ភាពងងឹត និងការល្បងល យើងអាចរៀនស្គាល់សេចក្តីពិត អំពីខ្លួនយើង និងអំពីព្រះ។ ហើយយើងថែមទាំងអាចរកឃើញថា ការល្បងលដែលយើងជួប នាំឲ្យយើងទុកចិត្តព្រះអង្គកាន់តែខ្លាំង។—Winn Collier
បទគម្ពីរប្រចាំថ្ងៃ
ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ។ លោកុប្បត្តិ ២២:១