នៅ​ប្រទេស​ស្រី​លង្កា ម៉ូតូ​កង់​បី “តុក តុក” ជា​ប្រភេទ​តាក់​ស៊ី ដ៏​ពេញ​និយម ដែល​បាន​ផ្តល់​នូវ​ភាព​ងាយ​ស្រួល និង​ភាព​រីក​រាយ​ដល់​មនុស្ស​ជាច្រើន ក្នុង​ការ​ធ្វើ​ដំណើរ។ អ្នកស្រី ឡរេន(Lorraine) ដែល​ជា​ពលរដ្ឋ នៅ​រដ្ឋ​ធានី​ខូឡុមបូ ក៏​បាន​ដឹង​ថា ម៉ូតូ​កង់​បី “តុក តុក” ក៏​ជា​កន្លែង​សម្រាប់​បេសកកម្ម​ផ្សាយ​ដំណឹង​ល្អ​ផង​ដែរ។  ថ្ងៃ​មួយ គាត់​បាន​ឡើង​ជិះ​តុក​តុក ហើយ​ក៏​បាន​ឃើញ​អ្នក​បើក​បរ​មាន​ភាព​រួស​រាយ ហើយ​គាត់​ក៏​មាន​ចិត្ត​រីក​រាយ ក្នុង​ការ​សន្ទនា​អ្នក​បើក​បរ​នោះ អំពី​ជំនឿ​សាសនា។ គាត់​ក៏​បាន​គិត​ថា លើក​ក្រោយ គាត់​នឹង​ជជែក​ជា​មួយ​អ្នក​បើក​បរ​នោះ អំពី​ដំណឹង​ល្អ​តែ​ម្តង។​

នៅ​ដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​រ៉ូម សាវ័ក​ប៉ុល​បាន​ប្រកាស​ថា “ព្រះ​ទ្រង់​បាន​ញែក​គាត់​ទុក សម្រាប់​ដំណឹង​ល្អ”(រ៉ូម ១:១)។ សម្រាប់​ពាក្យ​ដំណឹង​ល្អ ព្រះ​គម្ពីរ​ដើម​ភាសា​ក្រិក​ប្រើ​ពាក្យ evangelion  ដែល​មាន​ន័យ​ថា​ដំណឹង​ល្អ។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​តែ​និយាយ​ថា គោល​បំណង​ធំ​បំផុត​របស់​គាត់ គឺ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ។​

តើ​ដំណឹង​ល្អ ​គឺ​ជា​អ្វី? បទ​គម្ពីរ​រ៉ូម ១:៣ បាន​ចែង​ថា ដំណឹង​ល្អ​របស់​ព្រះ “និយាយ​អំពី​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ”។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រាប់​លោកិយ​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​អំពើ​បាប និង​សេចក្តី​ស្លាប់ ហើយ​ព្រះ​អង្គ​បាន​ជ្រើស​រើស​យើង ឲ្យ​ធ្វើ​ជា​អ្នក​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​អ្នក​ដទៃ។ នេះ​ជា​ការ​ពិត ដែល​យើង​គួរ​ទទួល​យក ដោយ​បន្ទាប​ខ្លួន។​

ការ​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ឯក​សិទ្ធិ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់ អ្នក​ជឿ​ព្រះ​យេស៊ូវ​ទំាង​អស់។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​ទ្រង់​មក​យើង ដើម្បី​ឲ្យ​យើង​នាំ​អ្នក​ដទៃ ឲ្យ​ទទួល​ជឿ​ព្រះ​អង្គ​(ខ.៥-៦)។ ព្រះ​ទ្រង់​បាន​ញែក​យើង​ទុក សម្រាប់​នាំ​ដំណឹង​ល្អ ដ៏​រំភើប​រីក​រាយ​នេះ ទៅ​ប្រាប់​មនុស្ស​នៅ​ជុំវិញ​យើង ទោះ​នៅ​លើ​តុកតុក ឬ​នៅ​ទីណា​ក៏​ដោយ។ ចូរ​យើង​ស្វែង​រក​ឱកាស ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ប្រាប់​អ្នក​ដទៃ អំពី​ដំណឹង​ល្អ ដែល​និយាយ​អំពី​ព្រះ​យេស៊ូវ។​—Asiri Fernando