កាលខ្ញុំកំពុងធ្វើការបម្រើ ក្នុងក្រុមថែទាំពួកជំនុំ ខ្ញុំមានតួនាទីអធិស្ឋាន សម្រាប់សំណូមពរអធិស្ឋាន ដែលគេបានកត់ក្នុងក្រដាស់ ក្នុងអំឡុងពេលកម្មវិធីថ្វាយបង្គំ។ ដែលមានដូចជា សំណូមពរអធិស្ឋាន អំពីសុខភាពរបស់អ៊ំស្រីម្នាក់ អំពីបញ្ហាហិរញ្ញវត្ថុរបស់ប្តីប្រពន្ធមួយគូ និងសូមឲ្យចៅប្រុសម្នាក់ស្គាល់ព្រះ។ ខ្ញុំកម្រនឹងបានឮគេប្រាប់ អំពីការឆ្លើយតបរបស់ព្រះ សម្រាប់ការអធិស្ឋានទំាងនេះ។ ភាគច្រើន អ្នកដែលសំណូមពរអធិស្ឋាន មិនបានប្រាប់ឈ្មោះឡើយ ហើយខ្ញុំក៏មិនបានដឹងថា ព្រះទ្រង់បានឆ្លើយតបពួកគេយ៉ាងណាដែរ។ ពេលខ្លះ ខ្ញុំឆ្ងល់ថា តើព្រះអង្គពិតជាកំពុងតែស្តាប់ការអធិស្ឋានរបស់ខ្ញុំឬទេ? តើមានអ្វីកើតឡើង ដោយសារការអធិស្ឋានរបស់ខ្ញុំឬទេ?
ក្នុងការរស់នៅ អ្នកជឿភាគច្រើនសួរថា “តើព្រះអង្គបានស្តាប់ឮខ្ញុំអធិស្ឋានឬទេ?” ខ្ញុំនឹកចាំថា ខ្ញុំធ្លាប់អធិស្ឋានដូចនាងហាណា ដោយទូលសូមព្រះអង្គប្រទានកូនម្នាក់ ហើយព្រះអង្គមិនបានឆ្លើយតប អស់រយៈពេលជាច្រើនឆ្នាំ។ ហើយខ្ញុំក៏ធ្លាប់អធិស្ឋានសូមឲ្យឪពុកខ្ញុំទទួលជឿព្រះ តែគាត់បានលាចាកលោកទៅ ដោយមិនបានបង្ហាញឲ្យយើងដឹងថា គាត់បានប្រែចិត្តទទួលជឿព្រះអង្គ។
ក្នុងប្រវត្តិសាស្រ្តដែលមានរយៈពេលរាប់ពាន់ឆ្នាំ ព្រះគម្ពីរបានកត់ទុក នូវព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ ដែលក្នុងនោះ ព្រះទ្រង់បានផ្ទៀងព្រះកាណ៌ស្តាប់ ពួកអ៊ីស្រាអែលដែលកំពុងស្រែកយំ ក្រោមការគាបសង្កត់ជាទាសករ(និក្ខមនំ ២:២៤) លោកម៉ូសេនៅភ្នំស៊ីណាយ(ចោទិយកថា ៩:១៩) លោកយ៉ូស្វេ នៅគីលកាល់(យ៉ូស្វេ ១០:១៤) នាងហាណា នៅពេលនាងទូលសូមកូនម្នាក់(១សាំយ៉ូអែល ១:១០-១៧) ស្តេចដាវីឌ ពេលទ្រង់ទូលសូមការរំដោះឲ្យរួចពីស្តេចសូល(២សាំយ៉ូអែល ២២:៧)។ បទគម្ពីរ ១យ៉ូហាន ៥:១៤ បានបញ្ជាក់កាន់តែច្បាស់ថា “បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម”។ ពាក្យ “ទទួលព្រម” គឺមានន័យថា ផ្តោតអារម្មណ៍ និងឆ្លើយតប តាមបំណងព្រះទ័យទ្រង់ បន្ទាប់ពីបានឮហើយ។
ខណៈពេលដែលយើងចូលចំពោះព្រះ នៅថ្ងៃនេះ ចូរយើងមានទំនុកចិត្តថា ព្រះកាណ៌ទ្រង់បានស្តាប់រាស្រ្តទ្រង់អធិស្ឋាន ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ព្រះអង្គតែងតែឮយើងទូលអង្វរ។—Elisa Morgan