ឡេសា(Leisa) ចង់ស្វែងរកវិធីតុបតែង ឲ្យមានភាពស្រស់ថ្លាឡើង ក្នុងរដូវស្លឹកឈើជ្រុះ ដែលមានការប្រារព្ធធ្វើពិធីបុណ្យហាឡូវីន។ ការតុបតែងជាច្រើន នៅរដូវស្លឹកឈើជ្រុះ ដែលនាងបានឃើញ ហាក់ដូចជាអបអរសេចក្តីស្លាប់ ជួនកាល តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល និងតក់ស្លត់។
ឡេសាក៏បានប្តេជ្ញាចិត្តប្រឆាំងនឹងភាពងងឹតនោះ ដោយមធ្យោបាយតូចៗ ដោយចាប់ផ្តើមសរសេរ អំពីរឿងដែលនាងចង់អរព្រះគុណព្រះ ដោយប្រើហ្វឺតសរសេរជាប់ នៅលើផ្លែល្ពៅមួយ។ ពន្លឺថ្ងៃគឺជាចំណុចទីមួយ ដែលនាងចង់អរព្រះគុណព្រះ បន្ទាប់មក នាងក៏បានសរសេរឈ្មោះភ្ញៀវដែលមកលេងផ្ទះនាង។ ត្រង់ចំណុចខ្លះមានលក្ខណៈគួរឲ្យអស់សំណើច។ ចំណុចខ្លះទៀត មានលក្ខណៈជាក់ស្តែង ដែលមានដូចជា ការអរព្រះគុណសម្រាប់ផ្ទះដ៏កក់ក្តៅ ឡានដែលដំណើរការ។ ចំណុចខ្លះមានភាពក្រៀមក្រំ ដោយនាងបានសរសេរឈ្មោះអ្នកដែលបានលាចាកលោកហើយ។ ដូចនេះ ពាក្យអរព្រះគុណដែលនាងបានសរសេរ ក៏បានហ៊ុមព័ទ្ធផ្លែល្ពៅនោះ គឺជាការតុបតែងដ៏មានន័យ សម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំនោះ។
បទគម្ពីរទំនុកដំកើង ជំពូក១០៤ បានផ្តល់ឲ្យនូវគំរូនៃការសរសេរដំកើងព្រះ សម្រាប់ការអ្វីដែលយើងងាយនឹងមើលរំលង។ គឺដូចដែលអ្នកនិពន្ធបានបន្លឺសម្លេងច្រៀងថា “ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំ ទឹកនោះហូរនៅកណ្តាលភ្នំ”(ខ.១០)។ ”ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វ ហើយបន្លែសំរាប់មនុស្ស”(ខ.១៤)។ ហើយព្រះអង្គថែមទាំងបានធ្វើឲ្យពេលយប់ មានភាពល្អ និងសក្តិសមផងដែរ។ “ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយ ជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក”(ខ.២០)។ ប៉ុន្តែ បន្ទាប់មក ថ្ងៃក៏បានរះឡើង មនុស្សក៏ចេញទៅធ្វើការ រហូតដល់ពេលល្ងាច(ខ.២២-២៣)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានសន្និដ្ឋានថា “កាលទូលបង្គំមាននៅៗឡើយ នោះនឹងច្រៀងសរសើរដល់ព្រះនៃទូលបង្គំ”(ខ.៣៣)។
ក្នុងពិភពលោក ដែលមិនដឹងអំពីរបៀបប្រឈមមុខដាក់សេចក្តីស្លាប់ សូម្បីតែការថ្វាយការសរសើរដំកើងតែបន្តិចបន្តួច ដល់ព្រះអាទិករ ក៏អាចបង្ហាញចេញនូវក្តីសង្ឃឹមដ៏ចែងចាំងផងដែរ។—Tim Gustafson