ជួយអ្នកដែលកំពុងជួបព្យុះភ្លៀង

មនុស្ស​ដែល​មាន​ចិត្ត​សន្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។ សុភាសិត ១១:២៥

ពេល​ដែល​អាជីវកម្ម​ខ្នាត​តូច​ជា​ច្រើន នៅ​រដ្ឋ​ថេនេស៊ី បាន​បិទ​ទ្វារ​ភ្លាម​ៗ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល នៃ​វីរូសកូវីត​១៩ ម្ចាស់​ហាង​ទាំង​ឡាយ​មាន​ការ​ព្រួយ​បារម្ភ​ អំពី​ការ​បង់​ថ្លៃ​ឈ្នួល​បុគ្គលិក​ ការ​បង់​ថ្លៃ​ជួល​ហាង និង​ការ​ឆ្លងកាត់​វិបត្តិ​នេះ។ គ្រូ​គង្វាល របស់​ព្រះ​វិហារ​មួយ នៅ​ក្បែរ​ទីក្រុង​ណាសវីឡ ក៏​បាន​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយ​បារម្ភ​នេះ ដោយ​ចាប់​ផ្តើម​រៃអង្គាស​ប្រាក់ សម្រាប់​ជួយ​ម្ចាស់​អាជីវ​កម្ម​ដែល​កំពុង​ជួប​ការ​លំបាក។​

លោក​គ្រូ​គង្វាល​ក៏​បាន​លើក​ទឹក​ចិត្ត​ព្រះវិហារ​ដទៃ​ទៀត ក្នុង​តំបន់ ឲ្យ​ចូល​រួម ក្នុង​កិច្ច​ប្រឹង​ប្រែង​នេះ ដោយ​ពន្យល់​ពួក​គេ​ថា “យើង​មិន​គិត​ថា យើង​អាច​អង្គុយ​ស្រណុក​ស្រួល នៅ​លើ​ប្រាក់​បម្រុង​សម្រាប់​ពេល​មាន​វិបត្តិ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត កំពុង​តែ​ជួប​រឿង​វិបត្តិ​នោះ​ឡើយ”។

ប្រាក់​បម្រុង​សម្រាប់​ពេល​មាន​វិបត្តិ គឺ​ជា​ប្រាក់​ដែល​គេ​បាន​ញែក​ទុក សម្រាប់​ពេល​ដែល​ចំណូល​ធម្មតា​មាន​ការ​ថយ​ចុះ នៅ​ពេល​ណា​មួយ ខណៈ​ពេល​ដែល​ប្រតិបត្តិ​ការណ៍​ចាំ​បាច់​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​គិត​អំពី​ខ្លួន​ឯង​ជា​មុន តែ​ព្រះ​គម្ពីរ​ប៊ីប​បាន​លើក​ទឹក​ចិត្ត​យើង មិន​គ្រាន់​តែ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ស្វែង​រក​វិធី​បម្រើ​អ្នក​ដទៃ និង​មាន​ចិត្ត​សប្បុរស​។

បទ​គម្ពីរ​សុភាសិត ជំពូក ១១ បាន​រំឭក​យើង​ថា “មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ”(ខ.២៤-២៥)។

តើ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ ក្នុង​ជីវិត​អ្នក នៅ​ថ្ងៃ​នេះ​ឬ​ទេ? ចូរ​មើល​ជុំវិញ​ខ្លួន​អ្នក ក្រែង​លោ​មាន​នរណា​ម្នាក់ កំពុង​តែ​ស្ថិត​ក្នុង​ព្យុះ​ភ្លៀង។  ព្រះ​ពរ​ដែល​ព្រះ​បាន​ប្រទាន​អ្នក ដោយ​ព្រះ​គុណ​ទ្រង់ នឹង​កើន​ឡើង​ជា​ពហុគុណ ពេល​ដែល​អ្នក​ចែក​រំលែក​ព្រះ​ពរ ដល់​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា។ ការ​មាន​ចិត្ត​សប្បុរស និង​បើក​ចំហ គឺ​ជា​វិធី​ដ៏​ប្រសើរ ដើម្បី​ផ្តល់​នូវ​ក្តី​សង្ឃឹម ដល់​អ្នក​ដទៃ និង​រំឭក​អ្នក​ដែល​កំពុង​ឈឺ​ចាប់​ថា ព្រះ​អង្គ​ស្រឡាញ់​ពួក​គេ។​—Cindy Hess Kasper

តើ​មាន​នរណា​ម្នាក់​មាន​ចិត្ត​សប្បុរស និង​បើក​ចំហ នៅ​ក្នុង​ការ​ចែក​រំលែក​ធន​ធាន​ដល់​អ្នក នៅ​ពេល​ណា​ខ្លះ? តើ​អ្នក​អាច​មាន​ចិត្ត​សប្បុរស​ដូច​នេះ សម្រាប់​នរណា​ម្នាក់ នៅ​ថ្ងៃ​នេះ ដោយ​របៀប​ណា?

ឱ​ព្រះ​ប្រកប​ដោយ​ព្រះ​គុណ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​ចិត្ត​ទន់​សន្តោស ចំពោះ​ការ​ខ្វះ​ខាត​របស់​អ្នក​ដទៃ ហើយ​បង្ហាញ​ទូល​បង្គំ នូវ​របៀប​ដែល​អាច​ចែក​រំលែក​ក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស​របស់​ព្រះ​អង្គ ដល់​ពួក​គេ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៣២-៣៣ និង ហេព្រើរ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles