អ្នកថ្វាយបង្គំ ដោយពិតត្រង់

ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត។ យ៉ូហាន ៤:២៣

ទីបំផុត​អ្នក​ស្រី អ៊ែននី ឌីឡាត(Annie Dillard ) ក៏​មាន​ឱកាស ទៅ​ទស្សនា​ព្រះវិហារ​នោះ។ នៅ​ក្នុង​ផ្នែក​ជ្រៅ​ជាង​គេ​នៃ​បន្ទប់​ក្រោម​ដី នាង​ក៏​បាន​ចុះ​ទៅ​ដល់​រូង​ភ្នំ​តូច​មួយ។ គេ​បាន​ដុត​ទៀន​ពេញ​កន្លែង​ដ៏​ចង្អៀត​នោះ ហើយ​ចង្កៀង​ដែល​គេ​ចង​ព្យួរ​ក៏​បាន​បញ្ចេញ​ពន្លឺ​ពី​កៀន​ជ្រុង។ នាង​ក៏​បាន​ឃើញ​រូប​ផ្កាយ​ធ្វើ​ពី​ប្រាក់ ដែល​មាន​១៤​ជ្រុង គ្រប​ពី​លើ​កម្រាល​ឥដ្ឋ​ធ្វើ​ពី​ថ្ម​ម៉ាប។  ដូចនេះ នាង​បាន​ទៅ​ដល់​រូង​ភ្នំ​ ​នៅ​ភូមិ​បេថ្លេហិម ដែល​គេ​បាន​ចាត់​ទុក​ជា​កន្លែង​ដែល​ព្រះ​គ្រីស្ទ​បាន​ប្រសូត។ តែ​អ្នក​និពន្ធ​រូប​នេះ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ដោយ​គាត់​ដឹង​ថា ព្រះ​ទ្រង់​មាន​ភាព​ធំ​ប្រសើរ​ជាង​កន្លែង​នោះ។​

ទី​កន្លែង​ដូចនេះ តែង​តែ​មាន​សារៈ​សំខាន់ នៅ​ក្នុង​រឿង​នៃ​សេចក្តី​ជំនឿ​របស់​យើង។ មាន​កន្លែង​មួយ​ទៀត ដែល​បាន​ឮ​និយាយ ក្នុង​ការ​សន្ទនា​រវាង​ព្រះ​យេស៊ូវ និង​ស្រ្តី​ម្នាក់ នៅ​ក្បែរ​មាត់​អណ្តូង។ កន្លែង​នោះ​ជា​ភ្នំ​គេរីស៊ីម(ចោទិយកថា ១១:២៩) ដែល​បុព្វបុរស​របស់​នាង​បាន​ទៅ​ថ្វាយ​បង្គំ​ព្រះ នៅ​ទី​នោះ (យ៉ូហាន ៤:២០)។ សាសន៍​សាម៉ារី​បាន​ចាត់​ទុក​ភ្នំ​នោះ ជា​កន្លែង​បរិសុទ្ធ គឺ​ខុស​ពី​សាសន៍​យូដា ដែល​ជឿ​ថា មាន​តែ​នៅ​ទីក្រុង​យេរូសាឡិម​ប៉ុណ្ណោះ ដែល​ការ​ថ្វាយ​បង្គំ​ព្រះ​អាច​កើត​មាន​ពិត​ប្រាកដ(ខ.២០)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូវ​បាន​ប្រកាស​ថា ការ​ថ្វាយ​បង្គំ​មិន​អាស្រ័យ​ទៅ​លើ​ទីកន្លែង​តែ​មួយ​ទៀត​ហើយ តែ​អាស្រ័យ​ទៅ​លើ​ព្រះ​អង្គ​វិញ។ គឺ​ដូច​ព្រះ​អង្គ​មាន​បន្ទូល​ថា “ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់ គេ​នឹង​ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត (ខ.២៣)”។ ស្រ្តី​នោះ​បាន​ប្រកាស​ថា នាង​​ជឿ​ព្រះ​មែស៊ី តែ​នាង​មិន​បាន​ដឹង​ថា នាង​កំពុង​និយាយ​ទៅ​កាន់​ព្រះ​អង្គ​នោះ​ឡើយ។ “ព្រះ​យេស៊ូវ​មាន​ព្រះបន្ទូល​ថា នោះ​គឺ​ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង”(ខ.២៦)។

ព្រះ​ទ្រង់​មិន​គង់​នៅ​តែ​លើ​ភ្នំ ឬ​កន្លែង​ណា​មួយ​នោះ​ទេ។ ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង គ្រប់​ទី​កន្លែង។ ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​ដ៏​ពិត ជា​រៀង​រាល់​ថ្ងៃ គឺ​ត្រូវ​ចូល​ទៅ​រក​បល្ល័ង្ក​ទ្រង់ ខណៈ​ពេល​ដែល​យើង​និយាយ​ថា “ឱ​ព្រះ​វរបិតា” ហើយ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង​ស្រាប់។—John Blasé

តើ​អ្នក​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ណា​ខ្លះ ពេល​ដែល​បាន​ដឹង​ថា ព្រះ​ជា​វិញ្ញាណ​តែង​តែ​មាន​ព្រះ​វត្ត​មាន​គង់​នៅ​ជា​មួយ​ជា​និច្ច? តើ​អ្នក​ចង់​សរសើរ​ដំកើង​ព្រះ​អង្គ សម្រាប់​ការ​អ្វី​ខ្លះ នៅ​ពេល​នេះ?

ឱ​ព្រះ​វរបិតា ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​គង់​នៅ​ជាប់​ជា​មួយ​ជា​និច្ច ទោះ​ទូល​បង្គំ​ទៅ​ទីណា​ក៏​ដោយ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ១៨-១៩ និង យ៉ាកុប ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles