ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ ដ្បិតសេចក្តីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ។ ទំនុកដំកើង ៦២:៥
ជួនកាល យើងពិបាកធ្វើតាមបំណងព្រះទ័យព្រះ។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យស៊ូទ្រាំទុក្ខលំបាក ដោយគ្មានការត្អូញត្អែ ឲ្យស្រឡាញ់មនុស្សដែលពិបាកស្រឡាញ់ ឲ្យស្តាប់តាមសម្លេងពីខាងក្នុង ដែលដាស់តឿនយើង មិនឲ្យធ្វើអ្វីមួយ ឬឲ្យបោះជំហានដែលយើងទៅកន្លែងដែលយើងមិនចង់ទៅជាដើម។ ដូចនេះ យើងត្រូវតែប្រាប់វិញ្ញាណយើង ពេញមួយថ្ងៃថា “ព្រលឹងខ្ញុំអើយ ចូរឯងស្តាប់ នៅឲ្យស្ងៀម ចូរធ្វើអ្វីដែលព្រះយេស៊ូវប្រាប់ឲ្យឯងធ្វើ”។
“ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ”(ទំនុកដំកើង ៦២:១)។ “ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ”(៦២:៥)។ ខទាំងពីរនេះស្រដៀងគ្នា តែមិនដូចគ្នានោះទេ។ ពីដំបូងស្តេចដាវីឌមានបន្ទូល អំពីព្រលឹងទ្រង់ បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ព្រលឹងទ្រង់។ “ការរង់ចាំ ដោយភាពស្ងាត់ស្ងៀម” បានបញ្ឆេះព្រលឹងទ្រង់ ឲ្យនឹកចាំ អំពីការសម្រេចចិត្តនោះ។
ស្តេចដាវីឌបានប្តេជ្ញាចិត្តថា នឹងរស់នៅក្នុងភាពស្ងាត់ស្ងៀម ដោយចុះចូលបំណងព្រះទ័យព្រះ យ៉ាងស្ងៀមស្ងាត់។ នេះក៏ជាការត្រាស់ហៅសម្រាប់យើងផងដែរ ព្រោះព្រះអង្គបានបង្កើតយើងមក សម្រាប់ការនេះឯង។ យើងនឹងមានសន្តិភាពក្នុងចិត្ត ពេលដែលយើងអធិស្ឋានអស់ពីចិត្តថា “សូមកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(លូកា ២២:៤២)។ នេះជាការត្រាស់ហៅទីមួយ និងខ្ពស់បំផុត ពេលដែលយើងយាងព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាប្រភេទនៃក្តីអំណរដ៏ជ្រាលជ្រៅបំផុតរបស់យើង។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានទូលថា “ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់” (ទំនុកដំកើង ៤០:៨)។
យើងត្រូវតែទូលសូមជំនួយមកពីព្រះ ដ្បិត “ក្តីសង្ឃឹមរបស់យើង នោះមកតែពីទ្រង់ទេ”(៦២:៥)។ ពេលណាយើងទូលសូមជំនួយមកពីព្រះអង្គ ព្រះអង្គនឹងជួយយើង។ ព្រះអង្គមិនដែលប្រាប់យើងឲ្យធ្វើអ្វី ដែលព្រះអង្គនឹងមិនធ្វើ ឬមិនអាចធ្វើនោះឡើយ។—David H. Roper
តើពេលណាអ្នកគិតថា អ្នកពិបាកធ្វើតាមបំណងព្រះទ័យព្រះ? តើអ្នកអាចរស់នៅ ដោយការចុះចូល យ៉ាងស្ងាត់ស្ងៀមដោយរបៀបណា?
ឱព្រះវរបិតា ទូលបង្គំមិនអាចស្គាល់បំណងព្រះទ័យទាំងអស់របស់ព្រះអង្គ តែសូមជួយទូលបង្គំឲ្យចុះចូលបំណងព្រះទ័យព្រះអង្គ។ សូមបង្រៀនទូលបង្គំឲ្យទុកចិត្តលើសេចក្តីល្អ និងភាពស្មោះត្រង់របស់ព្រះអង្គ។ សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តដែលចុះចូល។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២២-២៣ និង ១ពេត្រុស ១