ចិត្តដែលដឹងគុណ

ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ។ កូល៉ុស ៤:២

លោក​សេនេកា(Seneca) ជា​ទស្សនវិទូ​ដ៏​ល្បីល្បាញ នៅ​ចក្រ​ភព​រ៉ូម៉ាំង នៅ​សម័យ​បុរាណ​(ឆ្នាំ៤ មុន​គ.ស ដល់​ឆ្នាំ៦៥​នៃ​គ.ស)។ អធិរាជនី​មែសាលីណា(Messalina) បាន​ចោទ​ប្រកាន់​គាត់ ពី​បទ​ផិត​ក្បត់។ បន្ទាប់​ពី​ព្រឹទ្ធ​សភា​នៃ​ចក្រភព​រ៉ូម​បាន​កាត់​ទោស​លោក​សេនេកា​ប្រហារ​ជីវិត អធិរាជ​ក្លូឌាស​ក៏​បាន​និរទេស​គាត់​ទៅ​កោះ​ខ័រស៊ីកា ប្រហែល​ដោយ​សារ​ទ្រង់​សង្ស័យ​ថា នោះ​ជា​ការ​ចោទ​ប្រកាន់​ខុស។ ការ​លើក​លែង​ទោស​ប្រហារ​ជីវិត​នេះ ប្រហែល​ជា​បាន​នាំ​ឲ្យ​លោក​សេនេកា គិត​ដល់​ការ​ដឹង​គុណ នៅ​ពេល​ដែល​គាត់​សរសេរ​ថា “ឃាតករ អ្នក​ដឹក​នាំ​ផ្តាច់​ការ ពួក​ចោរ ពួក​មនុស្ស​កំផិត ពួក​ចោរប្លន់ ពួក​ប្រមាថ​ទី​បរិសុទ្ធ និង​ជន​ក្បត់​ជាតិ នៅ​សម័យ​ណា​ក៏​មាន​ដែរ តែ​គ្មាន​បទ​ឧក្រិដ្ឋ​អ្វី ដែល​អាក្រក់​ជាង​ការ​រមិល​គុណ​នោះ​ឡើយ”។​

សាវ័ក​ប៉ុល ជា​អ្នក​រស់​នៅ​សម័យ​លោក​សេនេកា ប្រហែល​ជា​យល់​ស្រប​មតិ​នេះ។ ក្នុង​បទ​គម្ពីរ​រ៉ូម ១:២១ គាត់​បាន​សរសេរ​ថា កត្​តាមួយ ក្នុង​ចំណោម​បុព្វហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ជាតិ​ធ្លាក់​ចុះ គឺ​ដោយសារ​ពួក​គេ​មិន​ព្រម​អរ​ព្រះ​គុណ​ព្រះ។ ពេល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូល៉ុស គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​បី​ដង ឲ្យ​អរ​ព្រះ​គុណ​ព្រះ។ គាត់​ថា យើង​គួរ​តែ “អរ​ព្រះ​គុណ​ព្រះ ឲ្យ​កាន់​តែ​ច្រើន​ឡើង” (កូល៉ុស ២:៧)។ ពេល​ណា​យើង​អនុញ្ញាត​ឲ្យ​សន្តិភាព​របស់​ព្រះ “គ្រប់​គ្រង​ចិត្ត​យើង” យើង​ត្រូវ​ឆ្លើយ​តប ដោយ​ការ​អរ​ព្រះ​គុណ(៣:១៥)។ តាម​ពិត ការ​អធិស្ឋាន​របស់​យើង​គួរ​តែ​មាន​លក្ខណៈ​អរ​ព្រះ​គុណ(៤:២)។

សេចក្តី​សប្បុរស​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង បាន​រំឭក​យើង អំពី​ការ​ពិត​ដ៏​អស្ចារ្យ​របស់​ជីវិត។ ព្រះ​អង្គ​មិន​គ្រាន់​តែ​សក្តិសម​នឹង​ទទួល​ក្តី​ស្រឡាញ់ និង​ការ​ថ្វាយ​បង្គំ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​សក្តិសម​នឹង​ឲ្យ​យើង​ថ្វាយ​ចិត្ត​ដែល​អរ​ព្រះ​គុណ។ អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ល្អ គឺ​សុទ្ធ​តែ​មក​ពី​ព្រះ​អង្គ(យ៉ាកុប ១:១៧)។

ដោយសារ​ការ​អ្វី​គ្រប់​យ៉ាង​ដែល​ព្រះ​គ្រីស្ទ​ប្រទាន ការ​អរ​ព្រះ​គុណ​ព្រះ​អង្គ​គួរ​តែ​កើត​ចេញ​ពី​ក្នុង​ចិត្ត​យើង ជា​ធម្មតា ដូច​ជា​ការ​ដក​ដង្ហើម។ ចូរ​យើង​ឆ្លើយ​តប ចំពោះ​អំណោយ​ដ៏​សប្បុរស​របស់​ព្រះ ដោយ​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ​ដល់​ព្រះ​អង្គ។​—Bill Crowder

តើ​មាន​ព្រះ​ពរ​អ្វី​ដែល​ធំ និង​ស្ថិត​ស្ថេរ​បំផុត ដែល​អ្នក​បាន​ទទួល​ក្នុង​ជីវិត​អ្នក? តើ​មាន​ព្រះ​ពរ​ប្រចាំ​ថ្ងៃ​ណា​ខ្លះ ដែល​អ្នក​បាន​ទទួល ហើយ​ច្រើន​តែ​ងាយ​នឹង​ភ្លេច?

ឱ​ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ដែល​ទូល​បង្គំ​មិន​បាន​អរ​ព្រះ​គុណ សម្រាប់​ព្រះ​ពរ​ដែល​ព្រះ​អង្គ​បាន​ប្រទាន។ សូម​ព្រះ​អង្គ​បង្កើត​ចិត្ត​ដែល​ដឹង​គុណ ដើម្បី​ឲ្យ​ទូល​បង្គំ​គោរព និង​សរសើរ​ដំកើង​ព្រះ​អង្គ សម្រាប់​ការ​គ្រប់​យ៉ាង ដែល​ព្រះ​អង្គ​បាន​ធ្វើ និង​កំពុង​ធ្វើ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៤-២៦ និង ១ពេត្រុស ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles