នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង។ ពួកចៅហ្វាយ ៦:១២
ដាយអ៊ែត អ៊ីមែន(Diet Eman) ជាយុវតីសាមញ្ញម្នាក់ ដែលមានការខ្មាសអៀនច្រើន។ នាងកំពុងតែមានទំនាក់ទំនងស្នេហា កំពុងធ្វើការងារ និងអរសប្បាយនឹងការចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ពេលដែលពួកអាឡឺម៉ង់បានឈ្លានពានចូលប្រទេសហូឡង់ នៅឆ្នាំ១៩៤០។ ក្រោយមក នាងបានសរសេរថា “ពេលដែលគ្រោះថ្នាក់កំពុងតែនៅមាត់ទ្វារផ្ទះរបស់អ្នក អ្នកមានការភ័យខ្លាច គឺស្ទើរតែដូចសត្វអូទ្រីស ដែលចង់កប់ក្បាលរបស់ខ្លួន នៅក្នុងដីខ្សាច់”។ តែដាយអ៊ែតគិតថា ព្រះទ្រង់កំពុងត្រាស់ហៅនាង ឲ្យប្រឆាំងនឹងពួកអាឡឺម៉ង់ ដែលកំពុងសង្កត់សង្កិនជនជាតិរបស់នាង ដោយរាប់បញ្ចូលទំាងការប្រថុយជីវិតស្វែងរកកន្លែងលាក់ខ្លួន សម្រាប់ជនជាតិយូដា និងអ្នកដទៃទៀតដែលគេកំពុងតាមចាប់ខ្លួន។ យុវតីដ៏រម្យទមនេះក៏បានក្លាយជាអ្នកប្រយុទ្ធដ៏ពូកែសម្រាប់ព្រះ។
យើងឃើញមានរឿងជាច្រើន ក្នុងព្រះគម្ពីរ ដែលស្រដៀងនឹងរឿងរបស់ដាយអ៊ែត គឺរឿងនៃការដែលព្រះប្រើតួអង្គដែលមិនទំនង ឲ្យបម្រើទ្រង់។ ឧទាហរណ៍ ទេវតានៃព្រះអម្ចាស់ បានលេចមកឲ្យលោកគេឌានឃើញ ហើយប្រកាសថា “នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង”(ពួកចៅហ្វាយ ៦:១២)។ តែលោកគេឌានហាក់ដូចជាមិនមានលក្ខណៈជាមនុស្សខ្លាំងពូកែនោះទេ។ គាត់បានបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន ដែលកំពុងសង្កត់សង្កិនប្រជាជនអ៊ីស្រាអែល នៅសម័យនោះ(ខ.១-៦,១១)។ គាត់បានចាប់កំណើតក្នុងពូជអំបូរម៉ាណាសេ ជាពូជអំបូរដែលអន់ខ្សោយជាងគេរបស់សាសន៍អ៊ីស្រាអែល ហើយគាត់ក៏ជាអ្នកតូចបំផុតក្នុងគ្រួសារគាត់(ខ.១៥)។ គាត់មានអារម្មណ៍ថា គាត់មិនសក្តិសមនឹងការត្រាស់ហៅរបស់ព្រះនោះទេ ហើយថែមទាំងបានទូលសូមទីសំគាល់មួយចំនួនពីព្រះអង្គទៀតផង។ តែព្រះអង្គនៅតែប្រើគាត់ ដើម្បីវាយបំបាក់សាសន៍ម៉ាឌាន ដែលជាសាសន៍ដ៏ព្រៃផ្សៃ(ជំពូក ៧0)។
ព្រះទ្រង់ទតឃើញលោកគេឌាន ជាមនុស្សពូកែក្លាហាន។ ដូចនេះ ព្រះអង្គក៏គង់នៅជាមួយយើង និងប្រទានសមត្ថភាពដល់យើង ដែលជាកូនស្ងួនភ្ងាទ្រង់ (អេភេសូរ ៥:១) ដូចលោកគេឌានផងដែរ ដោយប្រទានអ្វីៗដែលយើងត្រូវការ ដើម្បីរស់នៅសម្រាប់ព្រះអង្គ និងបម្រើព្រះអង្គ តាមមធ្យោបាយតូចធំ។—Alyson Kieda
តើមានតួអង្គណាទៀត ក្នុងព្រះគម្ពីរដែលព្រះបានប្រើ ទោះពួកគេមានភាពកម្សោយ ដើម្បីសម្រេចកិច្ចការថ្វាយព្រះអង្គ?
តើព្រះទ្រង់បាននាំអ្នក ចេញពីកន្លែងស្រណុកស្រួលយ៉ាងណាខ្លះ ដើម្បីបម្រើព្រះអង្គ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលមិនបានទតឃើញទូលបង្គំ ដូចដែលទូលបង្គំឃើញខ្លួនឯង។ សូមព្រះអង្គជួយទូលបង្គំឲ្យឃើញខ្លួនឯង ជាកូនស្ងួនភ្ងាព្រះអង្គ ដែលអាចធ្វើកិច្ចការតូចធំ បម្រើព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៧-២៩ និង ១ពេត្រុស ៣