នោះទ្រង់ក៏បែរព្រះភក្ត្រទៅឯជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ា។ ២ពង្សាវតាក្សត្រ ២០:២
កាលពីឆ្នាំ១៩៦៤ លោកជែក វេនបឺក(Jack Weinberg) ដែលជាអ្នកបរិស្ថានវ័យក្មេងបាននិយាយថា “ចូរកុំទុកចិត្តមនុស្ស ដែលមានអាយុលើស៣០ឆ្នាំ”។ នេះជាការនិយាយម៉ៃមកលើមនុស្សមួយជំនាន់ ដែលក្រោយមក បានធ្វើឲ្យលោកវេនបឺក ស្តាយក្រោយ។ ក្រោយមក គាត់ក៏បានក្រឡេកមកមើលរឿងនោះ ហើយនិយាយថា “វាជាអ្វីដែលខ្ញុំបាននិយាយ ដោយគ្មានការប្រុងប្រយ័ត្ន…ធ្វើឲ្យគេយល់ច្រឡំទាំងស្រុង”។
តើអ្នកធ្លាប់ឮពាក្យសម្តីមិនល្អ ដែលគេនិយាយសំដៅមកលើមនុស្សជំនាន់នេះឬទេ? គំនិតអវិជ្ជមានដែលមនុស្សមួយជំនាន់ មានមកលើមនុស្សមួយជំនាន់ទៀត អាចធ្វើឲ្យមានការខូចខាតទាំងសង្ខាង។ ជាការពិតណាស់ យើងមានមធ្យោបាយល្អជាងនេះ។
ស្តេចហេសេគាជាស្តេចល្អមួយអង្គ តែទ្រង់ខ្វះការយកព្រះទ័យទុកដាក់ចំពោះមនុស្សមួយជំនាន់ទៀត។ កាលស្តេចហេសេគា នៅក្មេង ទ្រង់មានជំងឺធ្ងន់ស្ទើរអស់ព្រះជន្ម(២ពង្សាវតាក្សត្រ ២០:១) ទ្រង់ក៏បានស្រែករកព្រះអម្ចាស់ សូមព្រះអង្គទុកជីវិតឲ្យទ្រង់(ខ.២-៣)។ ព្រះទ្រង់ក៏បានប្រទានពរឲ្យទ្រង់រស់នៅបាន១៥ឆ្នាំទៀត(ខ.៦)។
ប៉ុន្តែ ពេលដែលស្តេចហេសេគាបានទទួលដំណឹងដ៏គួរឲ្យភ័យខ្លាចមួយថា កូនចៅទ្រង់នឹងត្រូវគេចាប់ធ្វើជាឈ្លើយសឹក ទ្រង់មិនបានព្រះកន្សែងសោះឡើង(ខ.១៦-១៨)។ ទ្រង់មានបន្ទូលថា “បើមានសេចក្តីសុខសាន្ត និងសេចក្តីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ?”(ខ.១៩)។ ត្រង់ចំណុចនេះ ទ្រង់ហាក់ដូចជាគិតអំពីសុខមាលភាពទ្រង់ តែមិនបានបង្ហាញការព្រួយបារម្ភអំពីមនុស្សជំនាន់ក្រោយឡើយ។
ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យមានក្តីស្រឡាញ់ ដែលហ៊ានឆ្លងកាត់ខ្សែបន្ទាត់ដែលបំបែកបំបាក់យើង។ មនុស្សជំនាន់ចាស់ត្រូវការទស្សនៈ និងភាពប៉ិនប្រសប់ថ្មីៗរបស់មនុស្សជំនាន់ថ្មី ហើយមនុស្សជំនាន់ថ្មីអាចទទួលផលប្រយោជន៍ពីប្រាជ្ញា និងបទពិសោធន៍របស់អ្នកជំនាន់មុន។ នេះមិនមែនជាពេលដែលត្រូវប្រើពាក្យជាន់ពន្លិចគ្នានោះទេ តែជាពេលផ្លាស់ប្តូរគំនិតទៅវិញទៅមក យ៉ាងប្រុងប្រយ័ត្ន។ យើងត្រូវគិតប្រយោជន៍រួម។—Tim Gustafson
តើអ្នកធ្លាប់មិនអើពើ ឬមិនគោរពអ្នកដទៃ ដែលស្ថិតក្នុងវ័យផ្សេងពីអ្នកយ៉ាងដូចម្តេចខ្លះ? តើអ្នកអាចប្រើអំណោយដែលព្រះប្រទានអ្នក ដើម្បីបម្រើពួកគេ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលមិនបានឲ្យតម្លៃអ្នកដទៃ ស្ថិតក្នុងជំនាន់ផ្សេងពីទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤៧-៤៨ និង ១យ៉ូហាន ៣