មនុស្សជំនាន់ខុសគ្នា

នោះ​ទ្រង់​ក៏​បែរ​ព្រះភក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​។ ២ពង្សាវតាក្សត្រ ២០:២

កាល​ពី​ឆ្នាំ១៩៦៤ លោក​ជែក វេនបឺក(Jack Weinberg) ដែល​ជា​អ្នក​បរិស្ថាន​វ័យ​ក្មេង​បាន​និយាយ​ថា “ចូរ​កុំ​ទុក​ចិត្ត​មនុស្ស ដែល​មាន​អាយុ​លើស​៣០​ឆ្នាំ”។ នេះ​ជា​ការ​និយាយ​ម៉ៃ​មក​លើ​មនុស្ស​មួយ​ជំនាន់ ដែល​ក្រោយ​មក បាន​ធ្វើ​ឲ្យ​លោក​វេនបឺក ស្តាយ​ក្រោយ។ ក្រោយ​មក គាត់​ក៏​បាន​ក្រឡេក​មក​មើល​រឿង​នោះ ហើយ​និយាយ​ថា “វា​ជា​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន…ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ​ទាំង​ស្រុង”។​

តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​សម្តី​មិន​ល្អ ដែល​គេ​និយាយ​សំដៅ​មក​លើ​មនុស្ស​ជំនាន់​នេះ​ឬ​ទេ​? គំនិត​អវិជ្ជមាន​ដែល​មនុស្ស​មួយ​ជំនាន់ មាន​មក​លើ​មនុស្ស​មួយ​ជំនាន់​ទៀត អាច​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ទាំង​សង្ខាង។ ជា​ការ​ពិត​ណាស់ យើង​មាន​មធ្យោបាយ​ល្អ​ជាង​នេះ។

ស្តេច​ហេសេគាជា​ស្តេច​ល្អ​មួយ​​អង្គ តែ​ទ្រង់​ខ្វះ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​មនុស្ស​មួយ​ជំនាន់​ទៀត។ កាល​ស្តេច​ហេសេគា នៅ​ក្មេង ទ្រង់​មាន​ជំងឺ​ធ្ងន់​ស្ទើរ​អស់​ព្រះ​ជន្ម​(២ពង្សាវតាក្សត្រ ២០:១) ទ្រង់​ក៏​បាន​ស្រែក​រក​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ទុក​ជីវិត​ឲ្យ​ទ្រង់​(ខ.២-៣)។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​ទ្រង់​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត​(ខ.៦)។

ប៉ុន្តែ ពេល​ដែល​ស្តេច​ហេសេគា​បាន​ទទួល​ដំណឹង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ថា កូន​ចៅ​ទ្រង់​នឹង​ត្រូវ​គេ​ចាប់​ធ្វើ​ជា​ឈ្លើយ​សឹក ទ្រង់​មិន​បាន​ព្រះ​កន្សែង​សោះ​ឡើង​(ខ.១៦-១៨)។ ទ្រង់​មាន​បន្ទូល​ថា “បើ​មាន​សេចក្តី​សុខសាន្ត និង​សេចក្តី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ?”(ខ.១៩)។ ត្រង់​ចំណុច​នេះ ទ្រង់​ហាក់​ដូច​ជា​គិត​អំពី​សុខមាលភាព​ទ្រង់ តែ​មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​មនុស្ស​ជំនាន់​ក្រោយ​ឡើយ។​

ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ក្តី​ស្រឡាញ់ ដែល​ហ៊ាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ដែល​បំបែក​បំបាក់​យើង។ មនុស្ស​ជំនាន់​ចាស់​ត្រូវ​ការ​ទស្សនៈ និង​ភាព​ប៉ិន​ប្រសប់​ថ្មី​ៗ​របស់​មនុស្ស​ជំនាន់​ថ្មី ហើយ​មនុស្ស​ជំនាន់​ថ្មី​អាច​ទទួល​ផល​ប្រយោជន៍​ពី​ប្រាជ្ញា និង​បទ​ពិសោធន៍​របស់​អ្នក​ជំនាន់​មុន។  នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​ប្រើ​ពាក្យ​ជាន់​ពន្លិច​គ្នា​នោះ​ទេ តែ​ជា​ពេល​ផ្លាស់​ប្តូរ​គំនិត​ទៅ​វិញ​ទៅ​មក យ៉ាង​ប្រុង​ប្រយ័ត្ន។ យើង​ត្រូវ​គិត​ប្រយោជន៍​រួម។​—Tim Gustafson

តើ​អ្នក​ធ្លាប់​មិន​អើពើ ឬ​មិន​គោរព​អ្នក​ដទៃ ដែល​ស្ថិត​ក្នុង​វ័យ​ផ្សេង​ពី​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ប្រើ​អំណោយ​ដែល​ព្រះ​ប្រទាន​អ្នក ដើម្បី​បម្រើ​ពួក​គេ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ ដែល​មិន​បាន​ឲ្យ​តម្លៃ​អ្នក​ដទៃ ​ស្ថិត​ក្នុង​ជំនាន់​ផ្សេង​ពី​ទូល​បង្គំ។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤៧-៤៨ និង ១យ៉ូហាន ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles