មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៎ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ។ ១យ៉ូហាន ៣:១
ពេលដែលមិត្តភក្តិខ្ញុំពិនិត្យមើលរូប ដែលខ្ញុំបានថតឲ្យនាង នាងបានចង្អុលបង្ហាញលក្ខណៈនៃរូបកាយរបស់នាង ដែលនាងគិតថា មិនគ្រប់លក្ខណៈ។ ខ្ញុំក៏បានស្នើនាងឲ្យមើលរូបនោះឲ្យជិត។ ខ្ញុំប្រាប់នាងថា ខ្ញុំមើលឃើញកូនស្រីដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ របស់ស្តេចលើអស់ទាំងស្តេចដ៏មានចេស្តា។ ខ្ញុំមើលឃើញមនុស្សដែលស្រឡាញ់ព្រះ និងអ្នកដទៃ ដោយចិត្តឆេះឆួល ដែលភាពសប្បុរស និងភាពស្មោះត្រង់ពិតប្រាកដរបស់នាង បាននាំឲ្យមានការផ្លាស់ប្តូរ ក្នុងជីវិតមនុស្សជាច្រើន”។ ពេលខ្ញុំឃើញទឹកភ្នែកនាងហូរចុះមក ខ្ញុំក៏បានប្រាប់នាងថា នាងត្រូវការមកុដមួយ! ក្រោយមក នៅពេលរសៀលថ្ងៃនោះ យើងក៏បានទិញមកុដដ៏ឥតខ្ចោះ ឲ្យមិត្តភក្តិម្នាក់នេះ ដើម្បីឲ្យនាងនឹកចាំអំពីអត្តសញ្ញាណពិតប្រាកដរបស់នាង។
ពេលណាយើងចូលមករកព្រះយេស៊ូវ ដោយផ្ទាល់ខ្លួន ព្រះអង្គបំពាក់មកុដឲ្យយើង ដោយក្តីស្រឡាញ់ ហើយហៅយើងថាកូនទ្រង់(១យ៉ូហាន ៣:១)។ ព្រះអង្គប្រទានយើងនូវអំណាច ដើម្បីស៊ូទ្រាំ ក្នុងជំនឿ ដើម្បីឲ្យ “យើងមានចិត្តក្លាហាន ឥតត្រូវការនឹងខ្មាសនៅចំពោះទ្រង់ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ”(២:២៨)។ ព្រះអង្គបានទទួលយកយើង ទោះយើងមានលក្ខណៈយ៉ាងណាក៏ដោយ តែទន្ទឹមនឹងនោះ សេចក្តីស្រឡាញ់ព្រះអង្គញែកយើងជាបរិសុទ្ធ ហើយកែប្រែយើងឲ្យមានលក្ខណៈដូចព្រះអង្គ(៣:២-៣)។ ព្រះអង្គជួយឲ្យយើងស្គាល់ថា យើងត្រូវការព្រះអង្គ ហើយប្រែចិត្ត ពេលណាយើងអរសប្បាយ ក្នុងអំណាចចេស្តាព្រះអង្គ ដើម្បីឲ្យយើងងាកចេញពីអំពើបាប(ខ.៧-៩)។ យើងអាចរស់នៅ ដោយការស្តាប់បង្គាប់ ដ៏ស្មោះត្រង់ និងក្តីស្រឡាញ់(ខ.១០) ដោយសេចក្តីពិតត្រង់ នៅជាប់ក្នុងចិត្តយើង ហើយព្រះវិញ្ញាណព្រះអង្គមានព្រះវត្តមានក្នុងជីវិតយើង។
មិត្តភក្តិខ្ញុំមិនពិតជាត្រូវការមកុដ ឬបូពាក់ពីលើសក់ នៅថ្ងៃនោះឡើយ។ តែយើងទាំងពីរត្រូវការការរំឭក ឲ្យនឹកចាំអំពីតម្លៃរបស់យើង ជាកូនជាទីស្រឡាញ់របស់ព្រះ។—Xochitl Dixon
តើអ្នកបានកំណត់អត្តសញ្ញាណខ្លួនឯង ដោយផ្អែកទៅលើកំហុសផ្ទាល់ខ្លួន និងបរាជ័យអ្វីខ្លះពីអតីតកាល? តើការដឹងថា ព្រះបានស្រឡាញ់ ជ្រើសរើស និងបំពាក់មកុដឲ្យអ្នក ធ្វើជាកូនទ្រង់ បានជួយអ្នក ឲ្យរស់នៅ ក្នុងភាពសុចរិត និងក្តីស្រឡាញ់ យ៉ាងដូចម្តេចខ្លះ?
ឱព្រះនៃក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការរំឭកទូលបង្គំថា ទូលបង្គំជានរណា ដោយផ្អែកទៅលើការពិត ដែលថា ទូលបង្គំជាកម្មសិទ្ធិរបស់ព្រះអង្គតែប៉ុណ្ណោះ។
To learn more about your own identity, visit ChristianUniversity.org/SF108.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ៤៥-៤៦ និង ១យ៉ូហាន ២