អត្តសញ្ញាណពិតប្រាកដ

មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៎ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ។ ១យ៉ូហាន ៣:១

ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ពិនិត្យ​មើល​រូប ដែល​ខ្ញុំ​បាន​ថត​ឲ្យ​នាង នាង​បាន​ចង្អុល​បង្ហាញ​លក្ខណៈ​នៃ​រូប​កាយ​របស់​នាង ដែល​នាង​គិត​ថា មិន​គ្រប់​លក្ខណៈ។ ខ្ញុំ​ក៏​បាន​ស្នើនាង​​ឲ្យ​មើល​រូប​នោះ​ឲ្យ​ជិត។ ខ្ញុំ​ប្រាប់​នាង​ថា ខ្ញុំ​មើល​ឃើញ​កូន​ស្រី​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់ របស់​ស្តេច​លើ​អស់​ទាំង​ស្តេច​ដ៏​មាន​ចេស្តា។ ខ្ញុំ​មើល​ឃើញ​មនុស្ស​ដែល​ស្រឡាញ់​ព្រះ និង​អ្នក​ដទៃ ដោយ​ចិត្ត​ឆេះ​ឆួល ដែល​ភាព​សប្បុរស និង​ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ​របស់​នាង បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន”។ ពេល​ខ្ញុំ​ឃើញ​ទឹក​ភ្នែក​នាង​ហូរ​ចុះ​មក ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា នាង​ត្រូវ​ការ​មកុដ​មួយ!  ក្រោយ​មក នៅ​ពេល​រសៀល​ថ្ងៃ​នោះ យើង​ក៏​បាន​ទិញ​មកុដ​ដ៏​ឥត​ខ្ចោះ ឲ្យ​មិត្ត​ភក្តិ​ម្នាក់​នេះ ដើម្បី​ឲ្យ​នាង​នឹក​ចាំ​អំពី​អត្ត​សញ្ញាណ​ពិត​ប្រាកដ​របស់​នាង។​

ពេល​ណា​យើង​ចូល​មក​រក​ព្រះ​យេស៊ូវ ដោយ​ផ្ទាល់​ខ្លួន ព្រះ​អង្គ​បំពាក់​មកុដ​ឲ្យ​យើង ដោយ​ក្តី​ស្រឡាញ់ ហើយ​ហៅ​យើង​ថា​កូន​ទ្រង់​(១យ៉ូហាន ៣:១)។ ព្រះ​អង្គ​ប្រទាន​យើង​នូវ​អំណាច ដើម្បី​ស៊ូទ្រាំ ក្នុង​ជំនឿ ដើម្បី​ឲ្យ “​យើង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ”(២:២៨)។ ព្រះ​អង្គ​បាន​ទទួល​យក​យើង ទោះ​យើង​មាន​លក្ខណៈ​យ៉ាង​ណា​ក៏​ដោយ តែ​ទន្ទឹម​នឹង​នោះ សេចក្តី​ស្រឡាញ់​ព្រះ​អង្គ​ញែក​យើង​ជា​បរិសុទ្ធ ហើយ​កែ​ប្រែ​យើង​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ​(៣:២-៣)។ ព្រះ​អង្គ​ជួយ​ឲ្យ​យើង​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះ​អង្គ ហើយ​ប្រែ​ចិត្ត ពេល​ណា​យើង​អរសប្បាយ ក្នុង​អំណាច​ចេស្តា​ព្រះ​អង្គ ដើម្បី​ឲ្យ​យើង​ងាក​ចេញ​ពី​អំពើ​បាប​(ខ.៧-៩)។ យើង​អាច​រស់​នៅ ដោយ​ការ​ស្តាប់​បង្គាប់ ដ៏​ស្មោះ​ត្រង់ និង​ក្តី​ស្រឡាញ់​(ខ.១០) ដោយ​សេចក្តី​ពិត​ត្រង់ នៅ​ជាប់​ក្នុង​ចិត្ត​យើង ហើយ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​មាន​ព្រះ​វត្ត​មាន​ក្នុង​ជីវិត​យើង។

មិត្ត​ភក្តិ​ខ្ញុំ​មិន​ពិត​ជា​ត្រូវ​ការ​មកុដ ឬ​បូ​ពាក់​ពី​លើ​សក់ នៅ​ថ្ងៃ​នោះ​ឡើយ។ តែ​យើង​ទាំង​ពីរ​ត្រូវ​ការ​ការ​រំឭក ឲ្យ​នឹក​ចាំ​អំពី​តម្លៃ​របស់​យើង ជា​កូន​ជាទី​ស្រឡាញ់​របស់​ព្រះ។​—Xochitl Dixon

តើ​អ្នក​បាន​កំណត់​អត្ត​សញ្ញាណ​ខ្លួន​ឯង ដោយ​ផ្អែក​ទៅ​លើ​កំហុស​ផ្ទាល់​ខ្លួន និង​បរាជ័យ​អ្វី​ខ្លះ​ពី​អតីត​កាល? តើ​ការ​ដឹង​ថា ព្រះ​បាន​ស្រឡាញ់ ជ្រើស​រើស និង​បំពាក់​មកុដ​ឲ្យ​អ្នក ធ្វើ​ជា​កូន​ទ្រង់ បាន​ជួយ​អ្នក ឲ្យ​រស់​នៅ ក្នុង​ភាព​សុចរិត និង​ក្តី​ស្រឡាញ់ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​ក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ការ​រំឭក​ទូល​បង្គំ​ថា ទូល​បង្គំ​ជា​នរណា ដោយ​ផ្អែក​ទៅ​លើ​ការ​ពិត ដែល​ថា ទូល​បង្គំ​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ។​

To learn more about your own identity, visit ChristianUniversity.org/SF108.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ៤៥-៤៦ និង ១យ៉ូហាន ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles